ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា «ការអនុម័តយកគំរូនៃការអភិវឌ្ឍដែលមានចីរភាពជាងមុននិងទស្សនៈវិស័យវែងឆ្ងាយ គឺជាវិធីតែមួយគត់ ដើម្បីដោះស្រាយការប្រឈម និងធ្វើឱ្យកម្ពុជាសម្រេចបានវឌ្ឍនភាពសេដ្ឋកិច្ច សង្គម និងបរិស្ថានមួយប្រកបដោយនិរន្តរភាព» ក្នុងគ្រាដែលឯកឧត្តមចូលជាអធិបតីក្នុងពិធីបើកនៃ «សិក្ខាសាលាទី៣ស្តីពីការគ្រប់គ្រងការអភិវឌ្ឍដោយចីរភាព» ដែលជាផ្នែកមួយនៃសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារបរិស្ថានឆ្នាំ២០១៨ របស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទីអង្គារ ៩រោច ខែមិគសិរ ព.ស. ២៥៦១ ត្រូវនឹងថ្ងៃ១២ ខែធ្នូ គ.ស. ២០១៧។

សិក្ខាសាលានេះរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានអ្នកចូលរួមសរុប២៣៤នាក់ អញ្ជើញមកពីក្រសួងស្ថាប័ន គ្រឹះស្ថានសិក្សា/ស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល និង
វិស័យឯកជន នៅភោជនីយដ្ឋានទន្លេបាសាក់២។

ជាទស្សនវិស័យសម្រាប់ការងារពេលអនាគត ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព គួរផ្តោតការយកចិត្តទុកដាក់ទៅលើអាទិភាពជាយុទ្ធសាស្ត្រ រួមមាន ការរៀបចំផែនការលំអិតនិងយុទ្ធសាស្រ្តពាក់ព័ន្ធនឹងគម្រោងទីក្រុងនិរន្តរភាព, ថាមពលនិរន្តរភាព, កម្មវិធីតម្រង់ទិសគោលនយោបាយសម្រាប់ការអភិវឌ្ឍបៃតង, ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ, ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ ការគ្រប់គ្រងចំណេះដឹង ការចងក្រងទិន្នន័យ ការចែករម្លែកនិងផ្លាស់ប្តូរព័ត៌មានស្តីពីធនធានជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជីវសុវត្ថិភាព, និងការសិក្សា និងស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាបៃតងនិងនវានុវត្ត។

សិក្ខាសាលាទី៣ស្តីពីការគ្រប់គ្រងការអភិវឌ្ឍដោយចីរភាពនឹងពិភាក្សាទៅលើទិដ្ឋភាពសំខាន់ចំនួន៤៖ ទិដ្ឋភាពទូទៅនៃកំណែទម្រង់អភិបាលកិច្ចបរិស្ថាន, ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា, ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ, និងការអភិរក្សជីវៈចម្រុះនិងជីវសុវត្ថភាព សរុបចំនួន១៤ប្រធានបទ។ ក្នុងនោះ ទិដ្ឋភាពទូទៅនៃកំណែទម្រង់អភិបាលកិច្ចបរិស្ថាននឹងផ្តោតទៅលើ សមិទ្ធផលនិងអាទិភាពចំពោះមុខរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ, សេចក្តីព្រាងយុទ្ធសាស្រ្តនិងផែនការសកម្មភាពបរិស្ថានជាតិ និងមូលដ្ឋានបនីយកម្មគោលដៅអភិវឌ្ឍន៍ដោយចីរភាពសម្រាប់វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព