រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកទឹកចិត្តឱ្យមានការសិក្សា និងអភិរក្សពូជកេសរកូលប្រភេទព្រៃនៅកម្ពុជាសម្រាប់ការសិក្សាស្រាវជ្រាវ និងជាគោលដៅនៃវិស័យទេសចរណ៍
ថ្ងៃ ព្រហស្បតិ៍, 25 តុលា, 2018នៅក្នុងពេលទស្សនកិច្ចលើគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នាខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវរកពូជ និងអភិរក្សកេសរកូល (អ័រគីដេ) បន្ថែមទៀត ព្រោះការសិក្សាបែបវិទ្យាសាស្ត្រអំពីកេសរកូលព្រៃកម្ពុជា នៅមានកម្រិតតិចតួចនៅឡើយ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជំរុញឱ្យក្រុមការងារអភិរក្សជីវៈចម្រុះ នៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ពង្រឹងកិច្ចសហការជាមួយដៃគូ ជាពិសេសជាមួយអ្នកសិក្សាស្រាវជ្រាវ និងអ្នកស្រាឡាញ់ធម្មជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី រួមជាមួយដៃគូរអភិវឌ្ឍន៍ ដើម្បីរៀបចំឱ្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅក្នុងខេត្តសៀមរាប ដែលគ្រោងសម្ពោធនៅពេលខាងមុខ លើផ្ទៃដីដំបូងជាង ៨២០ ហិចតា ពង្រីកការសិក្សាស្រាវជ្រាវលើកប្រភេទកេសរកូលប្រភេទថ្មីៗជាច្រើនផ្សេងទៀត ដែលកំពុងឋិតនៅតាមព្រៃនៃតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានណែនាំបន្ថែមដល់មន្រ្តីទទួលខុសត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងការគ្រប់គ្រងលើមជ្ឈមណ្ឌលតាមរយៈប្រមូលផ្តុំប្រភេទកេសរកូលប្រភេទព្រៃឱ្យបានច្រើនថែមទៀត ដើម្បីដំណើរការប្រកបដោយនិរន្តរភាព និងទាក់ទាញសម្រាប់ការសិក្សាស្រាវជ្រាវ និងជាគោលដៅនៃវិស័យទេសចរណ៍។
កេសរកូល ជាអំបូរដ៏ធំមួយនៅក្នុងរជ្ជរុក្ខជាតិ ដែលមានចំនួនរហូតដល់ជាង ២៥,០០០ ប្រភេទ ក្នុងនោះជាង១០,០០០ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិច។ ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃប្រភេទថ្មីៗរាប់រយប្រភេទ ត្រូវបានគេរកឃើញ និងដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។ នៅប្រទេសកម្ពុជា ក្រុមអ្នកសិក្សាស្រាវជ្រាវធនធានធម្មជាតិបានកត់ត្រាកេសរកូលនៅក្នុងដែនធម្មជាតិ បានចំនួនប្រមាណ៣០០ប្រភេទ។ នេះជាចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដែលបានសិក្សាមុនយើង រួមមាន ប្រទេសថៃមានជាង ១,៥០០ប្រភេទ វៀតណាមមានជាង ៧០០ប្រភេទ និងឡាវមានជាង៥០០ប្រភេទ។ បើផ្អែកលើកត្តាភូមិសាស្ត្រ សណ្ឋានដី និងអាកាសធាតុនៃប្រទេសកម្ពុជាដែលមានលក្ខណៈប្រហាក់ប្រហែលនឹងប្រទេសជិតខាងប្រទេសកម្ពុជា កេសរកូលព្រៃកម្ពុជាអាចមានចំនួនច្រើនជាង៥០០ប្រភេទប្រសិនបើយើងធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ដោយឡែក ក្នុងឆ្នាំ ២០១៦ មានកេសរកូលព្រៃចំនួន៨ប្រភេទត្រូវបានគេរកឃើញ និងកត់ត្រាជាកំណត់ត្រាថ្មីសម្រាប់កម្ពុជា។
ការសិក្សាបែបវិទ្យាសាស្ត្រអំពីកេសរកូលព្រៃកម្ពុជា នៅមានកំរិតតិចតួចនៅឡើយ ខណៈដែលកេសរកូលព្រៃនៅក្នុងដែនជម្រកធម្មជាតិបាន និងកំពុងតែទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈ ការកាប់ឆ្ការព្រៃដើម្បីធ្វើកសិកម្ម និងសកម្មភាពប្រមូលកេសរកូលព្រៃ ក្នុងគោលបំណង ធ្វើពាណិជ្ជកម្មខុសច្បាប់។ ដោយពិនិត្យឃើញនូវកត្តាទាំងអស់នេះ គួបផ្សំនឹងកង្វះខាតព័ត៌មានផ្នែកវិទ្យាសាស្រ្តទើបថា្នក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងកសិដ្ឋានផ្កា The Bloom Garden Greenhouse បានពិភាក្សាលើកជាសំណើគំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលព្រៃ ជូនថ្នាក់ដឹកនាំក្រសួងបរិស្ថានដើម្បីពិនិត្យ និងសម្រេច។ សំណើនេះទទួលបានការឯកភាព និងគាំទ្រដោយ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយជ្រើសយកភូមិសាស្រ្តភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលព្រៃភ្នំគូលែន។ ដើម្បីរំលឹកដល់គុណូបការៈរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលបានលះបង់ទាំងកំលាំងកាយ-ចិត្តក្នុងបុព្វហេតុការពារ និងអភិរក្សវប្បធម៌ និងធនធានធម្មជាតិ ទើប ក.ជ.អ.ច បានលើកសំណើសុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធនាមមជ្ឈមណ្ឌលនេះទៅជា “មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន” ជាភាសាអង់គ្លេសហៅថា “Sok An Phnom Kulen Orchid Research and Conservation Center” ដែលក្លាយជាមជ្ឈមណ្ឌលកេសរកូលជាតិទី១ នៃព្រះរាជាណាចក្រកម្ពុជា។
ការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន មានគោលបំណងសំខាន់ៗចំនួនបួន គឺ៖ 1)ការសិក្សាស្រាវជ្រាវ៖ កំណត់អត្តសញ្ញាណ ធ្វើសារពើភណ្ឌ និងកំណត់លក្ខណៈវិនិច្ឆ័យ និងមុខងារពិសេសនៃប្រភេទនីមួយៗ តាមបែបវិទ្យាសាស្រ្ត 2) ការអភិរក្ស៖ សង្រ្គោះ បង្កាត់ បណ្តុះ បន្សុទ្ធពូជ និងស្តារ ប្រភេទកេសរកូលព្រៃដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិឡើងវិញ ជាពិសេសសម្រាប់រក្សាពូជកេសរកូលព្រៃរបស់ជាតិ តាមរយៈការអភិរក្សក្រៅដែនធម្មជាតិ និងគាំទ្រដល់ការអភិវឌ្ឍដោយចីរភាព 3) ការអប់រំផ្សព្វផ្សាយ៖ ជាកន្លែងអប់រំ និងផ្សព្វផ្សាយ ស្តីពីប្រភេទ និងចំនួន នៃកេសរកូលព្រៃនៅកម្ពុជា 4)ការកំសាន្ត៖ ផ្តល់ទស្សនីយភាពកេសរកូលព្រៃធម្មជាតិ ទីកន្លែងលំហែរកាយ ទស្សនាធម្មជាតិ និងកំសាន្តនានា។
ទន្ទឹមនឹងនោះដែរ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងជាទីតាំងសម្រាប់៖ 1) រក្សា និងស្តារពូជកេសរកូលព្រៃរបស់កម្ពុជា 2)ប្រមូលផ្តុំសំណាករស់ នៃកេសរកូលព្រៃរបស់កម្ពុជា ៣)កំណត់ត្រា និងធ្វើសារពើភ័ណ្ឌអំពីភាពសម្បូរបែប នៃកេសរកូលព្រៃនៅកម្ពុជា ៤)ផ្តល់ឱកាសឱ្យអ្នកសិក្សាស្រាវជ្រាវអនុវត្តដោយផ្ទាល់តាមបែបវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ៥) ផ្តល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្ត ពីលក្ខណៈពិសេស និងផលប្រយោជន៍របស់កេសរកូលព្រៃនៅកម្ពុជា ដល់មនុស្សជំនាន់ក្រោយ ៦)ផ្សារភ្ជាប់ទំនាក់ទំនងរវាងធម្មជាតិ និងមនុស្ស (មនុស្ស និងធម្មជាតិរស់នៅប្រកបដោយសុខដុមរម្យនា) ៧)ផ្តល់សោភណ្ឌភាព កន្លែងកំសាន្ត និងក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិថ្មីមួយទៀតក្នុងតំបន់ភ្នំគូលែន ដែលអាចទាញយកចំណូលពីការចូលទស្សនារបស់ភ្ញៀវទេសចរ ៨)ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ និងសង្គម បង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈចំណូលពីភ្ញៀវទេសចរដែលមកទស្សនា ការលក់វត្ថុអនុស្សាវរីយ៍ ៩)ផ្តល់ឱកាសដល់អ្នកជំនាញជាតិ និងអន្តរជាតិ ដែលមានបំណងចង់ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍របស់ខ្លួន ក្នុងការអភិរក្សធនធានជីវៈចម្រុះ ជាពិសេសកេសរកូលព្រៃ។ ១០) ជាឱកាសក្នុងការកៀរគរថវិកា សម្ភារៈ និងបច្ចេកទេស ក្នុងការគ្រប់គ្រងធនធាន។
ក្នុងដំណាក់កាលដំបូង មជ្ឈមណ្ឌលបានសាងសង់សួនកេសរកូលព្រៃមានទំហំ ៨៧៥ ម៉ែត្រការ៉េ អាចផ្ទុកកេសរកូលព្រៃបានចំនួនយ៉ាងតិច ១៥,០០០ ទៅ២០,០០០ ដើម។ បច្ចុប្បន្ន មជ្ឈមណ្ឌលបានប្រមូល កេសរកូលព្រៃបាន ១៩ អំបូរ ស្មើនឹង ៤៤ ប្រភេទ ពីទូទាំងប្រទេសកម្ពុជា ក្នុងនោះមាន ១៩ប្រភេទ ត្រូវបានប្រមូលចេញពីឧទ្យានជាតិភ្នំគូលែន។ ក្រុមការងារនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបាននឹងកំពុងបន្តប្រមូលប្រភេទកេសរកូលព្រៃពីតំបន់ភ្នំគូលែន និងតំបន់ដទៃទៀតដើម្បីកត់ត្រា និងកំណត់អត្តសញ្ញាណបន្ថែមទៀត។
សូមបញ្ជាក់ថា កេសរកូលជាប្រភេទរុក្ខជាតិ ជាអំបូរដ៏ធំមួយនៅក្នុងរជ្ជរុក្ខជាតិ។ នៅលើពិភពលោក កេសរកូលមានចំនួនរហូតដល់ជាង ២៥,០០០ប្រភេទ ក្នុងនោះជាង១០,០០០ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិច។ ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃប្រភេទថ្មីៗរាប់រយប្រភេទ ត្រូវបានគេរកឃើញ និងដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។