Tap 1: អំពីគម្រោង

គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា

ពីខែមករា ឆ្នាំ ២០១៩ ដល់ខែធ្នូឆ្នាំ ២០២០

មូលហេតុកំណើនកាក់សំណល់រឹងនៅក្នុងប្រទេសកម្ពុជា 

សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និង កខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។

ការចោលសំណល់រឹងនៅទីលានចាក់សំរាម មានការកើនឡើង៥ដង ចាប់ពី ៣១៨,០០០ តោននៅឆ្នាំ ២០០៤ ដល់១.៧ លានតោនក្នុងមួយឆ្នាំនៅឆ្នាំ ២០១៨ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន នៅឆ្នាំ ២០១៩

 

ទីលានចាក់សំរាមទំាងអស់ក្នុងប្រទេសកម្ពុជានឹងមិនអាចបន្តផ្ទុកសំណល់រឹងបានទេ ប្រសិនជាសំណល់រឹងបន្តកើនឡើងក្នុងល្បឿនដូចសព្វថ្ងៃជាពិសេសនៅទីក្រុងធំៗមួយចំនួនដូចជា ក្រុងភ្នំពេញដែលផលិត សំរាម ជាមធ្យម ២,២១៦តោនជារៀងរាល់ថ្ងៃ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឆ្នាំ ២០១៨។

សំរាមជាច្រើនអាចកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ ប៉ុន្តែមានតែសំរាមជាង២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ

សំរាមក្នុងក្រុងប្រមាណជាង៩០% ត្រូវបានរកឃើញថា មានផ្ទុកសម្ភារៈដែលអាចកែច្នៃបាន ដូចជាកាកសំណល់សេរីរាង្គ (៥៥%) ប្លាស្ទិក (២១%) និងសំណល់ផ្សេងៗ។

ទោះបីជាយ៉ាងណាក៏ដោយ សំរាម ២០% តែប៉ុណ្ណោះដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញនាពេលបច្ចុប្បន្ន យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឆ្នាំ ២០១៨។ កាក់សំណល់ទំាងអស់ត្រូវបានប្រមូលដោយក្រុមហ៊ុនឯកជន ហើយយកទៅចាក់ចោលនៅទីលានចាក់សំរាម ដោយមិនមានបែងចែកសំណល់សម្រាប់កែច្នៃឡើងវិញ ឬប្រើប្រាស់ឡើងវិញឡើយ។ ហេតុផលចំបងស្តីពីបញ្ហានេះក៏ព្រោះតែចំណេះដឹងរបស់ប្រជាពលរដ្ឋកម្ពុជានៅមានកម្រិត លើការអនុវត្តវិធីសាស្រ្តទំាង៤ ក្នុងការកាត់បន្ថយប្លាស្ទិក (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និង កែច្នៃឡើងវិញ) រួមទំាងកម្រិតយល់ដឹងអំពីការកែច្នៃសំរាមឲ្យទៅជាថាមពលអគី្គសនី។

កំណើននៃការប្រើប្រាស់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិកក្នុងប្រទេសកម្ពុជា 

សព្វថ្ងៃ ការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងជាកំហុក គិតចាប់តំាងពីការនាំចូលប្លាស្ទិកមក ប្រទេសកម្ពុជាជាង ២៥ឆ្នាំមុន។ បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២, ០០០ ថង់ក្នុងមួយឆ្នាំ។ នៅក្នុងប្រទេសកម្ពុជា  បើតាមរបាយការណ៍របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ឆ្នាំ ២០១៩  ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ក្នុងមួយខ្នងផ្ទះប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមចំនួន១២ថង់ ក្នុងមួយថ្ងៃ  ហើយបរិមាណសំណល់ប្លាស្ទិកប្រមាណជា ៤៨% ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។  កំណើនបរិមាណសំណល់ប្លាស្ទិក បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវជម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។

សេដ្ឋកិច្ចចក្រាផ្តល់ដំណោះស្រាយដែលមានភាពច្នៃប្រឌិតមួយសម្រាប់គ្រប់គ្រងសំណល់។ សេដ្ឋកិច្ចចក្រាសំដៅលើប្រព័ន្ធដែលសម្ភារដែលប្រើប្រាស់រួច (ច្រើនជាងសម្ភារដែលប្រើរួចបោះចោល) ត្រូវបានប្រើប្រាស់ ឬ កែច្នៃប្រើប្រាស់ឡើងវិញ ដែលត្រូវបានចាត់ទុកថាជាធនធានដែលមានតម្លៃនៅក្នុងប្រព័ន្ធបិទជិតនេះ។ ប្រសិនបើជាគំនិតនេះត្រូវបានអនុវត្តក្នុងការគ្រប់គ្រងសំណល់ក្នុងប្រទេសកម្ពុជា ជំនួសឲ្យការបោះចោលសំរាម រាល់សំរាមទំាងអស់នឹងត្រូវធ្វើឲ្យក្លាយទៅជា ’ផលិតផលថ្មី ឬ ថាមពលអគ្គីសនី’​  ដែលត្រូវបានប្រើប្រាស់ ឬកែច្នៃប្រើប្រាស់ឡើងវិញ ហើយវានឹងជួយធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើង។

កាលពីខែ មករា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសចាប់ផ្តើមអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា “ជម្រុញបរិយាកាសដែលអំណោយផលដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា (ហៅកាត់ជាភាសាអង់គ្លេសថា BESD)”។ គោលបំណងមួយ ក្នុងចំណោមគោលបំណងនានានៃគម្រោង BESD គឺប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានដោយសារប្លាស្ទិកនៅកម្ពុជា តាមរយៈវិធីសាស្រ្ត​៤​យ៉ាង 4R (បដិសេធមិនប្រើប្រាស-Refuse កាត់បន្ថយ-reduce ប្រើប្រាស់ឡើងវិញ​-reuse និងកែច្នៃឡើងវិញ-recycle)។ គម្រោងនេះ ទទួលបានថវិកាឧបត្ថម្ភពីប្រទេសស៊ុយអែត និងការគាំទ្របច្ចេកទេសពីអង្គការ UNDP។

ជាមួយនឹងគោលដៅជាក់លាក់ គឺដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយសារប្លាស្ទិក គម្រោងនេះ អនុវត្តសកម្មភាពចំនួនដូចខាងក្រោម៖

  • ស្រាវជ្រាវពីបញ្ហាប្លាស្ទិក និងស្វែងរកដំណោះស្រាយ
  • រៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការគ្រប់គ្រងប្លាស្ទិកដែលប្រើប្រាស់បានតែម្តងរួចបោះចោល
  • បង្កើនការយល់ដឹងអំពីបញ្ហាប្រឈមដែលបង្កឡើងដោយប្លាស្ទិក  និងវិធានការក្នុងការកាត់បន្ថយកាប្រើប្រាស់ប្លាស្ទិក
  • កសាងសម្ព័ន្ធភាពជាមួយអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃប្លាស្ទិក
  • គាំទ្រដល់អាជីវកម្មដែលយកប្លាស្ទិកមកធ្វើការកែច្នៃឡើងវិញ

ដៃគូរក្នុងការអនុវត្តគម្រោង៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) ក្រសួងបរិស្ថាន និងគណៈកម្មាធិការ​ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

Tap 2: ការប្រើប្រាស់ និងផលិតកម្មប្លាស្ទិក

ប្លាស្ទិកមាននៅគ្រប់ទិសទីក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ផលិតកម្មប្លាស្ទិកជាច្រើន ពឹងអាស្រ័យលើធនធានមិនកកើតឡើងវិញ ដូចជា ហ្វូលស៊ីលអ៊ីដ្រូកាបោន សាយឡាលូស ធ្យូងថ្ម ឧស្ម័នធម្មជាតិ និងប្រេង ជា​ដើម។

ទូទាំងសកលលោកទាំងមូល បរិមាណប្លាស្ទិកសរុបកើនឡើងដល់ ៨,៣ ពាន់លានតោន ស្មើនឹងទម្ងន់ដំរី ១ពាន់លានក្បាល នៅឆ្នាំ២០១៥ ប៉ុន្តែមានតែប្លាស្ទិកប្រមាណជា ៩% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញបាន ហើយ ៩១% ទៀតត្រូវបានគេយកទៅចាក់នៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ។ ជារៀងរាល់ឆ្នាំ មានការផលិតប្លាស្ទិកមានបរីមាណប្រហែលជាជាង ៤០០ លានតោន។

ប្លាស្ទិកដែលប្រើតែម្តងរួចបោះចោលមានច្រើនប្រភេទ ដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម។ ការប្រើប្រាស់យ៉ាងទំលំទូលាយបែបនេះ គឺដោយ​សារ​តែភាពងាយស្រួយរកបាន មានតម្លៃថោក និងភាពជាប់បានយូររបស់វា ក៏ប៉ុន្តែប្លាស្ទិកទំាងនេះបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន។

បរិមាណប្លាស្ទិកនឹងកើនឡើងពី ៨,៣ ពាន់លានតោនក្នុងឆ្នាំ ២០១៥ រហូតដល់ ១២ ពាន់លានតោនក្នុងឆ្នាំ ២០៥០ ប្រសិនបើនិន្នាការនៃការប្រើប្រាស់ និងទម្លាប់គ្រប់គ្រងសំណល់ប្លាស្ទិកនាពេលបច្ចុប្បន្ននេះនៅតែបន្តទៅមុខទៀតបែបនេះ។

បញ្ហាធំបំផុតរបស់ប្លាស្ទិក គឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ។  សារធាតុប្លាស្ទិកទំាងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទិចប្លាស្ទិកតូចៗតែប៉ុណ្ណោះ។ កំទិសប្លាស្ទិកទំាងនោះបានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។

 កម្រិតនៃការបំបែកធាតុរបស់ប្លាស្ទិក  

ផលិតផលប្លាស្ទិក រយៈពេល (ឆ្នាំ)
កន្ទុយបារី ១០-១២
ថង់ប្លាស្ទិក ១០-២០
កែវកាហ្វេខ្ចប់យកតាមខ្លួន ៣០
កែវស្នោ ៥០
បំពង់បឺតប្លាស្ទិក ២០០
ប្រដាប់ដាក់ភេសជ្ជៈធ្វើពីប្លាស្ទិក ៤០០
ដបប្លាស្ទិក ៤៥០
កែវប្លាស្ទិក ៤៥០
កន្ទបកូនក្មែងដែលប្រើប្រាស់ហើយចោល ៥០០
ច្រាសដុសធ្មេញជ័រប្លាស្ទិក ៥០០
ខ្សែសន្ទូចជ័រប្លាស្ទិក ៦០០
សំឡីអនាម័យ ៥០០-៨០០

 

Tap 3: ផលប៉ះពាល់នៃប្លាស្ទិក

១.​ ការបំពុលដោយប្លាស្ទិក បង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានរបស់យើង 

សំណល់ប្លាស្ទិកអាចបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានជុំវិញ ជីវជម្រុះ សុខភាពមនុស្ស ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេស។

បង្កឲ្យមានទឹកជំនន់ដែលផ្តល់ផលវិបាក និងការខូចខាតធ្ងន់ធ្ងរ៖ 

សំណល់ប្លាស្ទិកអាចបង្កឲ្យមានទឹកជំនន់ ដោយសារតែវាធ្វើឱ្យស្ទះផ្លូវទឹក និងស្ទះលូទឹកស្អុយ និងប្រព័ន្ធបង្ហូរទឹក ដូចក្នុងករណីទឹកជំនន់នៅប្រទេសបង់ក្លាដែស។ កាលពីឆ្នាំ ២០០២ ប្រទេសបង់ក្លាដែស ក្លាយជាប្រទេសទី ១ នៅក្នុងពិភពលោក ដែលដាក់បម្រាមមិនឲ្យប្រើប្រាស់ថង់ប្លាស្ទិក ក្រោយពេលដែលថង់ប្លាស្ទិកធ្វើឱ្យស្ទះប្រព័ន្ធលូពេលគ្រោះទឹកជំនន់ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសនេះ។

ការបំពុលបរិស្ថានសមុទ្រដោយសារប្លាស្ទិក បង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ទន្លេ បឹងបួរ ជីវចម្រុះ និងមនុស្ស៖ 

បច្ចុប្បន្ននេះ សំរាមភាគច្រើននៅក្នុងសមុទ្ររបស់យើង គឺសំរាមប្លាស្ទិក។ ជារៀងរាល់ឆ្នាំ​ប្លាស្ទិក​ប្រមាណ ៨ លានតោន ហូរចូលទៅក្នុងសមុទ្រ ស្មើនឹងឡានដឹកសំរាមធំមួយពេញ រៀងរាល់មួយនាទីម្ដង។

សំណល់ប្លាស្ទិកក្នុងពិភពលលោកប្រមាណ ៩០% ត្រូវហូរចូលទៅក្នុងសមុទ្រតាមរយៈទន្លេធំៗចំនួន ១០។ ទន្លេចំនួន ៨ ក្នុងចំណោមទន្លេទាំង ១០ នេះ គឺឋិតនៅអាស៊ី ដែលក្នុងនោះ ទន្លេមួយ គឺទន្លេមេគង្គ។ ប្លាស្ទិកផ្លាស់ទីពីដីទៅក្នុងទន្លេ ដោយសារការបោះចោលទៅក្នុងទន្លេ ឬតាមរយៈខ្យល់បក់ ហើយចុងក្រោយ វាធ្លាក់ចូលទៅក្នុងសមុទ្រ។

នៅតំបន់សមុទ្រ ថនិកសត្វ ត្រី និងបក្សីជាច្រើន រងផលប៉ះពាល់ ដោយសារការស៊ីប្លាស្ទិក ឬជាប់ទាក់នឹងប្លាស្ទិក។ កន្លងមក មានសត្វសមុទ្រជាប់ទាក់នឹងសម្ភារប្លាស្ទិកចំនួនជាង ៣៤៤ករណី ដែលត្រូវបានរាយការណ៍។ ជារៀងរាល់ឆ្នាំ មានបក្សីសមុទ្រចំនួនជាង ១ លានក្បាល និងសត្វសមុទ្រ ចំនួន១០០.០០០ ក្បាលបាត់បង់ជីវិត ដោយសារច្រឡំស៊ីប្លាស្ទិកជាចំណី។ ប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម ក៏រងប៉ះពាល់ដោយសារទទួលរងការសឹករិចរិល និងការខូចខាតបង្កឡើងដោយសារឧបករណ៍នេសាទដែលធ្វើពីប្លាស្ទិកផងដែរ។

២. ការបំពុលដោយសារប្លាស្ទិក បង្កផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាពរបស់យើង 

 

ប្លាស្ទិកចូលទៅក្នុងខ្លួនរបស់មនុស្ស តាមរយៈត្រីដែលយើងបរិភោគ 

ប្លាស្ទិកភាគច្រើននៅក្នុងសមុទ្រ បំបែកធាតុបន្តិចម្តងៗជាកម្ទេចតូចៗ ដែលមានប្រវែងក្រោម ៥ មីលីម៉ែត្រ ដែលគេហៅថា “មីក្រូប្លាស្ទិក”។

បក្សី និងត្រីជាង ៩០% ត្រូវបានគេរាយការណ៍ថា មានផ្ទុកកំទិចប្លាស្ទិកតូចៗក្នុងពោះរបស់វា។ សារធាតុពុលទាំងនេះ កើនឡើងបន្តិចម្តងៗ និងហូរចូលមកក្នុងសង្វាក់អាហារពីត្រីទៅមនុស្ស។ ការស្រាវជ្រាវកាលពីពេលថ្មីៗនេះ បង្ហាញថា ខ្លួនមនុស្សដែលត្រូវបានពិនិត្យទាំង ១០ នាក់ សុទ្ធតែមានផ្ទុកមីក្រូប្លាស្ទិក។ ខណៈពេលផលប៉ះពាល់ដែលបង្កឡើងដោយសារប្លាស្ទិកមិនទាន់ត្រូវបានគេដឹងនៅឡើយ ការប្រមូលផ្ដុំសារធាតុគីមីបន្តិចម្តងៗក្នុងមីក្រូប្លាស្ទិកនេះ អាចបង្កបញ្ហានាំឱ្យអន្តរាយដល់សុខភាពនៅក្នុងរយៈពេលវែង។ ដោយសារតែប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជានៅទីជនបទជាង ៦០% បរិភោគត្រីតសម្រាប់ទទួលបានប្រូតេអ៊ីន នេះគឺជាបញ្ហាមួយដ៏មានសារៈសំខាន់។

ផ្សែងពុលពីការដុតប្លាស្ទិក អាចបង្កបញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីកផង

ជារឿយៗ នៅកម្ពុជា ប្លាស្ទិកត្រូវបានគេយកទៅដុតចោល។

ប្លាស្ទិកដែលត្រូវបានគេដុត ក៏បង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិផងដែរ ព្រោះថាវាបញ្ចេញសារធាតុគីមីដែលមានគ្រោះថ្នាក់ ដូចជា ឧស្ម័នកាបូនិក (CO2) ឌីអុក​ស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans)ជាដើម។ នៅពេលមនុស្សស្រូបយកសារធាតុគីមីទាំងនេះពីផ្សែង វាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម ហើយក៏អាចបង្កជំងឺមហារី។  ការបំភាយឧស្ម័នពុលពីការដុតប្លាស្ទិកទំាងនោះបានរួមចំណែកធ្វើឲ្យមានបំរែបំរួលអាកាសធាតុផងដែរ។

៣. ការចំណាយសេដ្ឋកិច្ចខ្ពស់ សម្រាប់សម្អាតការបំពុលដែលបង្កឡើងដោយប្លាស្ទិក

ការខូចខាតដល់សេដ្ឋកិច្ច ដែលបង្កឡើងដោយសំណល់ប្លាស្ទិកមានទំហំធំធេង។ នៅពេលដែលប្លាស្ទិកត្រូវបានចោលទៅក្នុងសមុទ្រ វាបង្កការខូចខាតដល់ជីវិតសត្វដែលរស់នៅក្នុងសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីដែលទាមទារឱ្យមានការធ្វើអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីសម្អាត ហើយការសម្អាតបែបនេះត្រូវការចំណាយដ៏ខ្ពស់។

ប្លាសិ្ទកមួយចំនួន មិនងាយយកមកធ្វើការកែច្នៃ ដើម្បីប្រើប្រាស់ឡើងវិញឡើយ  ហើយការសម្អាត ប្លាស្ទិកដែលប្រើប្រាស់បានតែម្តងរួចបោះចោលនៅក្នុងបរិស្ថាន ត្រូវការការចំណាយខ្ពស់ និងការប្រើប្រាស់ធនធានដ៏ច្រើន។ ការខូចខាតផ្នែកសេដ្ឋកិច្ចសរុប ដែលបង្កមកលើប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់ពិភពលោកដោយសារប្លាស្ទិក កើនឡើងដល់យ៉ាងហោចណាស់ ១៣ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

ផ្ទុយទៅវិញសំរាមប្លាស្ទិកអាចក្លាយជាវត្ថុមានតម្លៃក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិមានការកើនឡើង តាមរយៈការអនុវត្តសេដ្ឋកិច្ចចក្រា ដោយការកែច្នៃសំរាមប្លាស្ទិកទំាងនោះឲ្យទៅជាថាមពលអគ្គីសនី សម្ភារប្រើប្រាស់ឡើងវិញ និងកាត់បន្ថយការចំណាយក្នុងការទិញសម្ភារប្លាស្ទិកថ្មី។

៤. ប្រភេទប្លាស្ទិកផ្សេងៗ ដែលមានកម្រិតអាច ឬ មិនអាចកែច្នៃប្រើប្រាស់ឡើងវិញ 

ប្លាស្ទិកត្រូវបានបែងចែកជា ៧ ប្រភេទ ៖  ប្លាស្ទិកមួយចំនួន ងាយស្រួលកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញ ខណៈពេលដែលប្លាស្ទិកប្រភេទមួយចំនួនទៀត មិនងាយស្រួលយកមកកែច្នៃ ឬមិនអាចកែច្នៃបាន។

ល.រ ឈ្មោះប្លាស្ទិក ឧទាហរណ៍ អាចកែច្នៃបានឡើងវិញបានដែរឬទេ
១ ប៉ូលីអេអ៊ីលែន តេរ៉ែតហាលេត (Polyethylene Terephthalate)(PETE or PET) ដបទឹកដែលប្រើប្រាស់បានតែម្តង, កំប៉ុងភេសជ្ជៈ ដបដាក់ទឹកស្អាត និងដបដាក់ទឹកផ្លែឈើ បំពង់បឺត…។ល។ អាច
២ ប៉ូលីអេអ៊ីលែនដែលមានដង់ស៊ីតេខ្ពស់ (High-Density Polyethylene) (HDPE) ដបទឹកដោះគោ ដបសាប៊ូ ថង់ដាក់គ្រឿងទេស ប្រដាប់ក្មេងលេង កំប៉ុងដាក់ទឹកផ្លែឈើ កំប៉ុងសាប៊ូ និងលេបន្ទន់សក់ ថង់ដាក់សំរាម ដបសាប៊ូ  កំប៉ុងប្រេងម៉ាស៊ីនម៉ូតូ​។ល។ អាច
៣ ប៉ូលីវីនីល ក្លរាយដ៍ (Polyvinyl Chloride) (PVC) ថង់ដាក់គ្រឿងទេស ស្បែកជើង ចម្រឹងបង្អួច  បំពង់លូ ក្បឿង  បំពង់បង្ហូរទឹក ស៊ីហ្វុង​។ល។ អាច ប៉ុន្តែត្រូវទាក់​ទង​ទៅកាន់អ្នកកែច្នៃ
៤ ប៉ូលីអេអ៊ីលែនដែលមានដង់ស៊ីតេទាប (Low-Density Polyethylene) (LDPE) ថង់ខ្ចប់សាំងវ៉ិច ថង់ដាក់គ្រឿងទេស ថង់ដាក់អាហារកក កំប៉ុង គម្របកំប៉ុងដែលអាចបត់បាន cling wrap …។ល។ អាច ប៉ុន្តែត្រូវទាក់​ទង​ទៅកាន់អ្នកកែច្នៃ
៥ ប៉ូលីអេអ៊ីលែន (Polypropylene ) (PP) កន្ទបទារកធ្វើពីជ័រ កំប៉ុងទឹកដោះគោជូរ គម្របដប ពែង និងចានដែលប្រើហើយចោល កំប៉ុងដាក់ទឹកក្តៅ គ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ …។ល។ មិនអាច
៦ ប៉ូលីអេអ៊ីលែន (Polystyrene) ឬស្នោ (PS) ពែងកាហ្វេដែលប្រើហើយចោល ប្រអប់ដាក់អាហារធ្វើពីជ័រ ស្នោសម្រាប់វេចខ្ចប់ ស្លាបព្រាកាំបិតធ្វើពីជ័រ កញ្ចប់ សណ្ដែកដី …។ល។ មិនអាច
៧ ប្លាស្ទិកផ្សេងទៀត(ដូចជា ប៉ូលីកាបោនណេត (polycarbonate), ប៉ូលីឡាក់ថាយ (polylactide), អាក្រីលីក(acrylic), អាក្រីលុននីត្រាយ ប៊ុតាឌៀន (acrylonitrile butadiene), ស្ទីរ៉ែន (styrene), ហ្វាយបឺក្លាស(fiberglass), និងនីលូន (nylon)) ស៊ីឌី និងឌីវីឌីធ្វើពីជ័រ ដបទារក ដបទឹកធំៗដែលអាចដាក់ទឹកបានច្រើនលីត្រ ប្រអប់ដាក់ថ្នាំ វ៉ែនតា … ។ល។ មិនអាច

 

Tap 4: វិធីសាស្រ្តទំាង៤ ដែលអាចកាត់បន្ថយប្លាស្ទិក

ដំណោះស្រាយដែលល្អបំផុត ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការផលិតសំណល់ គឺត្រូវប្រើប្រាស់យុទ្ធសាស្រ្ត 4Rs+១៖

១. បដិសេធមិនប្រើប្រាស់ (Refuse)៖ រាល់ប្លាស្ទិកដែលប្រើបានតែម្តងទាំងអស់ ដូចជា បំពង់បឺត កែវ ថង់ ដប ប្រអប់ស្នោដាក់អាហារ ដែលធ្វើប្លាស្ទិក

២. កាត់បន្ថយ (Reduce)៖ ធ្វើការសម្រេចចិត្តទិញដែលមិនប៉ះពាល់ដល់បរិស្ថាន មុនពេលទិញផលិត​ផល​ប្លាស្ទិក

៣. ប្រើប្រាស់ឡើងវិញ (Reuse)៖ ប្រើប្រាស់ប្លាស្ទិកចាស់ ជាជាងទិញប្លាស្ទិកថ្មី

៤. កែច្នៃ (Recycle)៖ កែច្នៃ និងចោលប្លាស្ទិកប្រកបដោយការទទួលខុសត្រូវ ជានិច្ចកាលត្រូវប្រើធុងសំរាម

រំឭកឡើងវិញ (Remind)៖ រំឭកអ្នកដទៃទៀត អំពីភាពចាំបាច់ក្នុងការអនុវត្តតាមយុទ្ធសាស្រ្ត 4R និងការធ្វើសកម្មភាពដើម្បីកាត់បន្ថយប្លាស្ទិក

 

Tap 5: ចូលរួមដើម្បីកាត់បន្ថយប្លាស្ទិក 

តើអ្នកអាចធ្វើអ្វីបានខ្លះ ក្នុងការរស់នៅប្រចំាថ្ងៃរបស់អ្នកក្នុងការចូលរួមកាត់បន្ថយប្លាស្ទិក?

បញ្ហាប្លាស្ទិកនឹងត្រូវបានដោះស្រាយលុះត្រាតែមានការចូលរួមពីអ្នកទំាងអស់គ្នា។ ខាងក្រោមនេះជាវិធី៨ យ៉ាង ដែលអ្នកអាចចូលរួមកាត់បន្ថយប្លាស្ទិកជារៀងរាល់ថ្ងៃ

១. យកថង់ដែលអាចប្រើប្រាស់ឡើងវិញ ឬថង់បរិស្ថានតាមខ្លួនសម្រាប់ទិញទំនិញ ឬវេចខ្ទប់អាហារ

២. យកដបទឹកដែលអាចប្រើប្រាស់ឡើងវិញតាមខ្លួនជានិច្ច

៣. យកដប/កែវខ្លួនឯងមកប្រើប្រាស់ជាប្រចាំ

៤. ប្រើប្រាស់បំពង់បឺត ឬកំបិត ស្លាបព្រា សម ធ្វើពីសារធាតុដែលអាចរលាយក្នុងបរិស្ថាន

៥. វេចខ្ចប់អាហាររបស់អ្នក ដោយប្រើប្រាស់ប្រអប់ដែលប្រើប្រាស់ឡើងវិញ ឬសម្ភារមិនមែនប្លាស្ទិក

៦. ចៀសវាងទិញអាហារ ឬម្ហូបដែលវេចខ្ចប់ថង់ប្លាស្ទិកច្រើន

៧. បំពេញម្សៅសាប៊ូឡើងវិញនៅកន្លែងលក់ ដោយមិនបាច់ទិញដបសាប៊ូថ្មី

៨. ហ៊ាននិយាយ៖ ប្រាប់ទៅក្រុមហ៊ុន ភោជនីយដ្ឋាន និងសូម្បីតែមិត្តភក្តិរបស់អ្នកឱ្យដឹងថា អ្នកមិនចង់ប្រើប្រាស់ផលិតផលប្លាស្ទិកដែលអាចប្រើប្រាស់បានតែម្តងនោះឡើយ

តើអ្នកចង់ចូលរួមកាត់បន្ថយប្លាស្ទិកក្នុងសហគមន៍របស់អ្នកបន្ថែមទៀតទេ? ខាងក្រោមនេះជាតារាងឈ្មោះអង្គការនានាដែលសកម្មក្នុងការពិភាក្សាអំពីបញ្ហាប្លាស្ទិក

Plastic Free ក្នុងប្រទេសកម្ពុជា: https://plasticfreecambodia.com

Refill Asia កំពុងធ្វើការជាមួយអង្គការ និងស្ថាប័នផ្សេងៗទៀតដើម្បីប្រយុទ្ធនឹងការបំពុលប្លាស្ទិក។ សុមចូលទៅកាន់ https://refillasia.com

តើអ្នកអាចទិញទំនិញនៅកន្លែងណាដែលមិនមានប្រើប្រាស់ប្លាស្ទិក? 

នៅBabel Eco Shop Refill  អ្នកអាចយកដប ឬ ប្រអប់របស់អ្នកទៅកាន់ហាងនេះដើម្បីបំពេញសាប៊ូ ថ្នាំអប់សក់ សាប៊ូដុសខ្លួន ឡេលាបខ្លួន សាប៊ូបោកខោអាវ សាប៊ូលាងចាន ឬ ថ្នំាលាបការពារមូស ជំនួសឲ្យការទិញដបសាប៊ូថ្មី។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.facebook.com/babelecoshoprefill/

ប្រសិនបើអ្នកត្រូវការបំពង់បឺតដែលអាចប្រើប្រាស់ឡើងវិញបានដូចជា បំពង់បឺតឬស្សី ឬ បំពង់បឺតធម្មជាតិ ១០០% សូមចូលទៅកាន់ http://www.suckonthat.com/2018/

ប្រសិនបើអ្នកកំពុងប្រកបរបរអាជីវកម្មនានា ហើយត្រូវការថង់បរិស្ថាន សូមចូលទៅកាន់ Only One Planet ដែលផ្តល់ជូនផលិតផលបរិស្ថានជាច្រើនសម្រាប់អាជីវកម្ម ឬការប្រើប្រាស់ផ្ទាល់ខ្លួន។ សូមចូលទៅកាន់ https://onlyoneplanetkh.com/

សម្រាប់ជម្រើសផ្សេងទៀតក្នុងការទិញថង់បរិស្ថាន អ្នកអាចពិនិត្យនៅ Cleanbodia. ថង់បរិស្ថានរបស់ហាងនេះធ្វើពីដំឡូងឈើ ឬសបន្លែ នៅទូទំាងទ្វីបអាស៊ីអាគ្នេយ៏។ ថង់ ឬ កាបូបធ្វើពីដំឡូវឈើត្រូវការពេលតិចជាង៥ ឆ្នំាក្នុងការរលាយនៅក្នុងដី។ សូមចូលទៅកាន់ https://www.cleanbodia.com/

 

Tap 6: សកម្មភាពកំពុងធ្វើ 

ស្រាវជ្រាវពីបញ្ហាប្លាស្ទិក និងស្វែងរកដំណោះស្រាយ 

  • ស្រាវជ្រាវលើការប្រើប្រាស់ និងបោះចោលប្លាស្ទិក ហើយនឹងប្រភពនៃការបំពុលប្លាស្ទិកនៅក្នុងសមុទ្រ
  • ការវាយតម្លៃផលប៉ះពាល់ និងប្រសិទ្ធភាពនៃការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជាលេខ ១៦៨
  • យតម្លៃទៅលើភាពជោគជ័យនៃការហាមការប្រើប្រាស់បំពង់បឺតប្លាស្ទិក និងប្រអប់ស្នោដាក់អាហារ ហើយនិងសិក្សាលើសម្ភារៈដែលអាចជំនួសបាន

បង្កើតបទបញ្ញាត្តិលើការប្រើប្រាស់ប្លាស្ទិកតែម្តងរួចបោះចោល 

  • ផ្តល់អនុសាសន៍សម្រាប់ធ្វើឲ្យអនុក្រឹត្យលេខ ១៦៨ស្តីអំពីការគ្រប់គ្រងថង់ប្លាស្ទិកឲ្យមានការអនុវត្តកាន់តែប្រសើរឡើង
  • បង្កើតអនុក្រឹត្យថ្មីស្តីអំពីការហាមប្រើប្រាស់បំពង់បឺតប្លាស្ទិក និងប្រអប់ស្មោរដាក់អាហារ

បង្កើនការយល់ដឹងអំពីបញ្ហាប្រឈមដែលបង្កឡើងដោយសារប្លាស្ទិក  និងវិធានការដែលចាំបាច់

  • បង្កើតគម្រោងផ្សព្វផ្សាយ និងសម្ភារៈផ្សព្វផ្សាយនានាសម្រាប់ក្រសួងបរិស្ថាន
  • ធ្វើយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយប្លាស្ទិកតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និង សកម្មភាពផ្សព្វផ្សាយខាងក្រៅ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងប្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ
  • លើកកម្ពស់ការអនុវត្តរបស់ក្រសួងបរិស្ថានក្នុងការបឈ្ឈប់ការប្រើប្រាស់ប្លាស្ទិកតែម្តងរួចបោះចោល ធ្វើជាគំរូដល់ស្ថាប័នដទៃ

កសាងសម្ព័ន្ធភាពអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបង្កឡើងដោយប្លាស្ទិក

  • UNDP ជួយដល់ក្រសួងបរិស្ថាននៅក្នុងការកសាងភាពជាដៃគូជាមួយរដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងយុវជនលើការកាត់បន្ថយប្លាស្ទិក
    • ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាបនឹងបង្កើតវិធានការបទប្បញ្ញត្តិសម្រាប់ការប្រើប្រាស់ប្លាស្ទិកតែម្តងរួច បោះចោល និង ជំរុញការកែច្នៃប្លាស្ទិកប្រកបដោយភាពច្នៃប្រឌិត និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា
    • សកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងបដិសេធ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
    •  ស្ថាប័នឯកជននឹងគាំទ្រការកែច្នៃប្លាស្ទិក និងកែច្នៃសំរាមឲ្យទៅជាថាមពលអគ្គីសនី

គាំទ្រដល់អាជីវកម្ម គម្រោង ឬ គំនិតច្នៃប្រឌិតថ្មីៗ ដែលយកប្លាស្ទិកមកធ្វើការកែច្នៃឡើងវិញ

  • បង្កើតការអនុវត្តវិធានការថវិកាគោលដៅសម្រាប់សំណល់ប្លាស្ទិក សិរីរាង្គ និងសំណល់ផ្សេងៗ
  • គំាទ្របច្ចេកទេសទៅលើអាជីវកម្មដែលមានគំនិតច្នៃប្រឌិត ក្នុងការកែច្នៃសំណល់ក្នុងប្រទេសកម្ពុជា