ក្រសួងបរិស្ថាននឹងសម្របសម្រួល ចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពាន២កន្លែង ដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ស្ពានឈើទាំង២កន្លែងដែលត្រូវបានឆេះក្នុងខែកុម្ភៈនេះ គឺជាច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត។ ក្រសួងរិស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយ BeeTreed ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងដើម្បីចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

លោក នេត្រ ភក្រ្តា​ បានថ្លែងថា ក្រោយពីមានការពិភាក្សាពិគ្រោះយោបល់ជាមួយ សប្បុរសជនមួយចំនួនដែលមានសមានចិត្តក្នុងការចូលរួមកសាងស្ពាន ក្នុងតំបន់អភិរក្សនេះ ក្រសួងបរិស្ថាននឹងសម្របសម្រួលក្នុងការសាងសង់ស្ពានទាំងនេះឡើងវិញ ដែលនឹងធ្វើពីបេតុងដើម្បីចៀសវាងភ្លើងឆេះ ជាថ្មីម្តងទៀត។

សប្បុរជនដែលមានសមានចិត្តចូលរួមជួយកសាងស្ពានបេតុងក៏ដូចជា ជួយគាំទ្រដល់ក្រុមគ្រួសារលោក បេន ដាវីស នៅពេលនេះរួមមានលោកឧកញ៉ា ស្រី ចាន់ថន លោកឧកញ៉ា ហ៊ុន ជា រួមនឹងសប្បុរសជនផ្សេងទៀត។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមក្រសួងបរិស្ថាន យើងខ្ញុំសូមអរគុណដល់សប្បុរសជនទាំងឡាយ និងសូមស្វាគមន៍ចំពោះការចូលរួមវិភាគទានដ៏ថ្លៃថ្លា និងជាប្រយោជន៍សម្រាប់ការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនេះ។

ជាមួយនេះលោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់សប្បុរសជាផ្សេងទៀត ដែលមានសមានចិត្តស្រឡាញ់ធនធានធម្មជាតិ និងការងារអភិរក្សនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក អាចចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការងារនេះ។ លោកបញ្ជាក់ថា នេះជាទឹកចិត្តសប្បុរសធម៌ និងការចូលរួមចំណែកក្នុងការកសាងស្ពានសម្រាប់ការធ្វើដំណើរឆ្លងកាត់ក្នុងតំបន់នោះ ជាពិសេសគឺជាច្រកចេញចូលទៅទីតាំងដែលលោកបេន ដាវីស គ្រប់គ្រងអភិរក្សនិងសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិនៅតំបន់នោះ។

បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងខេត្តសៀមរាម មានទំហំផ្ទៃដីសរុប ៤២ ០៩៧ ហិកតាដែលក្នុងនោះលោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីចំនួនជាង៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិនិងជីវៈចម្រុះច្រើនប្រភេទ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ទន្ទឹមនឹងផ្តល់កិច្ចសហការអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាន និងសង្គមបានផ្តល់កញ្ចប់ថវិកាចំនួន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១៩មក ដើម្បីលោក បេន ដាវីស ប្រើប្រាស់ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្កសត្វព្រៃភ្នំត្នោតភ្នំពកនេះ។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្ពានចំនួន៤ ត្រូវបានភ្លើងឆេះបំផ្លាញដែលស្ពាននីមួយៗមានប្រវែងប្រមាណ៥០ ម៉ែត្រ ឬវែងជាងនេះក្នុងនោះស្ពានឈើចំនួន២ ត្រូវបានលួចដុតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ នេះ។ លោក នេត្រ ភក្ត្រា បានសម្តែងការសោកស្តាយដែលស្ពានជាទ្រព្យសម្បត្តិសាធារណៈត្រូវបានភ្លើងឆេះ។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត ស្វែងរកមូលហេតុឱ្យបានច្បាស់លាស់នៃការឆេះស្ពាននេះ ហើយបើមានអ្នកលួចដុត ត្រូវស្វែងរកមុខជនខិលខូចដែលលួចដុតស្ពានឈើនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ លោក ភក្រ្តា បានថ្លែងថា យើងនឹងមិនលើកលែងឱ្យជនល្មើល ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ៕

ព័ត៌មានបន្ថែម

ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
ថ្ងៃ សុក្រ, 21 វិច្ឆិកា, 2025 ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា, 2025 កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)
ថ្ងៃ ពុធ, 19 វិច្ឆិកា, 2025 កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)