នៅថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​ជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានដឹកនាំកិច្ចពិភាក្សាតុមូល​ស្តីពីការត្រៀមសម្រាប់បាតុភូតអែលនីញ៉ូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នរាជរដ្ឋាភិបាល អង្គទូត ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល ប្រមាណជា២០០នាក់។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីប្រធានអង្គប្រជុំបានលើកឡើងថា កិច្ចពិភាក្សាតុមូលនាថ្ងៃនេះបានតាមអនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការប្រុងប្រយ័ត្នចំពោះការខ្វះខាតទឹកនៅរដូវប្រាំងដោយសារឥទ្ធិពលនៃបាតុភូតអែនលីញ៉ូ យើង​ត្រូវចាប់ផ្តើមអនុវត្តវិធានការត្រៀមបង្ការពីពេលនេះ។

ជាលទ្ធផលបានបង្ហាញថា ហានិភ័យនៃកម្ដៅខ្លាំង និងការខ្វះទឹកអាចកើនឡើង ជាពិសេសពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ២០២៧ ក្នុងរដូវប្រាំងនឹកាន់តែក្តៅឆ្នាំនេះ ការព្យាករណ៍អំពីបាតុភូតអែលនីញ៉ូខ្លាំងនៅតំបន់ប៉ាស៊ីហ្វិក ជាសញ្ញាឱ្យកម្ពុជាត្រៀមខ្លួនជាមុន។ កម្ពុជាគួរតាមដានជាពិសេសលើទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រព ស្ថានភាពទឹកទន្លេមេគង្គ និងបឹងទន្លេសាប ផលនេសាទ កម្ដៅខ្លាំង និងហានិភ័យភ្លើងឆេះព្រៃ។ ក្រសួង និងស្ថាប័នពាក់ព័ន្ធពិនិត្យស្ថានភាពហានិភ័យរួមគ្នារៀងរាល់ខែ ដោយប្រើការព្យាករណ៍ផ្លូវការរបស់កម្ពុជា និងទិន្នន័យពីមូលដ្ឋាន។

កិច្ចពិភាក្សាបានឯកភាពគ្នា ដោយបានកំណត់អាទិភាពចំនួន២គឺ អាទិភាពទីមួយ គឺធានាទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ពិនិត្យបរិមាណទឹកស្តុក និងត្រៀមផែនការផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋ សាលារៀន និងមណ្ឌលសុខភាពនៅតំបន់ងាយរងគ្រោះ។ សូមផ្តល់ការណែនាំដល់កសិករឱ្យបានទាន់ពេល អំពីពេលវេលា និងទំហំផ្ទៃដីដែលអាចដាំដុះ ស្របតាមបរិមាណទឹកដែលមាន។ ទន្ទឹមនេះ សូមបន្តថែរក្សាគុណភាពទឹក និងតាមដានស្ថានភាពទឹកទន្លេមេគង្គ និងបឹងទន្លេសាប ដើម្បីវាយតម្លៃហានិភ័យលើផលនេសាទ និងជីវភាពសហគមន៍។

អាទិភាពទីពីរ គឺការពារសុខភាព សន្តិសុខស្បៀង និងជីវភាពប្រជាពលរដ្ឋ៖ ត្រៀមវិធានការការពារសិស្សានុសិស្ស និងអ្នកជំងឺពីកម្ដៅខ្លាំង។ យើងក៏គួរកំណត់ជាមុននូវគ្រួសារដែលងាយរងគ្រោះ ដើម្បីអាចផ្តល់ជំនួយផ្នែកស្បៀង អាហារូបត្ថម្ភ និងគាំពារសង្គមបានទាន់ពេល។ ការសម្រេចចិត្តគួរផ្អែកលើការព្យាករណ៍ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន។

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន