កម្ពុជា–ឡាវ ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែគបរិស្ថាន និងពង្រីកសក្តានុពលសម្រាប់ទាញយកហិរញ្ញប្បទានអាកាសធាតុ។
ថ្ងៃ ពុធ, 18 វិច្ឆិកា, 2026ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម បណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពង្រឹងកិច្ចសហប្រតិបត្តិការបរិស្ថានរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានពិភាក្សាលើការកែសម្រួល និងពង្រីកវិសាលភាព អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានស្រាប់លើការគ្រប់គ្រងសំណល់ប្លាស្ទិក ឱ្យមានភាពទូលំទូលាយ ដោយគ្របដណ្តប់លើបញ្ហាប្រឈមបរិស្ថានរួមរបស់ប្រទេសទាំងពីរ ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការគ្រប់គ្រងគម្របព្រៃឈើ ឥណទានកាបូន និងការលើកទឹកចិត្តវិស័យឯកជនឱ្យចូលរួមវិនិយោគលើការការពារបរិស្ថាន និងសកម្មភាពអាកាសធាតុ ដែលអាចបង្កើតផលប្រយោជន៍សេដ្ឋកិច្ច និងជីវភាពប្រជាជន។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើសៀវភៅណែនាំប្រតិបត្តិការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការប្រើប្រាស់ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0) ជាមូលដ្ឋានសម្រាប់កំណត់អាទិភាព និងកៀរគរហិរញ្ញប្បទានអាកាសធាតុ។ ក្នុងឱកាសនោះ ភាគីឡាវបានអញ្ជើញឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីចុះហត្ថលេខាលើ MoU ដែលនឹងត្រូវកែសម្រួល និងបានអញ្ជើញភាគីកម្ពុជាចូលរួមព្រឹត្តិការណ៍អមស្តីពី NDC 3.0 របស់ឡាវនៅក្នុង CoP31។






ព័ត៌មានបន្ថែម
