ក្រសួងបរិស្ថាននិងគម្រោងព្រៃឡង់បៃតង សហការគ្នាពង្រឹងសមត្ថភាពសហគមន៍តំបន់ការពារធម្មជាតិនៅតំបន់ព្រៃឡង់
ថ្ងៃ សុក្រ, 10 កក្កដា, 2020កំពង់ធំ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ០៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាព្រមព្រៀងរវាងក្រសួងបរិស្ថាន និងគម្រោងUSAIDព្រៃឡង់បៃតង និងចែកសម្ភារៈល្បាតដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន៤៩ (ក្នុងនោះ១៩សហគមន៍តំបន់ការពារធម្មជាតិ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់) នៅក្នុងខេត្តចំនួន៤ នៅជាប់ភូមិសាស្រ្តដែនជម្រកសត្វព្រៃព្រៃឡង់ រួមមានខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។ ពិធីចុះហត្ថលេខាប្រព្រឹត្តទៅដោយ ឯកឧត្តម ខៀវបូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានតំណាងឱ្យក្រសួងបរិស្ថាន និងលោក លោក ម៉ាធ្យូ អេដវើតសុន ប្រធានគម្រោង USAIDព្រៃឡង់បៃតង និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងគម្រោងព្រៃឡង់បៃតង តំណាងអាជ្ញាធរមូលដ្ឋាននិងសហគមន៍តំបន់ការពារធម្មជាតិមួយចំនួន។
លោក ម៉ាធ្យូ អេដវើតសុន ប្រធានគម្រោង USAIDព្រៃឡង់បៃតង បានឱ្យដឹងថា ពិធីនាថ្ងៃនេះបានបង្ហាញកាន់តែច្បាស់ពីការយកចិត្តទុកដាក់កាន់តែប្រសើរថែមទៀតរបស់ក្រសួងបរិស្ថាន សហការជាមួយគម្រោងព្រៃឡង់បៃតងក្នុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ ក្នុងឱកាសនោះ លោក លន់ យ៉េន មេឃុំដងកាំប៉ិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានតាំងចិត្តចូលរួមជាមួយក្រសួងបរិស្ថាន និងដៃគូសហការ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ។ ការផ្តល់សម្ភារៈល្បាតដល់សហគមន៍នៅពេលនេះ លើកទឹកចិត្តឱ្យសហគមន៍ចូលរួមសហការល្អថែមទៀតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថាសហគមន៍តំបន់ការពារធម្មជាតិបានដើរតួនាទីសំខាន់ក្នុងការល្បាត ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់។ ឯកឧត្តម បានបន្ថែមថា ព្រៃឡង់ជាតំបន់ដែលជាសក្តានុពលនៃនិយ័តកម្មទឹករវាងទន្លេមេគង្គ និងទន្លេសាប។ ក្រសួងបរិស្ថាន បានផ្តល់នូវសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងចំពោះសហគមន៍ ក្នុងការអភិវឌ្ឍនិងគ្រប់គ្រងធនធានព្រៃឈើរបស់ពួកគេប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ យកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អប្រសើរសម្រាប់កូនចៅជំនាន់ក្រោយ ដោយមានការសហការជាមួយមន្រ្តីឧទ្យានុរក្ស ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប ហើយព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្ថាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងជាង ៧,២ លានហិកតា។ រហូតមកទល់នឹងឆ្នាំ ២០២០នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់ការពារ ធម្មជាតិ មានចំនួនប្រមាណ១៧៤សហគមន៍៕