លោកជំទាវ ឌិត និតា ជួបសំណេះសំណាល និងផ្សព្វផ្សាយវិធីបង្ការ ការពារ ទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិនៅខេត្តកំពត
ថ្ងៃ ចន្ទ, 28 កញ្ញា, 2020កំពត ៖ លោកជំទាវ ឌិត និតា ភរិយាឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដំណើដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល គណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយវិធីបង្ការ ការពារ ទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនចាញ់ដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិមកពីខេត្តចំនួន៤ គឺខេត្តកំពត កែប ព្រះសីហនុ និងកោះកុង នៅតំតបន់ទេសចរណ៍ធម្មជាតិបឹងអន្លង់ព្រីងខេត្តកំពត ។
លោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ប្រទេស ជាពិសេសការគាំពារ និងថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីការរស់នៅដោយចីរភាព។ ជាមួយគ្នានេះដែរខេត្តកំពតក៏នៅតែប្រឈមនឹងការកើតជំងឺគ្រុនចាញ់ ដែលតម្រូវលប់បំបាត់ឱ្យអស់នៅឆ្នាំ២០២៥ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត ថូ សុចាន់ថា នាយករងមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខភិបាល បានលើកឡើងថា ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមអាចការពារ និងបង្ការបាន ហើយចាំបាច់ត្រូវការចូលរួមពីមន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋចេះធ្វើអនាម័យ និងការយល់ដឹងពីវិធីការពារកុំឱ្យមានមូសខាំ។
ជាមួយគ្នានេះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ពិធីនៅពេលនេះរៀបចំឡើងបង្ហាញពីការយកចិត្ដទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចំពោះសុខភាព និងសុខុមាលភាពរបស់មន្រ្តីរាជការ និងប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ហើយនេះក៏ជាការប្តេជ្ញាចិត្ដខ្ពស់របស់ក្រសួងបរិស្ថាន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ។ លោកជំទាវបានបន្ថែមថាការថែទាំសុខភាពឱ្យល្អជារឿងសំខាន់សម្រាប់មន្រ្តីឧទ្យានុរក្ស ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់។
សូមបញ្ជាក់ថា លោកជំទាវ ឌិត និតា និងប្រតិភូក្រសួងបរិស្ថាន ក្រសួងសុខាភិបាល សាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងគណៈអភិបាលខេត្តកំពត បានប្រគល់សម្ភារៈការពារ និងបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដល់មន្រ្តីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិរួមមាន៖ មុងជ្រលក់ថ្នាំចំនួន៤៥០មុង ថ្នាំParacetamol និងថ្នាំបង្ការជំងឺព្រូន- រួមជាមួយ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត។ បន្ទាប់ មកលោកជំទាវ ឌិត និតា និង ប្រតិភូ បានចុះពិនិត្យមើលសក្តានុពលទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិអន្លង់ព្រីង នៃស្រុកកំពង់ត្រាចខេត្តកំពតផងដែរ៕