មន្ត្រីបរិស្ថានវ័យក្មេងចំនួ៥រូប នឹងចែករំលែកបទពិសោធន៍ពីបរទេស
ថ្ងៃ ព្រហស្បតិ៍, 6 កក្កដា, 2017មន្ត្រីវ័យក្មេងរបស់ក្រសួងបរិស្ថានចំនួន៥រូបដែលបានទៅសិក្សា និងដកស្រង់បទពិសោធន៍នៅបទេសនឹងរៀបចំកម្មវិធីចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញរបស់ខ្លួននៅរសៀលថ្ងៃទី៧ ខែកក្កដា នៅទីស្តីការក្រសួងបរិស្ថាន។ មន្ត្រីវ័យក្មេងទាំង៥រូបនេះ គឺ ទី១ យ៉ែម ច័ន្ទដារ៉ា ជាមន្ត្រីនាយកដ្ឋានអធិការកិច្ច និងពង្រឹងច្បាប់ ទី២ កញ្ញា សៀង សុធាវី ជាមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអប់រំបរិស្ថាន ទី៣លោក អាំង ហៃផេង មន្ត្រីមន្ទីរពិសោធន៍ ទី៤ លោកស្រេង ចន្ថា មន្ត្រីបច្ចេកទេស អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ទី៥ អ្នកនាង សាន ដាណា មន្ត្រីនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង។
អ្នកទាំង៥នាក់ត្រូវបានក្រសួងបញ្ជូនទៅសិក្សា និងដកស្រង់បទពិសោធន៍នៅប្រទេសនូវែលហ្សេឡង់ស្តីពីការពង្រឹងភាពស៊ាំ (Strengthening Resilience)រយៈពេល៥ខែ។ ក្នុងកម្មវិធីចែករំលែកបទពិសោធន៍នៅថ្ងៃទី៧ ខែកក្កដានេះ មន្ត្រីវ័យក្មេងទាំង៥រូប នឹងលើកឡើងចំនួនបីវគ្គ គឺរបៀបនៃការដាក់ពាក្យដើម្បីទទួលបានអាហាររូបករណ៍ កម្មវិធីដែលបានសិក្សារៀនសូត្រ និងកម្មវិធីអាហារូបករណ៍ផ្សេងទៀតដែលមន្ត្រីវ័យក្នុងក្រសួងអាចដាក់ពាក្យស្នើសុំជាដើម។
កញ្ញា សៀង សុធារី ជាមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអប់រំបរិស្ថាន បានបញ្ជាក់ថា ការចែករំលែកបទពិសោធន៍ មានសារៈសំខាន់ណាស់សម្រាប់មន្ត្រីក្រសួងផ្សេងៗទៀតដែលមានបំណងចង់បានការសិក្សានៅបរទេសបន្ថែមស្តីពីបរិស្ថាន។ កញ្ញាបន្ថែមថា បទពិសោធន៍មកពីបរទេស ជាចំណេះដឹង និងបទពិសោធន៍បន្ថែមក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។
មន្ត្រីទាំង៥រូប នឹងចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនម្នាក់ម្តងៗ នៅសាលប្រជុំប្រាជ្ញស៊ុនជាន់ទី២ នៃក្រសួងបរិស្ថាន ចាប់ពីម៉ោង២ និង៣០នាទីរសៀល៕
ដោយ៖ ស៊ុន មេសា