នាសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងទី២៧ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ សកលវិទ្យាល័យ អង្គការជាតិ និងអន្តរជាតិ ដែលទទួលបន្ទុកការងារទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ បានជួបជុំគ្នាក្នុងសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើសេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមការងារ ភាគីពាក់ព័ន្ធទាំងអស់ ដែលជាកត្តាជំរុញឲ្យរបាយការណ៍កាន់តែមានភាពសម្បូរបែបទៅដោយព័ត៌មាន ងាយស្រួលដល់ការវិភាគស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងជឿទុកចិត្តបាន។ ឯកឧត្តម បានឲ្យដឹងថា របាយការណ៍នេះជាលើកទី៤ក៏ពិតមែន ប៉ុន្តែជាលើកទី១ហើយ ដែលយើងបានធ្វើជាលក្ខណៈអន្តរជាតិ ព្រោះយើងមានទីប្រឹក្សាជាតិ និងអន្តរជាតិ ចូលរួមបង្កើតជារបាយការណ៍ ដែលអាចប្រើប្រាស់ជាអន្តរជាតិ។ ឯកឧត្តម សង្ឃឹមទៀតថា បន្ទាប់ពីរបាយការណ៍នេះផ្សាយចេញទៅ ស្ថានប័នពាក់ព័ន្ធ អង្គការដៃគូ ប្រើប្រាស់នូវទិន្នន័យនេះជាគោល ដើម្បីជៀសវាងនូវការប្រើប្រាស់ទិន្នន័យផ្សេងៗគ្នា។ ជាមួយគ្នានេះដែរ របាយការណ៍នេះ នឹងធ្វើការបោះពុម្ពផ្សាយជាពីរភាសា គឺភាសាខ្មែរ និងអង់គ្លេសផងដែរ។
អញ្ជើញជាអធិបតីបើកសិក្ខាសាលា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងរបាយការណ៍ពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤” ពិតជាមានសារសំខាន់សម្រាប់ប្រទេសកម្ពុជា ហើយរបាយការណ៍នេះ ទោះបីជាក្រសួងបរិស្ថានជារៀបចំ និងសម្របសម្រួល ប៉ុន្តែផលប្រយោជន៍ គឺសម្រាប់ប្រជាជនកម្ពុជាទាំងមូល សម្រាប់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ទាំងអស់ប្រើប្រាស់ ដើម្បីយើងអាចមានទិន្នន័យរួមមួយក្នុងការប្រើប្រាស់។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តឲ្យដឹងទៀតថា បរិស្ថាន គឺជាការងារពហុវិស័យ និងពហុជំនាញ ដែលក្នុងន័យនេះ តម្រូវឱ្យមានការចូលរួមផ្តល់គំនិតយោបល់មតិ ក៏ដូចជា ការចែករំលែកទិន្នន័យ ព័ត៌មានគ្នាសម្រាប់ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ។ ឯឧត្តមបានបន្ថែមថា «ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជាការចងក្រង ប្រមូលផ្តុំនូវឯកសារ ទិន្នន័យគោល និងព័ត៌មានបែបវិទ្យាសាស្រ្តអំពីបរិស្ថាន និងធនធានធម្មជាតិ សម្រាប់អ្នករៀបចំគោលនយោបាយ អ្នកធ្វើផែនការ អ្នកគ្រប់គ្រង អ្នកសិក្សាស្រាវជ្រាវ វិនិយោគិន អង្គការជាតិ និងអន្តរជាតិ ប្រើប្រាស់ជាមូលដ្ឋាន ដើម្បីសម្រេចបានទៅតាមគោលបំណងរៀងៗខ្លួន តួយ៉ាងដូចជា ការធ្វើសេចក្តីសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមកម្មវិធីនយោបាយជាតិ ការបង្កើនចំណេះដឹងបញ្ញាញាណក្នុងវិស័យបរិស្ថាន»។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានបញ្ចប់ក្នុងការរៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិនេះ និងបានអនុវត្តន៍ការងារនេះ ចំនួន៣លើករួចមកហើយ។ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និងអង្គការស្បៀង អាហារ និងកសិកម្មសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការរៀបចំកសាងរបាយការណ៍ស្ថានភាពបរិស្ថាន ជាតិលើកទី៤។ របាយការណ៍នេះមានរួមបញ្ចូលនូវប្រធានបទសំខាន់ៗចំនួន៧គឺ គុណភាពខ្យល់ ការប្រែប្រួលអាកាសធាតុ ជីវចម្រុះ (ព្រៃឈើ និងសត្វព្រៃ) ទឹកសាប ដី (ការប្រើប្រាស់ដី និងគុណភាពដី) សំណល់ (សំណល់រឹង និងសំណល់រាវ) និងសុវត្ថិភាពចំណីអាហារ។

នៅក្នុងសិក្ខាសាលានេះដែរ ក៏មានវាគ្មិនកិត្តិយ និងអ្នកជំនាញ ធ្វើការបង្ហាញលើប្រធានបទសំខាន់ៗទាក់ទងនឹងប្រធានបទនៃរបាយការណ៍បរិស្ថានមានដូចជា៖ បទបង្ហាញស្តីពីគុណភាពខ្យល់, បទបង្ហាញស្តីពីការប្រែប្រួលអាកាសធាតុ, បទបង្ហាញស្តីពីទឹក, បទបង្ហាញស្តីពីធនធានដី និងគុណភាពដី, បទបង្ហាញស្តីពីជីវៈចម្រុះ, បទបង្ហាញស្តីពីសំណល់ និងបទបង្ហាញស្តីពីសុវត្ថិភាពចំណីអាហារនៅកម្ពុជា៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា