ក្រសួងបរិស្ថាននឹងបើកការពិភាក្សាពីបញ្ហាប្រឈមនៃការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ក្នុងសិក្ខាសាលា២ថ្ងៃ
ថ្ងៃ ព្រហស្បតិ៍, 13 កក្កដា, 2017ក្រសួងបរិស្ថាននឹងរៀបចំសិក្ខាសាលារយៈពេល២ថ្ងៃដើម្បីចែករំលែកបទពិសោធន៍ និងភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជានៅទីស្តីការក្រសួងបរិស្ថាន។ សិក្ខាសាលានេះនឹងចាប់ផ្តើមពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែកក្កដានេះដែលជាការរៀបចំឡើងដោយផ្ទាល់ពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន។ ភាពចាំបាច់នៃការពង្រឹងសមត្ថភាពមន្ត្រីវ័យក្មេងៗរបស់ក្រសួងបរិស្ថាន គឺជាមូលហេតុដែលអគ្គលេខាធិការដ្ឋានបានផ្តួចផ្តើមគំនិតនេះឡើង។
ក្នុងសិក្ខាសាលារយៈពេល២ថ្ងៃនេះ អ្នកចូលរួមទាំងអស់នឹងទទួលបានការស្វែងយល់កាន់តែស៊ីជម្រៅលើទស្សនទាន និងបទពិសោធន៍នៃការអភិវឌ្ឍបៃតងរបស់កម្ពុជា មិនត្រឹមតែប៉ុណ្ណោះសិក្ខាសាលានេះ នឹងផ្តល់ការពិភាក្សាអំពីបញ្ហាប្រឈមនានាដែលអាចគំរាមកំហែងដល់ការសម្រេចនូវគោលដៅនៃការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា៕