ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ទាំងអស់ បំពេញកាតព្វកិច្ចឱ្យបានពេញលេញ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ
ថ្ងៃ អាទិត្យ, 13 ធ្នូ, 2020ភ្នំពេញ៖ តាមរយៈការថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ កិច្ចប្រជុំនេះក៏មានវត្តមាន ឯកឧត្តម អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, ឯកឧត្តម បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស, ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង, ឯកឧត្តម សេបាស្ទៀន ភីណេរ៉ា អ៊ីឆែនិក ប្រធានាធិបតីស៊ីលី និងឯកឧត្តម ហ្សូហ្សេប៉េ កុងតេ នាយករដ្ឋមន្រ្តីអ៉ីតាលីផងដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ទាំងអស់ បំពេញឱ្យបានពេញលេញនូវកាតព្វកិច្ច ដែលបានសន្យា ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់ពិភពលោក។
ក្នុងន័យនេះ កាប្រែប្រួលអាកាសធាតុជាបញ្ហារបស់យើងទាំងអស់គ្នា ប្រទេសទាំងអស់ត្រូវតែស្រុះដៃគ្នា និងអនុវត្តនូវកាតព្វកិច្ចរបស់ប្រទេសនីមួយៗ ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្ត, យន្តការនានា និងកិច្ចព្រមព្រៀងកន្លងមក។ ក្នុងស្មារតីជាប្រទេស ដែលមានការទទួលខុសត្រូវខ្ពស់ និងកាត់បន្ថយនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាអតិបរិមា កម្ពុជាបានប្តេជ្ញារៀបចំយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន (Carbon Neutrality) ដែលការរៀបចំនេះនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២១៕