រដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិងភាពជាដៃគូជាមួយកម្ពុជា និងបាន អបអរសាទរចំពោះដំណើរការអភិវឌ្ឍដែលកម្ពុជាសម្រេចបាន និងលើកឡើងថាតើចក្រភពអង់គ្លេសអាចនឹងជួយអ្វីកម្ពុជាបន្ថែមទៀតដើម្បីធ្វើឱ្យកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខទៀត។ ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នៅក្នុងអំឡុងនៃកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងនាមជាមិត្តភ័ក្តិនិងដៃគូ ដោយក្នុងនោះបានលើកឡើងពីប្រធានបទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នា ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃឆ្លង ដែន និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។
បើតាមមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។ ឯកឧត្តមរដ្ឋមន្ត្រីអង់គ្លេស បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរដែលរហូតមកទល់ពេលនេះមានរយៈពេល ៣០ ឆ្នាំហើយដែលចក្រភពអង់គ្លេសបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ការបរទេសក៏បានកោតសរសើរចំពោះអភិវឌ្ឍរីកចម្រើនដែលកម្ពុជាសម្រេច។
នៅក្នុងជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានថ្លែងថាការអញ្ជើញមកប្រទេសកម្ពុជានៅពេលនេះរបស់ឯកឧត្តមក្នុងនាមជាមិត្តភ័ក្តិនិងជាដៃគូ និងដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រទេសកម្ពុជា និងជួយប្រទេសកម្ពុជាដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសក៏បានសាកសួរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានថា តើអង់គ្លេសអាចជួយអ្វីបានក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។
ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសកំមិនវ៉ែល និងអភិ វឌ្ឍន៍នៃចក្រភពអង់គ្លេសអំពីកិច្ចការដែលក្រសួងបរិស្ថានសម្រេចបានក្នុងកិច្ចការពារបរិស្ថាន និងការអភិ រក្សធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី សាយសំអាល់ បានជម្រាបជូនរដ្ឋមន្ត្រីអង់គ្លេសថាអ្វីដែលចក្រភព អង់គ្លេសអាចជួយកម្ពុជាបានក្នុងវិស័យបរិស្ថានគឺការបណ្តុះបណ្តាលធនធានមនុស្សក្នុងកិច្ចការបរិស្ថាននិងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជ កម្ម និងទិញផលិតផលពីប្រទេសកម្ពុជា។ នៅក្នុងវិស័យបរិស្ថាន អង់គ្លេសអាចទិញឥណទានកាបូន ហើយថវិកានោះនឹងត្រូវប្រើប្រាស់ដើម្បីបម្រើឱ្យ ការអភិរក្សព្រៃឈើ និងសត្វព្រៃនិងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានតាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ ប្រជាពលរដ្ឋ។