រមាំងសត្វកម្រនៅលើពិភពលោកស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតពូជ
ថ្ងៃ អង្គារ, 2 វិច្ឆិកា, 2021សត្វរមាំងត្រូវបានចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ នៅកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសដែលធ្លាប់មាន សត្វរមាំងប្រភេទ Cervus Siamensis ច្រើនកាលពីមុន តែប្រភេទសត្វនេះបានធ្លាក់ចុះចំនួនជាបន្តបន្ទាប់ដោយសារតែកត្តាគំរាមកំហែងផ្សេងៗដូចជាការបរបាញ់ អន្ទាក់ និងការបាត់បង់ទីជម្រក។ បច្ចុប្បន្ននេះ មិនមានទិន្នន័យច្បាស់លាស់ថា មានសត្វរមាំងប៉ុន្មានឡើយ តែសត្វរមាំងត្រូវបានគេជឿថានៅមានតែក្នុងប្រទេសកម្ពុជា និងប្រទេសឡាវប៉ុណ្ណោះ ចំណែកប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាមត្រូវបានគេជឿថាបាន ផុតពូជពីធម្មជាតិបាត់ទៅហើយ។ យោងតាមទិន្នន័យដែលផ្សាយដោយអង្គការ IUCN ចេញផ្សាយនៅឆ្នាំ ២០១៥ សត្វរមាំងនៅប្រទេសកម្ពុជាមានចំនួនតិចជាង ៧០០ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ ចំនួននេះអាចមានការថយចុះថែមទៀតនាពេលបច្ចុប្បន្ននេះ។
ការតាមដានសត្វព្រៃដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិត្រូវបានអនុវត្តដោយអ្នកជំនាញស្រាវជ្រាវក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១ និងដោយមានការចូលរួមផងដែរពីប្រជាជនមូលដ្ឋាននៃក្រុមល្បាតសហគមន៍ដែលរស់ក្បែរតំបន់នៃដែនជម្រក។ ក្រុមការងារបានពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតាមទីតាំងសំខាន់ៗដែលជាទីម្រករបស់សត្វរមាំងនៅក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា ហើយមានភូមិសាស្រ្តស្ថិតនៅតាមបណ្តាយដងទន្លេមេគង្គ។ កំណត់ត្រានៃសត្វរមាំងនាពេលនេះបានផ្តល់ជាព័ត៌មាននិងចំណេះដឹងផ្នែកវិទ្យាសាស្ត្រដ៏សំខាន់បន្ថែមទៀតដល់កំណត់ត្រាដំបូងបង្អស់នៃសត្វនេះនៅក្នុងដែនជម្រកកាលពីឆ្នាំ២០២០ ដើម្បីរួមចំណែកគាំទ្រដល់ការរស់រានមានជីវិតតទៅអនាគតទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ សម្រាប់សត្វដែលជា ប្រភេទ រង គ្រោះ ថ្នាក់ ជិត ផុត ពូជមួយនេះ៕