ជីវៈចម្រុះនិងធម្មជាតិមានសារៈសំខាន់សម្រាប់ជីវិតនៅលើផែនដី
ថ្ងៃ ពុធ, 8 ធ្នូ, 2021ធម្មជាតិផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ដោយមិនគិតថ្លៃ ដូចជាអាហារដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីព្យាបាលជំងឺ និងការពារគ្រោះមហន្តរាយធម្មជាតិជាដើម។ យើងត្រូវការធម្មជាតិ ប្រសិនបើយើងចង់សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកសាងពិភពលោកកាន់តែរីកចម្រើន។
ប៉ុន្តែយើងកំពុងបំផ្លាញជីវៈចម្រុះក្នុងអត្រាគួរឱ្យបារម្ភមួយ។ ជីវៈចម្រុះ១លានប្រភេទកំពុងស្ថិតក្នុងហានិភ័យនៃការផុតពូជ ហើយផ្ទៃដី២ពាន់លានហិកតាត្រូវបានបំផ្លាញជារៀងរាល់ឆ្នាំ។
ពេលយើងជួយធម្មជាតិ គឺជួយខ្លួនឯង។ យើងត្រូវមានភាពជាអ្នកដឹកនាំក្លាហាន និងសកម្មភាពចាំបាច់ដែលបញ្ឈប់ការបំផ្លិចបំផ្លាញធម្មជាតិ។ ប្រព័ន្ធស្បៀងនិងកសិកម្ម ក៏ដូចជារបបអាហារ ត្រូវតែមាននិរន្តរភាព។ ត្រូវពង្រីកកិច្ចខំប្រឹងប្រែងអភិរក្សនិងស្ដារឡើងវិញជុំវិញពិភពលោក។ ដំណោះស្រាយលើធនធានធម្មជាតិអាចជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់មួយភាគបី ព្រមជាមួយអត្ថប្រយោជន៍ផ្សេងទៀត។
ជំងឺកូវីដ-១៩ គឺជាការដាស់តឿនសម្រាប់មនុស្សជាតិ។ ទសវត្សរ៍ខាងមុខគឺជាចំណុចសំខាន់។ បើយើងធ្វើសកម្មភាពពេលនេះ យើងអាចធានាបាននូវអនាគតល្អសម្រាប់មនុស្សនិងភពផែនដី។ ពេលដែលយើងរួចផុតពីជំងឺរាតត្បាត យើងអាចងើបឡើងវិញ និងធ្វើការឆ្ពោះទៅរកភាពធម្មតាថ្មីមួយដែលមនុស្សទាំងអស់អាចរស់នៅដោយសុខដុមរមនាជាមួយធម្មជាតិ។
បកប្រែឯកសារៈ លោក ទូច វីណា
សម្រួលអត្ថបទៈ លោក ខ្វៃ អាទិត្យា
ប្រភពៈ https://youtu.be/YaawmWSd_sw