ឯកឧត្តម សាយ សំអាល់៖ “យើងត្រូវរួមគ្នាការពារសន្តិសភាព និងស្ថេរភាពដើម្បីភាពរីកចម្រើនរបស់កម្ពុជាឱ្យកាន់តែខ្លាំងបន្ថែមទៀត”
ថ្ងៃ ពុធ, 25 តុលា, 2017ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែតុលានេះ បានអញ្ជើញជាអធិបតីភាពក្នុងបាឋកថាក្រោមប្រធានបទ “កិច្ចគាំពារបរិស្ថាន”នៅទីស្តីការក្រសួងបរិស្ថានដែលមានសិក្ខាកាម៦០០នាក់មកពីសាលាភូមិន្ទរដ្ឋបាល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “កម្ពុជានឹងមានយុគ្គសម័យមាស អនាគតភ្លឺស្វាងដោយកម្ពុជារក្សាបានស្ថេរភាពនយោបាយ និងសន្តិសុខ និងបន្តរក្សាកំណើនសេដ្ឋកិច្ចជាតិដែលកម្ពុជាបានរក្សាកំណើនប្រមាណ៧%អស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ និងសេរីភាពសារព័ត៌មានដែលពលរដ្ឋកម្ពុជាកំពុងតែទទួល ទន្ទឹមនឹងកំណើនចំណេះដឹងរបស់ពលរដ្ឋកំពុងកើនឡើងស្របពេលជាមួយនឹងកំណើនប្រជាជនកម្ពុជាយ៉ាងឆាប់រហ័ស”។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការយកចិត្តទុកដាក់បន្ថែមទៀតលើការដោះស្រាយលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងម្ហូបអាហារដែលមានតម្លៃថោកសមរម្យ គឺជាកត្តាចាំបាច់ដែលពលរដ្ឋកម្ពុជាត្រូវការ។
ក្រៅពីនេះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធិផលរបស់ក្រសួងបរិស្ថានក្នុងអាណត្តិទី៥នេះដែលរួមការបញ្ចប់ជម្លោះដីសមប្បទានសេដ្ឋកិច្ចទាំងស្រុងរវាងពលរដ្ឋ និងក្រុមហ៊ុនឯកជន ដកហូតដីសម្បទានសេដ្ឋកិច្ចដែលមិនបានឈូសឆាយ កាត់បន្ថយរយៈពេលធ្វើសម្បទានសេដ្ឋកិច្ចមកនៅត្រឹម៥០ឆ្នាំ ទប់ស្កាត់ការលួចកាប់ឈើក្នុងទ្រង់ទ្រាយធំ ជាដើម។
ដោយឡែកកិច្ចការងារទំនើបកម្មវិញ ក្រសួងបរិស្ថាន បានកែសម្រួលរចនាសម្ព័ន្ធក្រសួងឱ្យស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន រួមទាំងការលើកទឹកចិត្តមន្ត្រីផ្តល់ប្រាក់ឧបត្ថមចំពោះបេសកម្ម បែងចែកប្រាក់ចំណូលជាទៀងទាត់ បណ្តុះបណ្តាលមន្ត្រីទាំងក្នុងស្រុក និងបរទេសដែលនេះគឺជាទិសដៅសម្រាប់ការគាំពារបរិស្ថាន និងការអភិរក្សប្រកបដោយចីរភាព។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីអភិរក្សប្រមាណ៧.៥លានហិកតានៅទូទាំងប្រទេស ហើយបានកាត់បន្ថយអត្រានៃការរិចរិលព្រៃឈើប្រមាណ០.៧%។
បន្ថែមពីនេះ កម្ពុជាបានប្រែក្លាយចំណូលបានពីការលក់ការបោនរាប់លានដុល្លារអាមេរិក និងបានប្រែក្លាយជីវភាពសហគមន៍នៅតាមមូលដ្ឋានឱ្យមានជីវភាពកាន់តែប្រសើរតាមរយៈការបង្កើតតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស។
មុននឹងបញ្ចប់បាឋកថា និងក្រោយការឆ្លើយនឹងសំណួររបស់សិក្ខាកាមចូលរួម ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា “ពលរដ្ឋកម្ពុជា ក៏ដូចជាសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ គឺសុទ្ធសឹងតែជាសរសរទ្រូងប្រទេសជាតិ យើងត្រូវប្រឹងប្រែងទាំងអស់គ្នា ហើយត្រូវនឹងនរក្នុងចិត្ត មិនត្រឹមតែប៉ុណ្ណោះការជឿលើអ្វីមួយដែលមានមូលដ្ឋានពិតប្រាកដ”៕