សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលការងាររបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅទីក្រុងយេរ៉េវ៉ាន់ ប្រទេសអាមេនី
ថ្ងៃ ចន្ទ, 2 វិច្ឆិកា, 2026ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) ដែលបានប្រព្រឹត្តទៅនៅទីក្រុងយេរាវ៉ាន់(YEREVAN) ប្រទេសអាមេនី(ARMENIA)។ សមាសភាពប្រតិភូកម្ពុជាអញ្ជើញចូលរួម ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមមានថ្នាក់ដឹកនាំមកពីក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិរក្សមួយចំនួន ព្រមជាមួយគ្នានេះ កម្ពុជាក៏មានតំណាងបណ្តាញយុវជន ស្រ្តី សហគមន៍ជនជាតិដើមភាគតិច និងវិស័យឯកជន បានអញ្ជើញចូលរួមក្នុងសន្និសីទ COP17 ឆ្នាំ ២០២៦នេះផងដែរ។
សមិទ្ធផល និងខ្លឹមសារសំខាន់ៗ ដែលកម្ពុជាបានបង្ហាញនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17)រួមមាន៖
១) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឡើងថ្លែងសុន្ទរកថាគន្លឹះ នារសៀលថ្ងៃទី២៧ តុលា ២០២៦ ស្តីពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
▪️ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាបានប្រកាសពីផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាតិស្តីពីជីវចម្រុះ (NBSAP) ដែលមានគោលដៅជាតិចំនួន ២៣ ជុំវិញវិស័យអាទិភាពចំនួន ៦ បានទទួលការអនុម៍តពីរាជរដ្ឋាភិបាលកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ និងកំពុងដាក់បញ្ជូនទៅអង្គការសហប្រជាជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្វែងរកការគាំទ្រជំរុញការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។
▪️ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការពង្រឹងអភិបាលកិច្ច លើតំបន់ការពារធម្មជាតិចំនួន ៧៣ ដែលគ្របដណ្តប់លើផ្ទៃដីប្រទេសចំនួន ៧ លានហិកតា (ស្មើនឹងជាង ៣៩% នៃផ្ទៃដីទូទាំងប្រទេស) ដែលតួលេខនេះលើសពីគោលដៅសកល ៣០x៣០ នៃក្របខណ្ឌ Kunming-Montreal។
▪️ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងបន្តដំណើរទៅមុខយ៉ាងស្វាហាប់ ដោយផ្អែកលើគ្រឹះសន្តិភាព និងសមិទ្ធផលនានា ដែលបន្សល់ទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកម្ពុជា។ ជាមួយគ្នានេះ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ និងមុតស្រួច ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយចីរភាព។
▪️ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការជីវចម្រុះ, ក្របខ័ណ្ឌ KM-GBF, សេចក្តីថ្លែងការណ៍ Yerevan និងគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធ ដោយសង្កត់ធ្ងន់ថា ការបំពេញចន្លោះខ្វះខាតផ្នែកហិរញ្ញវត្ថុសកល គឺជាកត្តាសំខាន់បំផុតសម្រាប់ការសម្រេចបាននូវលទ្ធផលជាក់ស្តែង។ កម្ពុជាបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល ស្ត្រី យុវជន និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគាំទ្រផែនការ NBSAP របស់កម្ពុជា ដើម្បីធានាឱ្យមានធនធានហិរញ្ញវត្ថុ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវភាពសុខដុមរមនានឹងធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ។
២) ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូកម្ពុជា បានបន្តកម្មវិធីនៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ ២០២៦ ទទួលជួបពិភាក្សាការងារទ្វេរភាគីនិងពហុភាគី សន្និសីទកំពូល COP17 នេះ ពីអាទិភាពចម្បងរបស់កម្ពុជា ក្នុងការប្រែក្លាយផែនការជាតិ យ៉ាងមុតមាំ ក្នុងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា។
▪️ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើង ជាមួយថ្នាក់ដឹកនាំនៃប្រទេស និងរដ្ឋជាសមាជិកអនុសញ្ញាអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ ស្ថាប័នអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ ដែលធ្វើការលើបរិស្ថាន និងអ្នកចូលរួមទាំងអស់មកពីជុំវិញពិភពលោក ដោយបានឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់កម្ពុជា លើឆាកអន្តរជាតិ ក្នុងការចូលរួមចំណែកការពារភពផែនដី ធានានូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយបរិយាបន្ន។
▪️ ក្នុងជំនួបទ្វេភាគី ជាមួយលោកស្រី Astrid Schomakerអគ្គលេខាធិការនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD)ដើម្បីពិភាក្សា និងរៀបចំបញ្ជូនឯកសារ NBSAP ទៅកាន់សហប្រជាជាតិ។ ជាការឆ្លើយតប លោកស្រី Astrid Schomaker បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រ NBSAP ដែលមិនត្រឹមតែបានឆ្លើយតបទៅនឹង បញ្ហាប្រឈមជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំង ពីការចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការការពារ និងថែរក្សាជីវៈចម្រុះឱ្យបានគង់វង្ស និងកាន់តែប្រសើរឡើង សម្រាប់ជាឧត្តមប្រយោជន៍ដល់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ។
▪️ ក្នុងជំនួបទ្វេភាគីរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកស្រី Rebeca Hubbard នាយិកានៃអង្គការ High Seas Alliance បានពិភាក្សាផ្តោតលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ)។ នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចយុទ្ធសាស្ត្រចំនួន ៣ រួមមានទី១ ការបង្កើតលេខាធិការដ្ឋានសម្របសម្រួលការងារ សម្រាប់អនុវត្តកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តរួចមកហើយ ខណៈដែលកម្ពុជាបានចូលជាសមាជិកទី ៥៦ កាលពីខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។ ទី២ ការរៀបចំផែនការសកម្មភាព ជំរុញការកៀរគរមូលនិធិសម្រាប់ជួយដល់ប្រទេសជាសមាជិក ក្នុងការឆ្លើយតបទៅនឹងបញ្ហាបរិស្ថានសកល ជាពិសេសលើការងារអភិរក្សសមុទ្រ។ និងទី៣ ការពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ នៃសន្ធិសញ្ញាលំហសមុទ្រ ទៅក្នុងការធ្វើការវាយតម្លៃហេតុបះពាល់បរិស្ថាន (EIA)ដើម្បីលើកកម្ពស់ការងារអភិរក្សសមុទ្រ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។
៣) គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចទៅចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) ប្រកបដោយផ្លែផ្កាយ៉ាងត្រចះត្រចង់ ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា លើឆាកអន្តរជាតិក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការអភិរក្សធនធានជីវៈចម្រុះប្រកបដោយចីរភាព។
▪️ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងដោយទទួលបានការគាំទ្រជាហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិក្នុងទឹកប្រាក់ជាង ១៦២ ម៉ឺនដុល្លារអាមេរិក (១.៦២ លានដុល្លារ) ដើម្បីយកមកពង្រឹងការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
▪️ កម្ពុជាបានផ្សព្វផ្សាយការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP)» ដែលត្រូវបានអនុម័តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការរៀបចំបញ្ជូនទៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ ឯកសារនេះ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់យ៉ាងខ្លាំងពីសំណាក់ លោកស្រី Astrid Schomaker អគ្គលេខាធិការនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD)។
▪️ កម្ពុជាបានបង្ហាញពីមោទនភាពជាតិ ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៧៣ កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ៧ លានហិកតា ឬស្មើនឹងជាង ៣៩% នៃផ្ទៃដីទូទាំងប្រទេស ដែលតួលេខនេះគឺធំជាង និងលើសពីគោលដៅសកល ៣០x៣០ នៃក្របខណ្ឌការងារជីវៈចម្រុះសកល គុនមីង-ម៉ុងត្រេអាល់ (KM-GBF) ទៅទៀត។
▪️ កម្ពុជាបានលើកឡើងពីការខិតខំប្រឹងប្រែង ក្នុងការចូលរួមដោះស្រាយបញ្ហាសកល ជាពិសេស ការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាព រួមទាំងយុទ្ធនាការកាត់បន្ថយប្លាស្ទិកដែលមានប្រជាពលរដ្ឋចូលរួមជាង ១៤ លាននាក់ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការបំពុល និងការហូរចូលសំណល់ប្លាស្ទិកទៅក្នុងសមុទ្រ។
▪️ កម្ពុជាបានបង្ហាញការប្តេជ្ញាខ្ពស់បន្ថែមទៀត ក្នុងនាមជារដ្ឋសមាជិកស្ថាបនិកទី៥៦ នៃកិច្ចព្រមព្រៀង BBNJ (សន្ធិសញ្ញាលំហសមុទ្រ) កម្ពុជាបានដាក់ស្នើនូវចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ក្នុងការបង្កើតលេខាធិការដ្ឋានសម្របសម្រួល ការកៀរគរមូលនិធិ និងការពង្រីកកិច្ចសហប្រតិបត្តិការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)។
▪️ កម្ពុជាទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ លើសកម្មភាពការពារតំបន់ការពារធម្មជាតិ និងការអភិរក្សជីវៈចម្រុះ នូវថវិកាចំនួនជាង ១,៦លានដុល្លារ សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា។
៤) ដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ទៅចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) សម្រេចបានផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់ប្រជាជននិងប្រទេសកម្ពុជា
*កម្ពុជាមិនត្រឹមតែទទួលបានថវិកាគាំទ្រ(សរុបចំនួនជាង ១,៦លានដុល្លារ) សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពសបញ្ជាក់ឱ្យឃើញច្បាស់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាមិនត្រឹមតែចូលរួមឆ្លើយតប នឹងក្របខណ្ឌការងារសកល។
*កម្ពុជាបាននិងកំពុងបោះជំហានឈានទៅសម្រេចបាន លទ្ធផលឆ្លើយតបលើសសូចនាករ ដែលបានកំណត់ ដើម្បីធានាឱ្យមានភាពសុខដុមរមនា នឹងធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈការ គាំទ្រយ៉ាងពេញទំហឹងចំពោះ «ក្របខ័ណ្ឌការងារជីវៈចម្រុះសកល គន់មីង-ម៉ុងរ៉េអាល់» (Kunming-Montreal Global Biodiversity Framework) ដែលជាផែនការសកម្មភាពសកល ក្នុងការស្តារ និងការពារធនធានជីវៈចម្រុះ។
*កម្ពុជារក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងនាមជាប្រទេសសមាជិកនៃអនុសញ្ញាស្តីពីជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ ក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិ និងការឆ្លើយតបនឹងវិបត្តិបរិស្ថានសកល។
*ការផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងការរៀបចំបញ្ជូនឯកសារ«ផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP)» របស់កម្ពុជា ទៅអង្គការសហប្រជាតិ។ NBSAP ត្រូវបានបង្កើតឡើងដោយឈរលើគោលដៅយុទ្ធសាស្ត្រធំៗចំនួន ៣ រួមមាន៖ គោលដៅទី១៖ ការអភិរក្ស ការស្តារឡើងវិញ និងការលើកកម្ពស់ជីវៈចម្រុះ និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី។ គោលដៅទី២៖ ការធានាបាននូវការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាព និងការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។ និងគោលដៅទី៣៖ការពង្រឹងបរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយ ប្រសិទ្ធភាព។
សូមបញ្ជាក់ថា សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ ត្រូវរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញឱ្យបណ្តាប្រទេសនានាពន្លឿនការអនុវត្តក្របខ័ណ្ឌសកលក្នុងការបញ្ឈប់ និងស្តារឡើងវិញនូវការបាត់បង់ធម្មជាតិឱ្យបានទាន់ពេលវេលា។ សន្និសីទ COP17 បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-៣០ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងយេរ៉េវ៉ាន់ ប្រទេសអាមេនី ដោយមានការចូលរួមពីមេដឹកនាំ តំណាងរាជរដ្ឋាភិបាល រដ្ឋាភិបាល ប្រទេសសមាជិកចំនួន ១៩៦ ប្រទេស ព្រមទាំងមានការចូលរួមពី អគ្គលេខាអង្គការសហប្រជាជាតិ ស្ថាប័នពាក់ព័ន្ធ អ្នកជំនាញ អ្នកស្រាវជ្រាវ គ្រឹះស្ថានសិក្សា អប់រំ ដៃគូសហការលើការអភិរក្ស ដៃគូអភិវឌ្ឍន៍ តំណាងយុវជន ជនជាតិដើមភាគតិច និងវិស័យឯកជន មកពីជុំវិញពិភពលោក សរុបប្រមាណ ១៥,០០០ នាក់ ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តលើផែនការសកម្មភាព ក្នុងការការពារជីវៈចម្រុះសកលឱ្យមាននិរន្តរភាព។ ប្រទេសអេក្វាទ័រ (Ecuador) ត្រូវបានជ្រើសរើសជាផ្លូវការឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី ១៨ (COP18) នៅឆ្នាំ ២០២៨ ខាងមុខ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង តាមរយៈការបោះឆ្នោតនៅក្នុងសម័យប្រជុំពេញអង្គចុងក្រោយនៃសន្និសីទ COP17 ក្នុងទីក្រុង Yerevan ប្រទេសអាមេនី៕










