ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) ដែលបានប្រព្រឹត្តទៅនៅទីក្រុងយេរាវ៉ាន់(YEREVAN) ប្រទេសអាមេនី(ARMENIA)។ សមាសភាពប្រតិភូកម្ពុជាអញ្ជើញចូលរួម ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមមានថ្នាក់ដឹកនាំមកពីក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិរក្សមួយចំនួន ព្រមជាមួយគ្នានេះ កម្ពុជាក៏មានតំណាងបណ្តាញយុវជន ស្រ្តី សហគមន៍ជនជាតិដើមភាគតិច និងវិស័យឯកជន បានអញ្ជើញចូលរួមក្នុងសន្និសីទ COP17 ឆ្នាំ ២០២៦នេះផងដែរ។

សមិទ្ធផល និងខ្លឹមសារសំខាន់ៗ ដែលកម្ពុជាបានបង្ហាញនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17)រួមមាន៖
១) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឡើងថ្លែងសុន្ទរកថាគន្លឹះ នារសៀលថ្ងៃទី២៧ តុលា ២០២៦ ស្តីពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។

▪️ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាបានប្រកាសពីផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាតិស្តីពីជីវចម្រុះ (NBSAP) ដែលមានគោលដៅជាតិចំនួន ២៣ ជុំវិញវិស័យអាទិភាពចំនួន ៦ បានទទួលការអនុម៍តពីរាជរដ្ឋាភិបាលកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ និងកំពុងដាក់បញ្ជូនទៅអង្គការសហប្រជាជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្វែងរកការគាំទ្រជំរុញការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

▪️ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការពង្រឹងអភិបាលកិច្ច លើតំបន់ការពារធម្មជាតិចំនួន ៧៣ ដែលគ្របដណ្តប់លើផ្ទៃដីប្រទេសចំនួន ៧ លានហិកតា (ស្មើនឹងជាង ៣៩% នៃផ្ទៃដីទូទាំងប្រទេស) ដែលតួលេខនេះលើសពីគោលដៅសកល ៣០x៣០ នៃក្របខណ្ឌ Kunming-Montreal។

▪️ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងបន្តដំណើរទៅមុខយ៉ាងស្វាហាប់ ដោយផ្អែកលើគ្រឹះសន្តិភាព និងសមិទ្ធផលនានា ដែលបន្សល់ទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកម្ពុជា។ ជាមួយគ្នានេះ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ និងមុតស្រួច ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយចីរភាព។

▪️ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការជីវចម្រុះ, ក្របខ័ណ្ឌ KM-GBF, សេចក្តីថ្លែងការណ៍ Yerevan និងគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធ ដោយសង្កត់ធ្ងន់ថា ការបំពេញចន្លោះខ្វះខាតផ្នែកហិរញ្ញវត្ថុសកល គឺជាកត្តាសំខាន់បំផុតសម្រាប់ការសម្រេចបាននូវលទ្ធផលជាក់ស្តែង។ កម្ពុជាបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល ស្ត្រី យុវជន និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគាំទ្រផែនការ NBSAP របស់កម្ពុជា ដើម្បីធានាឱ្យមានធនធានហិរញ្ញវត្ថុ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវភាពសុខដុមរមនានឹងធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ។

២) ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូកម្ពុជា បានបន្តកម្មវិធីនៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ ២០២៦ ទទួលជួបពិភាក្សាការងារទ្វេរភាគីនិងពហុភាគី សន្និសីទកំពូល COP17 នេះ ពីអាទិភាពចម្បងរបស់កម្ពុជា ក្នុងការប្រែក្លាយផែនការជាតិ យ៉ាងមុតមាំ ក្នុងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា។

▪️ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើង ជាមួយថ្នាក់ដឹកនាំនៃប្រទេស និងរដ្ឋជាសមាជិកអនុសញ្ញាអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ ស្ថាប័នអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ ដែលធ្វើការលើបរិស្ថាន និងអ្នកចូលរួមទាំងអស់មកពីជុំវិញពិភពលោក ដោយបានឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់កម្ពុជា លើឆាកអន្តរជាតិ ក្នុងការចូលរួមចំណែកការពារភពផែនដី ធានានូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយបរិយាបន្ន។

▪️ ក្នុងជំនួបទ្វេភាគី ជាមួយលោកស្រី Astrid Schomakerអគ្គលេខាធិការនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD)ដើម្បីពិភាក្សា និងរៀបចំបញ្ជូនឯកសារ NBSAP ទៅកាន់សហប្រជាជាតិ។ ជាការឆ្លើយតប លោកស្រី Astrid Schomaker បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រ NBSAP ដែលមិនត្រឹមតែបានឆ្លើយតបទៅនឹង បញ្ហាប្រឈមជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំង ពីការចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការការពារ និងថែរក្សាជីវៈចម្រុះឱ្យបានគង់វង្ស និងកាន់តែប្រសើរឡើង សម្រាប់ជាឧត្តមប្រយោជន៍ដល់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ។

▪️ ក្នុងជំនួបទ្វេភាគីរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកស្រី Rebeca Hubbard នាយិកានៃអង្គការ High Seas Alliance បានពិភាក្សាផ្តោតលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ)។ នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចយុទ្ធសាស្ត្រចំនួន ៣ រួមមានទី១ ការបង្កើតលេខាធិការដ្ឋានសម្របសម្រួលការងារ សម្រាប់អនុវត្តកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តរួចមកហើយ ខណៈដែលកម្ពុជាបានចូលជាសមាជិកទី ៥៦ កាលពីខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។ ទី២ ការរៀបចំផែនការសកម្មភាព ជំរុញការកៀរគរមូលនិធិសម្រាប់ជួយដល់ប្រទេសជាសមាជិក ក្នុងការឆ្លើយតបទៅនឹងបញ្ហាបរិស្ថានសកល ជាពិសេសលើការងារអភិរក្សសមុទ្រ។ និងទី៣ ការពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ នៃសន្ធិសញ្ញាលំហសមុទ្រ ទៅក្នុងការធ្វើការវាយតម្លៃហេតុបះពាល់បរិស្ថាន (EIA)ដើម្បីលើកកម្ពស់ការងារអភិរក្សសមុទ្រ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

៣) គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចទៅចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) ប្រកបដោយផ្លែផ្កាយ៉ាងត្រចះត្រចង់ ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា លើឆាកអន្តរជាតិក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការអភិរក្សធនធានជីវៈចម្រុះប្រកបដោយចីរភាព។

▪️ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងដោយទទួលបានការគាំទ្រជាហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិក្នុងទឹកប្រាក់ជាង ១៦២ ម៉ឺនដុល្លារអាមេរិក (១.៦២ លានដុល្លារ) ដើម្បីយកមកពង្រឹងការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

▪️ កម្ពុជាបានផ្សព្វផ្សាយការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP)» ដែលត្រូវបានអនុម័តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការរៀបចំបញ្ជូនទៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ ឯកសារនេះ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់យ៉ាងខ្លាំងពីសំណាក់ លោកស្រី Astrid Schomaker អគ្គលេខាធិការនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD)។

▪️ កម្ពុជាបានបង្ហាញពីមោទនភាពជាតិ ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៧៣ កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ៧ លានហិកតា ឬស្មើនឹងជាង ៣៩% នៃផ្ទៃដីទូទាំងប្រទេស ដែលតួលេខនេះគឺធំជាង និងលើសពីគោលដៅសកល ៣០x៣០ នៃក្របខណ្ឌការងារជីវៈចម្រុះសកល គុនមីង-ម៉ុងត្រេអាល់ (KM-GBF) ទៅទៀត។

▪️ កម្ពុជាបានលើកឡើងពីការខិតខំប្រឹងប្រែង ក្នុងការចូលរួមដោះស្រាយបញ្ហាសកល ជាពិសេស ការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាព រួមទាំងយុទ្ធនាការកាត់បន្ថយប្លាស្ទិកដែលមានប្រជាពលរដ្ឋចូលរួមជាង ១៤ លាននាក់ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការបំពុល និងការហូរចូលសំណល់ប្លាស្ទិកទៅក្នុងសមុទ្រ។

▪️ កម្ពុជាបានបង្ហាញការប្តេជ្ញាខ្ពស់បន្ថែមទៀត ក្នុងនាមជារដ្ឋសមាជិកស្ថាបនិកទី៥៦ នៃកិច្ចព្រមព្រៀង BBNJ (សន្ធិសញ្ញាលំហសមុទ្រ) កម្ពុជាបានដាក់ស្នើនូវចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ក្នុងការបង្កើតលេខាធិការដ្ឋានសម្របសម្រួល ការកៀរគរមូលនិធិ និងការពង្រីកកិច្ចសហប្រតិបត្តិការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)។
▪️ កម្ពុជាទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ លើសកម្មភាពការពារតំបន់ការពារធម្មជាតិ និងការអភិរក្សជីវៈចម្រុះ នូវថវិកាចំនួនជាង ១,៦លានដុល្លារ សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា។

៤) ដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ទៅចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) សម្រេចបានផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់ប្រជាជននិងប្រទេសកម្ពុជា

*កម្ពុជាមិនត្រឹមតែទទួលបានថវិកាគាំទ្រ(សរុបចំនួនជាង ១,៦លានដុល្លារ) សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពសបញ្ជាក់ឱ្យឃើញច្បាស់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាមិនត្រឹមតែចូលរួមឆ្លើយតប នឹងក្របខណ្ឌការងារសកល។

*កម្ពុជាបាននិងកំពុងបោះជំហានឈានទៅសម្រេចបាន លទ្ធផលឆ្លើយតបលើសសូចនាករ ដែលបានកំណត់ ដើម្បីធានាឱ្យមានភាពសុខដុមរមនា នឹងធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈការ គាំទ្រយ៉ាងពេញទំហឹងចំពោះ «ក្របខ័ណ្ឌការងារជីវៈចម្រុះសកល គន់មីង-ម៉ុងរ៉េអាល់» (Kunming-Montreal Global Biodiversity Framework) ដែលជាផែនការសកម្មភាពសកល ក្នុងការស្តារ និងការពារធនធានជីវៈចម្រុះ។

*កម្ពុជារក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងនាមជាប្រទេសសមាជិកនៃអនុសញ្ញាស្តីពីជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ ក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិ និងការឆ្លើយតបនឹងវិបត្តិបរិស្ថានសកល។

*ការផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងការរៀបចំបញ្ជូនឯកសារ«ផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP)» របស់កម្ពុជា ទៅអង្គការសហប្រជាតិ។ NBSAP ត្រូវបានបង្កើតឡើងដោយឈរលើគោលដៅយុទ្ធសាស្ត្រធំៗចំនួន ៣ រួមមាន៖ គោលដៅទី១៖ ការអភិរក្ស ការស្តារឡើងវិញ និងការលើកកម្ពស់ជីវៈចម្រុះ និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី។ គោលដៅទី២៖ ការធានាបាននូវការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាព និងការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។ និងគោលដៅទី៣៖ការពង្រឹងបរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយ ប្រសិទ្ធភាព។

សូមបញ្ជាក់ថា សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ ត្រូវរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញឱ្យបណ្តាប្រទេសនានាពន្លឿនការអនុវត្តក្របខ័ណ្ឌសកលក្នុងការបញ្ឈប់ និងស្តារឡើងវិញនូវការបាត់បង់ធម្មជាតិឱ្យបានទាន់ពេលវេលា។ សន្និសីទ COP17 បានប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩-៣០ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងយេរ៉េវ៉ាន់ ប្រទេសអាមេនី ដោយមានការចូលរួមពី​មេដឹកនាំ តំណាងរាជរដ្ឋាភិបាល រដ្ឋាភិបាល ប្រទេសសមាជិកចំនួន ១៩៦ ប្រទេស ព្រមទាំងមានការចូលរួមពី អគ្គលេខាអង្គការសហប្រជាជាតិ ស្ថាប័នពាក់ព័ន្ធ អ្នកជំនាញ អ្នកស្រាវជ្រាវ គ្រឹះស្ថានសិក្សា អប់រំ ដៃគូសហការលើការអភិរក្ស ដៃគូអភិវឌ្ឍន៍ តំណាងយុវជន ជនជាតិដើមភាគតិច និងវិស័យឯកជន មកពីជុំវិញពិភពលោក សរុបប្រមាណ ១៥,០០០ នាក់ ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តលើផែនការសកម្មភាព ក្នុងការការពារជីវៈចម្រុះសកលឱ្យមាននិរន្តរភាព។ ប្រទេសអេក្វាទ័រ (Ecuador) ត្រូវបានជ្រើសរើសជាផ្លូវការឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី ១៨ (COP18) នៅឆ្នាំ ២០២៨ ខាងមុខ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង តាមរយៈការបោះឆ្នោតនៅក្នុងសម័យប្រជុំពេញអង្គចុងក្រោយនៃសន្និសីទ COP17 ក្នុងទីក្រុង Yerevan ប្រទេសអាមេនី៕

ព័ត៌មានបន្ថែម

កម្ពុជាស្នើចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
ថ្ងៃ ពុធ, 28 តុលា, 2026 កម្ពុជាស្នើចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទបណ្តាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) នៅប្រទេសអាមេនី
ថ្ងៃ ពុធ, 28 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទបណ្តាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) នៅប្រទេសអាមេនី
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅប្រទេសអាមេនី
ថ្ងៃ អង្គារ, 27 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅប្រទេសអាមេនី