ក្រសួងបរិស្ថានបើកវេទិកាស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»
ថ្ងៃ អង្គារ, 20 ធ្នូ, 2022ក្រសួងបរិស្ថានបើកវេទិកាស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តមជារដ្ឋលេខាធិការក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងបរិស្ថាន លោក លោកស្រីជាថ្នាក់ដឹកនាំគណៈកម្មាការបណ្តាញសហគមន៍ គណៈកម្មាការសហគមន៍ មន្ទីរបរិស្ថាន២៥រាជធានី-ខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការជាដៃគូ ជាច្រើនរូបទៀត។
គួរបញ្ជាក់ឱ្យដឹងថា ការរៀបចំវេទិកាស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» គឺយន្តការបន្ត ក្នុងការពិនិត្យវឌ្ឍនភាព នៃការចូលរួមរបស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងកិច្ចការពារ និងអភិរក្សជីវៈចម្រុះ ពិភាក្សា និងដោះស្រាយនូវការប្រឈមនានា និងការដាក់ចេញនូវទិសដៅ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានធមុ្មជាតិប្រកបដោយការចូលរួម និងមាននិរន្តរភាពនៅក្នុងតំបន់ការពារធម្មជាតិ។ វេទិកានេះ ប្រព្រឹត្តទៅក្នុងគោលបំណងចម្បងៗមួយចំនួនរួមមាន៖ ១)ពិនិត្យវឌ្ឍនភាពនៃការចូលរួម គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងពិភាក្សាអំពីបញ្ហាប្រឈមនានា ២)ចែករំលែកចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ជម្រើសមុខរបរចិញ្ចឹមជីវិត ដោយមិនពឹងអាស្រ័យតែលើធនធានធម្មជាតិ និង៣)លើកកម្ពស់ភាពជាម្ចាស់ និងផ្តល់ឱកាសដល់សហគមន៍ ក៏ដូចជាអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិក្នុងការចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព ដាក់ចេញនូវទិសដៅរួម ដើម្បីបន្តគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ និងជំរុញពិពិធកម្មមុខរបរ ប្រកបដោយលក្ខណៈច្នៃប្រឌិត និងមានមេត្រីភាពទៅនឹងការអភិរក្ស៕