ពិធីលែងត្រីប្រភេទកម្រ និងងាយ រងគ្រោះថ្នាក់នៅដងទន្លេមេគង្គនិងទន្លេសាប នៅចំណុចទន្លេចតុម្មុខ
ថ្ងៃ សុក្រ, 13 មករា, 2023នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមជាអធិបតីពិធីលែងត្រីប្រភេទកម្ររងគ្រោះថ្នាក់នៅដងទន្លេមេគង្គនិងទន្លេសាប នៅចំណុចទន្លេចតុម្មុខ។ ត្រីប្រភេទកម្រជាច្រើនប្រភេទរួមមានត្រីរាជធំចំនួន ២ ក្បាល ត្រីគល់រាំង ត្រីប្រាធំសរុបចំនួន ៥០០២ក្បាលត្រូវបានលែង ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផល និងគម្រោងអច្ឆរិយមេគង្គ។
ត្រីរាជ ដែលកំពុងរងគ្រោះជិតផុតពូជ ២ក្បាល រួមជាមួយត្រីគល់រាំង និងត្រីប្រាធំប្រមាណ ៥០០០ក្បាលបានលែងចូលទៅក្នុងទន្លេមេគង្គ។ កម្ពុជាត្រូវបានទទួលស្គាល់ជាជម្រកដ៏មានសក្តានុពលចុងក្រោយរបស់ប្រភេទត្រីទឹកសាបទំហំយក្សនៃទន្លេមេគង្គ។ ត្រីរាជ ដែលកំពុងរងគ្រោះជិតផុតពូជពីរក្បាល រួមជាមួយត្រីជិតផុតពូជ និងត្រីសំខាន់ៗ ចំពោះអេកូឡូស៊ី រាប់ពាន់ក្បាលផ្សេងទៀត បានលែងចូលទៅក្នុងធម្មជាតិវិញ នៅត្រង់ ចំនុចប្រសព្វនៃទន្លេសាប និង ទន្លេមេគង្គ។ នេះបង្ហាញពីស្ថានភាពគួរឱ្យបារម្ភនៃប្រភេទសត្វជិតផុតពូជនេះដែលចំនួនរបស់វាបានថយចុះរហូតដល់៩៩ភាគរយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។ ក្រុមអ្នក វិទ្យាសាស្ត្រសង្ឃឹមថា ការណ៍នេះនឹងនាំឱ្យមានសកម្មភាព អភិរក្សរួមគ្នា និងសម្របសម្រួលបន្ថែមទៀត រួមទាំងការផ្សព្វផ្សាយកាន់តែផុសផុល ដល់សហគមន៍ដែលរស់នៅតាម ដងទន្លេសាបនិងទន្លេមេគង្គ។
ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម ហាស់ សារ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងនោះត្រីប្រភេទកម្រៗដែលបានលែងនៅថ្ងៃនេះដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើបងប្អូនប្រជានេសាទបានត្រីកម្រៗ សូមកុំសម្លាប់ កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងវាចូលក្នុងទឹកវិញដើម្បីឱ្យវាអាចបន្តរស់នៅ និងកើតកូនពូនជាចៅ។
រូបថតដោយ ផា លីហួរ និងគម្រោងអច្ឆិយៈមេគង្គ