សម្តេចតេជោ ហ៊ុន សែន៖ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្លាស្ទិក មិនគួរឲ្យកើតមាននៅក្នុងសមុទ្រ ទន្លេ ព្រែក បឹងបួសនោះទេ
ថ្ងៃ អង្គារ, 28 កុម្ភៈ, 2023ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ និងដៃគូអភិវឌ្ឍន៍ រួមគ្នាលុបបំបាត់ ឬកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
សម្តេចតេជោ បានមានប្រសាសន៍ថា រឿងប្លាស្ទិក គឺជារឿងដែលអាចក្លាយជាបញ្ហាធ្ងន់ធ្ងរនៅ ២០ឆ្នាំ, ៣០ឆ្នាំ ឬ ៥០ឆ្នាំក្រោយ ។
ចំពោះកង្វល់ដ៏ធំនេះ សម្ដេចក៏បានអំពាវនាវដល់ជនរួមជាតិ និងដៃគូអភិវឌ្ឍទាំងអស់ ត្រូវបន្តរួមគ្នាទាំងក្នុងក្របខណ្ឌជាតិរបស់យើង និងដៃគូអន្តរជាតិ ដើម្បីកាត់បន្ថយនូវបញ្ហាប្រឈម ឬឈានទៅលុបបំបាត់បញ្ហាប្រឈមនេះ ប៉ុន្តែ ការឱ្យលុបបំបាត់ទាំងស្រុង ជាការលំបាកណាស់ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្លាស្ទិក មិនគួរឲ្យកើតមាននៅក្នុងសមុទ្រ ទន្លេ ព្រែក បឹងបួសនោះទេ៕
ប្រភព: AMS