រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ការលើកកម្ពស់កម្រិតជីវភាពសហគមន៍ដើម្បីកាត់បន្ថយសម្ពាធលើធម្មជាតិ
ថ្ងៃ ពុធ, 13 ធ្នូ, 2017ថ្លែងក្នុងអង្គសន្និបាតសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សហគមន៍ជាចំណុចគន្លឹះ ដើម្បីកាត់បន្ថយសម្ពាធលើការប្រើប្រាស់ធនធានធម្មជាតិ ក៏ដូចជាជំរុញការចូលរួមសហគមន៍ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ រក្សាតម្លៃវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។
បន្ថែមពីនេះ ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាភ្នាក់ងារមន្ត្រីនគរបាលយុត្តិធម៌ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទគឺជាកិច្ចការចាំបាច់។
យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យជំរុញការរៀបចំបង្កើតរបៀងទេសចរណ៍ធម្មជាតិ និងបន្តជំរុញលើកទឹកចិត្តដល់វិស័យឯកជន និងសហគមន៍មូលដ្ឋាន ក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមទីតាំងដែលមានសក្តានុពល ក៏ដូចជាបន្តសិក្សាតំបន់ដែលមានសក្តានុពល ដើម្បីបង្កើតជាតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិបន្ថែមទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ។ លើសពីនេះទៅទៀត ត្រូវបន្តតាដានត្រួតពិនិត្យ និងពង្រឹងការអនុវត្តមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
មួយវិញទៀតឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យ យកចិត្តទុកដាក់លើការអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋសាកល្បង សម្រាប់ដែនជម្រកសត្វព្រៃពាមក្រសោប និងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលគាំទ្រថវិកាដោយ ADB ដើម្បីដកស្រង់បទពិសោធក្នុងការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិដទៃទៀត (ក្នុងនាមជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ) និងបន្តសិក្សា ប្រមូលទិន្នន័យព័ត៌មានភូមិសាស្ត្រ និងបកប្រែទិន្នន័យពីផ្កាយរណប ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីតំបន់ការពារធម្មជាតិឡើងវិញ រួមទាំងការយកចិត្តទុកដាក់រៀបចំកំណត់តំបន់ និងរៀបចំផែនការគ្រប់គ្រង ក៏ដូចជាការបោះបង្គោលព្រំប្រទល់តំបន់ការពារធម្មជាតិឱ្យបានច្បាស់លាស់ជាដើម៕