ក្រសួងបរិស្ថានជំរុញឱ្យអង្គការដៃគូអភិវឌ្ឍទាំងអស់ចូលរួមចំណែកការងារអាទិភាពរបស់ក្រសួងឈានឆ្ពោះទៅការលើកកម្ពស់ជីភាពប្រជាជនក្នុងភាពស្អាត ភាពបៃតង និងចីរភាព
ថ្ងៃ ពុធ, 11 តុលា, 2023ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូក្នុង និងក្រៅស្រុកទាំងអស់ រួមចំណែកការងារអាទិភាពរបស់ក្រសួង ឈានទៅសម្រេចទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះដោយចីរភាព ។ ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី ១១ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។
នៅក្នុងជំនួបនេះ លោក អ៊ុ សូនី នាយកប្រតិបត្តិអង្គការ Conservation International ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិក បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពី វឌ្ឍនភាពគម្រោង និងកិច្ចសហការក្នុងភាពជាដៃគូ ដែលរួមមាន តំបន់ការពារទេសភាពដីគោក និងការអភិរក្សតំបន់ទឹកសាប នៅក្នុងខេត្តគោលដៅដែលរួមមានជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃឡង់ និងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាង ។ ជាមួយគ្នានេះ នាយកប្រតិបត្តិអង្គការ CI ក៏បានគូសបញ្ជាក់ពីគម្រោងនៃកិច្ចសហការបន្ត លើការស្តារ និងសំអាតបឹងទន្លេសាបឡើងវិញ REDD+ អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ការរៀបចំគោលនយោបាយ ការបន្ស៊ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ និងការធ្វើឱ្យមានសេដ្ឋកិច្ចវិជ្ជមាននៅកម្ពុជា ។
ជាការបន្ថែម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានរួមចំណែកក្នុងវិស័យបរិស្ថានកន្លងមក ហើយឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យអង្គការដៃគូ ដែលអនុវត្តគម្រោងទាំងអស់ចាំបាច់ត្រូវមានការទទួលខុសត្រូវ និងបកស្រាយពន្យល់ជូនប្រជាពលរដ្ឋលើព័ត៌មានមួយចំនួនទាក់ទងនឹងព្រៃឈើ ខណៈដែលគម្រោងរបស់អង្គការ បាននឹងកំពុងអភិវឌ្ឍនៅក្នុងតំបន់គោលដៅទាំងនោះ ៕