រដ្ឋមន្ត្រីបរិស្ថាន បានអនុញ្ញាតឱ្យសាស្ត្រាចារ្យអង់គ្លេសចូលជួបដើម្បីទទួលបានព័ត៌មានធាតុចូលក្នុងសៀវភៅថ្មី
ថ្ងៃ សុក្រ, 9 កុម្ភៈ, 2018ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Michael Hesketh ដែលជាអ្នកនិពន្ធសញ្ញាតិអង់គ្លេស បានចូលជួបដើម្បីទទួលបានព័ត៌មានស្តីពីវិស័យបរិស្ថានសម្រាប់ការសរសេរសៀវភៅថ្មី។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាននេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ព័ត៌មានស្តីពីវឌ្ឍនៈភាពលើកិច្ចការងារបរិស្ថានក្នុងអាណត្តិទី៥ និងទស្សនៈវិស័យរបស់ក្រសួងបន្តដើម្បីលើកស្ទួយវិស័យបរិស្ថាន រួមទាំងការងារនៃវិស័យតាំងពីអតីតកាល និងព័ត៌មានផ្សេងៗតាមសំណូមពរ។ ទន្ទឹមនឹងនោះដែរ លោកសាស្ត្រាចារ្យ បានរំលឹកពីភាពសារៈសំខាន់នៃជំនួបដែលអ្នកសរសេរសៀវភៅទាំងអស់ទទួលបានព័ត៌មានពិតប្រាក និងសុក្រឹត្យភាពដើម្បីសរសេរសៀវភៅស្តីពីវិស័យបរិស្ថានដែលត្រឹមត្រូវ។
សូមរំលឹកថា ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី២ហើយដែលឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យសញ្ជាតិអង់គ្លេសទទួលបានព័ត៌មានស្តីពីវិស័យបរិស្ថានដើម្បីជាធាតុចូលក្នុងសៀវភៅថ្មី។សៀវភៅដែលគ្រោងសរសេរចំនួន២០០ទំព័រ មានឈ្មោះជាភាសាអង់គ្លេសថា Cambodia Risen From the Ashes ៕