យុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈរលើអាទិភាពចម្បង៣គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេច បាននូវអព្យាក្រឹតភាពកាបូន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងបែបនេះ នៅក្នុងសន្នីសីទស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា យុទ្ធសាស្រ្តចក្រកា ត្រូវបានវាយតម្លៃខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តោតលើការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានកាន់តែមានប្រសិទ្ឋភាព ដើម្បីជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សូមបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «ការរៀបចំផែនការ រៀបចំគោលនយោបាយ ផ្អែកទៅលើការសិក្សា គ្រប់ជ្រុងជ្រោយ មិនមែនឆក់កណ្ដៀត តាមអារម្មណ៍ទេ មិនមែនគ្រាន់តែនិយាយ ឲ្យពិរោះទេ ត្រូវមានមូលដ្ឋានសិក្សា អំពីគោលនយោបាយ កសាងឲ្យបានគ្រប់»។

សូមបញ្ជាក់ដែរថា ជាមួយនឹងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដោយមានការចូលរួមពីសិស្សានុសិស្ស ចំនួនជាង ២លាននាក់។ យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ និងកាកបាទក្រហមកម្ពុជាផងដែរ។

ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ឲ្យមានប្រសិទ្ធភាព ដែលក្នុងនោះទី១ គឺការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ ទី២ ពង្រឹងសហការឲ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទី៣ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងទី៤ បង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី១០ ខែតុលា បានប្រកាសអំពីការដាំកូនឈើចំនួន ១លានដើម ក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើរហូតដល់ ៦០% នៅឆ្នាំ២០៥០៕

   

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ