ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាននៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្ន រយៈពេល៣ខែ បន្ទាប់ពីក្រុមហ៊ុនបានអនុវត្តវិធានការ ដែលបានកំណត់ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបានរៀបចំប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ មិនឱ្យមានការបំពុលព្រែសង្កែ ដែលជាព្រែកធម្មជាតិ ស្ថិតនៅក្បែរទីតាំងក្រុមហ៊ុន ដូចនាពេលកន្លងទៅ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារក្រសួងបរិស្ថាន មានមន្រ្តីបច្ចេកទេស អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងរដ្ឋបាលស្រុកព្រៃនប់ មេឃុំទឹកថ្លា និងមេធាវីរបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ ដែលក្រសួងបរិស្ថានបានដាក់ចេញនាពេលកន្លងមក។ ក្រុមការងារបានពិនិត្យស្ថានភាពទឹកព្រែកសង្កែ ដែលនៅជាប់ទីតាំងរបស់ក្រុមហ៊ុន ចំនួនបីចំណុច៖ គឺ 1/ខ្សែទឹកខាងក្រោមចំណុចបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្ម 2/ ចំណុចបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្ម (ដែលជាទីតាំងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ) 3/ខ្សែទឹកខាងលើចំណុចបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្ម ។ ជាលទ្ធផលបឋម ប៉ារ៉ាមែត្រ គុណភាពទឹកនៅទីតាំងទាំងបី (pH, DO, TSD) ស្ថិតក្មុងកម្រិតស្តង់ដារអនុញ្ញាត។ លើសពីនេះ ក្រុមហ៊ុន បានអនុវត្តវិធានការច្បាប់តាមនីតិវិធីកំណត់តាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបានរៀបចំប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវបាមរួចរាល់ ដើម្បីការពារ មិនឱ្យមានការបំពុលព្រែសង្កែ ជាព្រែកធម្មជាតិតទៅទៀត។

លោក ហ្សី ជី ប្រធានគ្រប់គ្រប់គ្រេងរដ្ឋបាលរបស់ក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថាន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន បានដំណើរការឡើងវិញ និងបានប្តេជ្ញាចិត្ត ចូលរួមអនុវត្តតាមច្បាប់ ទប់ស្កាត់បញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈ និងប៉ះពាល់ដល់សុខភាពរបស់មនុស្សនិងបរិស្ថាននៅក្នុងមូលដ្ឋាន។

ដោយឡែក លោក ជួប បាន មេឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រសួងបរិស្ថានបានចុះមកពិនិត្យនិងបានចាត់វិធានការច្បាប់ ធ្វើឱ្យព្រែព្រែកសង្កែ ប្រែជាស្អាត ទឹកក្នុងព្រែក ប្រែជាល្អថ្លា និងបានធ្វើឱ្យក្រុមហ៊ុនអនុវត្តច្បាប់បានត្រឹមត្រូវ និងបានបើកដំណើរការមកវិញ គឺផ្តល់ប្រយោជន៍ដល់បរិស្ថាននិងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លើសពីនេះប្រជាពលរដ្ឋដែលមកបំពេញការងារសម្រាប់រោងចក្រក៏ទទួលបានប្រយោជន៍ ពីការអនុវត្តវិធានការច្បាប់របស់ក្រសួងបរិស្ថាន និងបានអនុញ្ញាតឲ្យក្រុមហ៊ុនដំដំណើរការឡើងវិញដែរ។

លោក លី យូសុះ មេភូមិនិងតំណាងឱ្យប្រជាជននៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ខេត្តព្រះសីហនុ បានមើលឃើញខាងក្រុមហ៊ុនបានសហការបានល្អប្រសើរជាមួយក្រុមការងារក្រសួងបរិស្ថាន កែប្រែបច្ចេកទេស រហូតបានទទួលការអនុញ្ញាតដំណើរការឡើងវិញ។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានកំពុងអនុវត្តវិធានការច្បាប់ ដែលបានកំណត់ក្នុងលិខិតលេខ៩៧/០១២៥ ប.ស្ថ/អគព ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន។ ការចូលរួមសាមគ្គីគ្នាដើម្បីអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព ដែលជាសសរស្តម្ភនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ការរួមសាមគ្គីគ្នាទប់ស្កាត់ការបំពុលទឹក ដី ខ្យល់ របស់ក្រុមហ៊ុន សហគ្រាសនានា បានបញ្ជាក់អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល លើការទប់ស្កាត់ការបំពុលប្រភពទឹកសាធារណៈ តាមរយៈក្រសួងបរិស្ថានជាសេនាធិការក្នុងការពង្រឹងការអនុវត្តច្បាប់៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ