នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតី និងបានប្រគល់ធុងសំរាមជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង ចំនួន ៩៣៩ធុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការនិងសាសនា តំណាងរដ្ឋបាលក្រុង-ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនសាខាកាកបាទក្រហម យុវជនកាយរឹទ្ធិ និងសិស្សានុសិស្សជាច្រើននាក់នៅខេត្តកោះកុង។

ឯកឧត្តម សាបូ អូហ្សាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាម ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន ហើយជួយកាត់បន្ថយបរិមាណសំរាមយកទៅទុកដាក់នៅទីលាន និងផលប៉ះពាល់ដល់សោភ័ណភាព អនាម័យ បរិស្ថាន ព្រមទាំងសមុទ្រដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តផងដែរ។

ក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមនាថ្ងៃនេះ ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាមនៅទូទាំងខេត្តកោះកុង ដើម្បីបង្កើនភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តតំបន់សមុទ្រដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់សាភ័ណភាព និងលើកកម្ពស់នូវភាពស្អាតដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាម ព្រមទាំងការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថាក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក ដោយផ្តើមចេញពីការអប់រំផ្សព្វផ្សាយ យុទ្ធនាការ ទៅចលនា និងក្លាយជាទម្លាប់ស្អាតតរហូតទៅ។ ក្រសួងបរិស្ថានបានសម្រេចលទ្ធផល ភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបចំនួន ១៤លាន អង្គ/នាក់។ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបន្ទាប់មួយបន្ថែមទៀតគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋរួមគ្នា រើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ក្រសួងបរិស្ថានបានកំពុងនឹងកំពុងជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការសម្អាត ផ្លូវជាតិឱ្យបានស្អាត ដើម្បីផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក ។

ក្នុងពេលនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ដល់អ្នកចូលរួមទាំងអស់ និងបានដាក់ចេញផែនការសកម្មភាពដើម្បីកម្ពុជាដែលជាផ្ទះយើងស្អាត តាមរយ: ការចែកធុងសំរាម ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធកន្លែងទុកដាក់សំរាម និងការកែច្នៃសំរាម ការបំពាក់ឡដុតសំរាមជាដើម។ ជាមួយគ្នានេះ ឯកឧត្តម្តរដ្ឋមន្រ្តី បានជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត និងជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។ ការបង្កើនភាពស្អាតរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ សម្អាតអនាម័យតាមកន្លែងការងារ និងមូលដ្ឋាននានា ជួយបង្កើនសោភ័ណភាព មានអនាម័យ ទាក់ទាញទេសចរណ៍ និងធ្វើឱ្យមានសុខភាពល្អ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ