ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025វេទិកាកេសរកូលជាតិលើកទី៥ រៀបចំឡើងដោយមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាពនៃប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និងរុក្ខជាតិលម្អ របៀបដាំដុះ និងថែទាំ ព្រមទាំងគុណតម្លៃ និងអត្ថប្រយោជន៍នៃរុក្ខជាតិទាំងនោះនៅក្នុងប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់ការស្រលាញ់ ការចូលរួម អភិរក្សជីវៈ ចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញផ្តោតលើសសរស្តម្ភ ចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។
វេទិកាកេសរកូលជាតិឆ្នាំនេះ នឹងតម្រូវឱ្យមានការប្រកួតគំនូរកេសរកូលផងដែរ។ បេក្ខជន បេក្ខនារី អាចចូលរួមប្រកួតគំនូរកេសរកូលតាមលក្ខខណ្ឌដូចខាងក្រោម៖
-អាយុ៖ ចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ
-ប្រភេទគំនូរសម្រាប់ចូលរួមប្រកួត៖ គំនូរពណ៌ទឹក
-ទំហំគំនូរ៖ A3
-កាលបរិច្ឆេទផុតកំណត់ចូលរួម៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥
អាស្រ័យហេតុនេះ សូមសាធារណជនដែលមានបំណងចូលរួមប្រកួតប្រជែងគំនូរកេសរកូល សូមមេត្តាបញ្ជូនស្នាដៃរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងសូមបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ ភាគីពាក់ព័ន្ធ និងសាធារណជន អញ្ជើញចូលរួមក្នុងវេទិកាកេសរកូលឆ្នាំ២០២៥ ឱ្យបានច្រើនកុះករតាមការគួរ។





