ការវិនិយោគស្អាត ផ្តល់ការការពារដល់បរិស្ថាន សុខភាពសាធារណៈ និងផលចំណេញដល់អ្នកវិនិយោគប្រកបដោយទំនួលខុសត្រូវក្នុងសង្គម
ថ្ងៃ ព្រហស្បតិ៍, 26 កុម្ភៈ, 2026នៅរសៀលថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលបានជួបជាមួយលោក បាត វ៉ារុន (Varun Bhat) ជាប្រធានផ្នែកយុទ្ធសាស្ត្រអាស៊ី និង M&A នៃក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) ឯ.ក។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានលើកឡើងជុំវិញការវិនិយោគលើកសិដ្ឋានចិញ្ចឹមសត្វ សម្រាប់បម្រើការស្រាវជ្រាវវេជ្ជសាស្ត្រសកល ដែលមានទុនវិនិយោគប្រមាណជាង ៥០០ លានដុល្លារ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការវិនិយោគស្អាតនៅកម្ពុជា ដោយបានណែនាំឱ្យក្រុមហ៊ុនធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA ជាមុន ដើម្បីការការពារសត្វស្វា និងជំរុញឱ្យក្រុមហ៊ុនចូលរួមសហការទប់ស្កាត់ ការលួចចាប់សត្វស្វាខុសច្បាប់ក្នុងតំបន់ការពារ និងតំបន់កោះ ដើម្បីប្រែក្លាយតំបន់ទាំងនោះ ជាកន្លែងគ្មានការបំភាយកាបូន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបដិសេធមិនឱ្យមានការដឹកជញ្ជូនទឹកកខ្វក់ដែលមិនទាន់ចម្រោះឡើយ ព្រោះវាខុសច្បាប់ និងអាចប៉ះពាល់ដល់ប្រភពទឹកស្ទឹង បំផ្លាញជីវៈចម្រុះ និងសុខភាពសាធារណៈ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីថា “ក្រសួងនៅទីនេះផ្តល់សេវាកម្ម និងសម្របសម្រួលអាជីវកម្ម មិនមែនដើម្បីដាក់សម្ពាធឡើយ” ប៉ុន្តែត្រូវតែគោរពច្បាប់បរិស្ថានឱ្យបានខ្ជាប់ខ្ជួន។
ស្របនឹងការលើកឡើងនេះ តំណាងក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) ឯ.ក បានប្តេជ្ញាគោរពតាមការវាយតម្លៃផលប៉ះពាល់ (EIA) ដោយជ្រើសរើសក្រុមហ៊ុនទីប្រឹក្សា ដែលទទួលស្គាល់ដោយក្រសួងបរិស្ថាន និងមិនបង្ករការបញ្ចេញសំណល់បំពុលដល់សុខភាពសាធារណ និងបរិស្ថាន ព្រមទាំងផ្ដល់របាយការណ៍ត្រួតពិនិត្យបរិស្ថានមកក្រសួងជារៀងរាល់ឆ្នាំ ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕







ព័ត៌មានបន្ថែម
