កម្ពុជា និងចិន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 5 កក្កដា, 2018នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួបសំដែងការគួសម ក្នុងដំណើរទស្សនកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ZHAO Yingmin បានលើកឡើងថា ប្រទេសកម្ពុជា និងចិន ជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការល្អជាពិសេស ក្នុងឆ្នាំ២០១៦ កម្ពុជានិងចិន បានបើកទំព័រប្រវត្តិសាស្រ្តថ្មី និងមានទំនាក់ទំនងល្អគ្រប់ជ្រុងជ្រោយរវាង ប្រទេសទាំងពីរ។ ទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ZHAO Yingmin ចូលរួមពង្រឹងនិងពង្រីកថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងវិស័យគ្រប់គ្រងបរិស្ថាន។
នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកកម្មឱ្យដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅប្រកបដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបា នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានចូលរួមរាល់គ្រប់សកម្មភាពជាមួយប្រទេសកម្ពុជា ជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងអេកូឡូស៊ីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នាពេលនេះ។
សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តមបណ្ឌិត ZHAO Yingmin ចូលរួមជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន០៣ ស្តីពី៖ ១.ការបង្កើតការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន ២.កិច្ចសហប្រតិ បត្តិការអភិរក្សជីវៈចម្រុះ កម្ពុជា-ចិន ៣. គម្រោងឧបត្ថម្ភម៉ាស៊ីនសំអាតទឹកកខ្វក់ និងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ “ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន”៕