សត្វទាព្រៃស្លាបសត្រូវបានគេរកឃើញជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ
ថ្ងៃ អង្គារ, 4 កក្កដា, 2017សំបុកសត្វទាព្រៃស្លាបស ដែលមានពងចំនួន ០៧គ្រាប់ ត្រូវបានគេរក ឃើញនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ជាលើកដំបូងក្នុងរយៈពេល០៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីអ្នកភូមិចំនួន០៣នាក់បានរាយការណ៍ មកកាន់ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្ស សត្វព្រៃ(WCS)។ សំបុកទាព្រៃ ស្លាបសនេះ ស្ថិតនៅក្នុងប្រហោងដើមគគីរ ដែលមានកម្ពស់ ប្រមាណ ១២ម៉ែត្រពីដី និងមានទីតាំងស្ថិតនៅក្នុងដែន ជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្បែរភូមិសំបូរ ឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ។

ទាព្រៃស្លាបស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទ រងគ្រោះជិតផុតពូជនៅលើសាកលលោក ពីព្រោះចំនួនរបស់ពួកវានៅបន្ត ធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការបាត់បង់ទីជម្រក ការរំខាននៅតាមដង ព្រែក និងការបរបាញ់ជាដើម។ ទាព្រៃស្លាបស មានចំនួនចន្លោះ ២៥០-១០០០ក្បាលនៅលើសាកលលោក និងមានវត្តមានតិចតួចរស់នៅ ក្នុងប្រទេសកម្ពុជា៕
ដកស្រង់ពី៖ WCS Cambodia,