នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»។ ទិវានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ ថ្នាក់ជាតិ-ក្រោមជាតិ លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិត យុវជន សាធារណជន និងប្រជាសហគមន៍ជាច្រើនរូប។

នាឱកាសប្រារព្ធទិវានេះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានក្រើនរម្លឹក ក៏ដូចជាជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ទុកដាក់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន ជាពិសេស អាជ្ញាធរ និងមន្ត្រីរាជការនៃខេត្តព្រះវិហារ យុវជន សិស្ស និស្សិត នៅជុំវិញខេត្ត ដែលតែងតែគាំទ្រដល់គ្រប់ចលនាបរិស្ថាន។ ឯកឧត្តមសង្ឃឹមថា ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឲ្យមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់សំណល់ និងមិនបោះចោលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទូទាំងប្រទេស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង។ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការថែរក្សាបរិស្ថានរួមមាន៖ អនាម័យខ្លួនឯងជាប្រចាំ, ទុកដាក់សំរាមឱ្យត្រូវក្នុងធុង, ស្រឡាញ់ ការពារ និងដាំដើមឈើ ជាពិសេស ត្រូវខិតខំសិក្សារៀនសូត្រ។

ជាអធិបតីក្នុងទិវាអនាម័យបរិស្ថានជាតិ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមាន បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជន និងទីក្រុង ដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ សំណល់សំរាមមួយចំនួនាពិសេសសំណល់ប្លាស្ទិក ត្រូវបានពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងសមុទ្រ បង្កគ្រោះថ្នាក់សម្រាប់ជីវចម្រុះដែលពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់។ ស្ថានភាពនេះ បានតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាជាបន្តបន្ទាប់ ជាពិសេសដើម្បីធ្វើទំនើបកម្មប្រព័ន្ធប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹង ដោយមានការគិតគូរគ្រប់ជ្រុងជ្រោយដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ហើយនឹងត្រូវបន្តទៅទីក្រុង និងទីប្រជុំជនធំៗមួយចំនួនទៀត នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន គឺជាប្រការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុតដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ សំដៅការរស់នៅប្រកបដោយសុខមាលភាព និងចីរភាពរបស់ប្រជាជនយើង។

មុខនឹងបញ្ចប់ ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមថា ស្មារតីនៃទិវាអនាម័យបរិស្ថានជាតិនេះ នឹងស្ថិតជានៅជានិរន្តរ៍ជាមួយប្រជាជនកម្ពុជាគ្រប់រូប និងសូមឱ្យសកម្មភាពធ្វើអនាម័យបរិស្ថានស្ថិតនៅជាមួយយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ឲ្យដឹងថា ក្រសួងបរិស្ថាន ប្រារព្ធទិវានេះ ក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យ ចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាន។ ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់កាកសំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព រាជធានី-ខេត្តទូទាំងប្រទេស។

ទិវាថ្នាក់ជាតិដែលប្រារព្ធនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ដែលរៀបចំដោយនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រោមប្រធានបទ «អនាម័យ បរិស្ថានល្អ សុខភាពសហគមន៍ល្អ» នេះ ក៏ជាការចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួម ធ្វើអនាម័យក៏ដូចជាបំផុសចលនាចូលរួមធ្វើការសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងដាំដើមឈើដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព៕

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ