ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»
ថ្ងៃ ចន្ទ, 23 វិច្ឆិកា, 2020នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»។ ទិវានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ ថ្នាក់ជាតិ-ក្រោមជាតិ លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិត យុវជន សាធារណជន និងប្រជាសហគមន៍ជាច្រើនរូប។
ជាមួយគ្នានេះដែរ ឯកឧត្តម ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន ជាពិសេស អាជ្ញាធរ និងមន្ត្រីរាជការនៃខេត្តព្រះវិហារ យុវជន សិស្ស និស្សិត នៅជុំវិញខេត្ត ដែលតែងតែគាំទ្រដល់គ្រប់ចលនាបរិស្ថាន។ ឯកឧត្តមសង្ឃឹមថា ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឲ្យមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់សំណល់ និងមិនបោះចោលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទូទាំងប្រទេស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង។ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការថែរក្សាបរិស្ថានរួមមាន៖ អនាម័យខ្លួនឯងជាប្រចាំ, ទុកដាក់សំរាមឱ្យត្រូវក្នុងធុង, ស្រឡាញ់ ការពារ និងដាំដើមឈើ ជាពិសេស ត្រូវខិតខំសិក្សារៀនសូត្រ។
មុខនឹងបញ្ចប់ ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមថា ស្មារតីនៃទិវាអនាម័យបរិស្ថានជាតិនេះ នឹងស្ថិតជានៅជានិរន្តរ៍ជាមួយប្រជាជនកម្ពុជាគ្រប់រូប និងសូមឱ្យសកម្មភាពធ្វើអនាម័យបរិស្ថានស្ថិតនៅជាមួយយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃ។
ទិវាថ្នាក់ជាតិដែលប្រារព្ធនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ដែលរៀបចំដោយនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រោមប្រធានបទ «អនាម័យ បរិស្ថានល្អ សុខភាពសហគមន៍ល្អ» នេះ ក៏ជាការចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួម ធ្វើអនាម័យក៏ដូចជាបំផុសចលនាចូលរួមធ្វើការសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងដាំដើមឈើដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព៕