ឯកឧត្តម សាយ សំអាល់ជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលព្រះមហាក្សត្រទើបតែងតាំង
ថ្ងៃ ចន្ទ, 31 កក្កដា, 2017ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែកក្កដានេះ បានជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលព្រះមហាក្សត្រទើបបានតែងតាំងគោរមងារថ្មី។ ក្នុងលិខិតដែលចេញថ្ងៃទី៣១ ខែកក្កដានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការទទួលបានគោរមងារដ៏ឧត្តុងឧត្តមនេះ គឺឆ្លុះបញ្ចាំងឱយឃើញនូវគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់ សម្តេចពិជ័យសេនា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ក្នុងការរួមចំណែករំដោះជាតិ ការពារជាតិ និងថែរក្សាបូរណភាពទឹកដី។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា “ជាពិសេស សម្តេចពិជ័យ បានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំប្រទេសទទួលបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
សូមរំលឹកថា ព្រះមហាក្សត្រ កាលពី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានតែងតាំងគោរមងារឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាសម្តេចពិជ័យសេនា ទៀ បាញ់៕