គម្រោងភ្នំពេញស្អាតគឺជាដៃគូដ៏សំខាន់របស់ក្រសួងបរិស្ថានក្នុងការបំពេញការងារលើការគ្រប់គ្រងសំណល់រឹងសំរាម
ថ្ងៃ ចន្ទ, 1 វិច្ឆិកា, 2021«គម្រោងភ្នំពេញស្អាតគឺជាដៃគូដ៏សំខាន់របស់ក្រសួងបរិស្ថានក្នុងការបំពេញការងារលើការគ្រប់គ្រងសំណល់រឹងសំរាមជាពិសេសលើការងារផ្សព្វផ្សព្វលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបញ្ហាសំរាម និងចូលរួមគ្រប់គ្រងសំរាម និងការសម្អាតអនាម័យបរិស្ថាន»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងកម្មវិធីប្រកាសបើកជាផ្លូវការយុទ្ធនាការ«ភ្នំពេញស្អាត»ឆ្នាំ២០២១ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្ដម បានថ្លែងបន្តថា យ៉ាងណាមមិញ អំឡុងឆ្នាំ២០២១នេះ ការរស់នៅរបស់មនុស្សជាតិ មិនទាន់អាចត្រឡប់ទៅកាន់ភាពប្រក្រតីពេញលេញភ្លាមៗ នោះទេ។ ប៉ុន្តែស្ថិតក្នុងកាលៈទេសៈ ក្នុងពេលបច្ចុប្បន្ននេះ យើងត្រូវរៀនរស់ជាមួយនឹងកូវីដ-១៩ ដោយប្រកាន់ភ្ជាប់នូវគន្លងថ្មី ពោលគឺទម្លាប់ថ្មី ទម្លាប់ស្អាត ដែលទិសស្លោកប្រចាំឆ្នាំ របស់យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២១នេះ។ ទិសស្លោកថ្មី គឺជាការវិវត្តន៍ និងកែសម្រួលពីពាក្យស្លោកចាស់ កាលពីឆ្នាំ២០២០ គឺ ស្អាតជាទម្លាប់ថ្មី ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បច្ចុប្បន្ន ដោយក្ដោបបញ្ចូលទាំងការឆ្លើយតបទៅលើបញ្ហាកូវីដ-១៩ផង ព្រមទាំងវិស័យអប់រំ អនាម័យ និងបរិស្ថានផងដែរ។
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសហស្ថាបនិក «គម្រោងស្អាត» បានគូសបញ្ជាក់បន្ថែមថា «ក្នុងន័យនេះ ទម្លាប់ថ្មី ទម្លាប់ស្អាត គឺមិនត្រឹមតែ សំដៅដល់ទម្លាប់ក្នុងការគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលើសពីនេះ គឺការជំរុញ និងការលើកកម្ពស់ការរស់នៅ ដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបវិជ្ជាជីវៈផ្សេងៗ ប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ជាមួយនឹងទម្លាប់ថ្មី»៕