«គម្រោងភ្នំពេញស្អាតគឺជាដៃគូដ៏សំខាន់របស់ក្រសួងបរិស្ថានក្នុងការបំពេញការងារលើការគ្រប់គ្រងសំណល់រឹងសំរាមជាពិសេសលើការងារផ្សព្វផ្សព្វលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបញ្ហាសំរាម និងចូលរួមគ្រប់គ្រងសំរាម និងការសម្អាតអនាម័យបរិស្ថាន»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងកម្មវិធីប្រកាសបើកជាផ្លូវការយុទ្ធនាការ«ភ្នំពេញស្អាត»ឆ្នាំ២០២១ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

ការថ្លែងដូច្នេះក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចូលរួមកម្មវិធីប្រកាសបើកជាផ្លូវការយុទ្ធនាការ«ភ្នំពេញស្អាត» ឆ្នាំ ២០២១ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត។ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា គម្រោងភ្នំពេញស្អាតត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធ បង្កើតឲ្យមានសំឡេងតែមួយ ពីសំណាក់ស្ថាប័នអង្គការ អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រូបវន្តបុគ្គល និងនីតិបុគ្គល និងគ្រប់មជ្ឈដ្ឋាន គ្រប់វិស័យ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យ រួមគ្នាក្នុងការចូលរួមចំណែកលើកកម្ពស់ មេត្រីភាពបរិស្ថាន ជាពិសេសបញ្ជៀបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយ ស្ដីពី ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីបំផុសការចូលរួមចំណែកទាំងអស់ ក្នុងការថែទាំ និងលើកកម្ពស់សោភ័ណ្ឌភាពប្រទេសកម្ពុជា ឲ្យមានភាពប្រសើរឡើង ព្រមទាំងជំរុញកិច្ចការពារបរិស្ថានល្អ អនា ម័យល្អ ភាពស្រស់បំព្រង ផាសុកភាពល្អ ដែលជាភាពស៊ីវិល របស់សង្គមសម័យទំនើប។
ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងបន្តថា «ជាការពិត យុទ្ធនាការភ្នំពេញស្អាត បាននិងកំពុងរួមចំណែកជាមួយអាជ្ញាធរដែនដី មានសមត្ថកិច្ច ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំចូលរួមដោះស្រាយបញ្ហាសំរាម តាមរយៈផែនការសកម្មភាពនានា នៅក្នុងនោះក៏មានផងដែរ ក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត របស់ក្រសួងទេសចរណ៍ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស យុទ្ធសាស្រ្ដរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអប់រំ អនាម័យ និងបរិស្ថានស្អាត នៅតាមបណ្ដាគ្រឹះស្ថានអប់រំ ក៏ដូចជាគោលនយោបាយ គ្រប់គ្រងសំរាមរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលសុទ្ធសឹងតែជាផែនការយុទ្ធសាស្រ្ដ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយ និងលើកកម្ពស់អនាម័យទីក្រុង និងជំរុញមេត្រីភាពបរិស្ថាន ដែលក្នុងនោះ យើងក៏មិនភ្លេចដែរ នូវគោលនយោបាយផ្សព្វផ្សាយពីសំណាក់ក្រសួងព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ថែមមួយកម្រិតទៀត»។

ឯកឧត្ដម បានថ្លែងបន្តថា យ៉ាងណាមមិញ អំឡុងឆ្នាំ២០២១នេះ ការរស់នៅរបស់មនុស្សជាតិ មិនទាន់អាចត្រឡប់ទៅកាន់ភាពប្រក្រតីពេញលេញភ្លាមៗ នោះទេ។ ប៉ុន្តែស្ថិតក្នុងកាលៈទេសៈ ក្នុងពេលបច្ចុប្បន្ននេះ យើងត្រូវរៀនរស់ជាមួយនឹងកូវីដ-១៩ ដោយប្រកាន់ភ្ជាប់នូវគន្លងថ្មី ពោលគឺទម្លាប់ថ្មី ទម្លាប់ស្អាត ដែលទិសស្លោកប្រចាំឆ្នាំ របស់យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២១នេះ។ ទិសស្លោកថ្មី គឺជាការវិវត្តន៍ និងកែសម្រួលពីពាក្យស្លោកចាស់ កាលពីឆ្នាំ២០២០ គឺ ស្អាតជាទម្លាប់ថ្មី ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បច្ចុប្បន្ន ដោយក្ដោបបញ្ចូលទាំងការឆ្លើយតបទៅលើបញ្ហាកូវីដ-១៩ផង ព្រមទាំងវិស័យអប់រំ អនាម័យ និងបរិស្ថានផងដែរ។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសហស្ថាបនិក «គម្រោងស្អាត» បានគូសបញ្ជាក់បន្ថែមថា «ក្នុងន័យនេះ ទម្លាប់ថ្មី ទម្លាប់ស្អាត គឺមិនត្រឹមតែ សំដៅដល់ទម្លាប់ក្នុងការគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលើសពីនេះ គឺការជំរុញ និងការលើកកម្ពស់ការរស់នៅ ដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបវិជ្ជាជីវៈផ្សេងៗ ប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ជាមួយនឹងទម្លាប់ថ្មី»៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី