អនាម័យបរិស្ថានស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នា
ថ្ងៃ ព្រហស្បតិ៍, 20 មករា, 2022ព្រៃវែង ៖ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា អនាម័យបរិស្ថានស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នា ហើយការចូលរួមសហការក្នុងការគ្រប់គ្រងសំរាមបានល្អ នាំឲ្យទីក្រុង ទីប្រជុំជន ជាពិសេសភូមិឋានមានសោភណ្ឌភាព មនុស្សរស់មានសុខភាពល្អ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះជាប្រសាសន៍លើកឡើង ក្នុងពេលឯកឧត្តម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាច្រើននាក់។
លោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង បានលើកឡើងពីផែនការសកម្មភាពគ្រប់គ្រងបរិស្ថាន ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការអប់រំនិងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការលើកទឹកចិត្តក្នុងការអនុវត្តសកម្មភាពមេត្រីបរិស្ថានដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការគ្រប់គ្រងសំណល់រឹង សំរាមនៅតាមទីក្រុង និងទីប្រជុំជន៕