កម្មវិធីចុះជួបសំណេះសំណាល សួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅសាលាមត្តេយ្យ ៨មីនា
ថ្ងៃ សុក្រ, 27 មករា, 2023លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហពន្ធ័យុវជនរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំក្រុមការងារ សសយក រាជធានីភ្នំពេញ ជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅសាលាមត្តេយ្យ ៨មីនា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
លោកជំទាវ ឌិត នីតា បានថ្លែងឱ្យដឹងថា សហភាពសហពន្ធ័យុវជនរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់សង្គមតាមរយៈក្រុមការងារគ្រួសារយើង ដោយរៀបចំជាកម្មវិធីចុះជួបសំណេះសំណាល ពិនិត្យសុខភាពជូនក្រុមគ្រួសារដែលងាយរងគ្រោះ ផ្តល់នូវអំណោយមនុស្សធម៌ ក៏ដូចជាការបង្កើតនូវវីដេអូអប់រំខ្លីៗស្តីពីសុខមាលភាពក្នុងក្រុមគ្រួសារជាដើម។ ជាក់ស្តែងក្នុងថ្ងៃនេះ ក្រុមការងារបានរៀបចំកម្មវិធីសំណេះសំណាលនេះទ្បើងដើម្បីបានជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូទាំងអស់គ្នាដែលជាអ្នកបណ្តុះបណ្តាល មើលថែនូវពន្លកសង្គម តម្រែតម្រង់ឲ្យពន្លកទាំងអស់ឲ្យដុះទ្បើងប្រកបដោយភាពរឹងមាំ ក្លាយជាពលរដ្ឋដ៏ល្អនៃសង្គមជាតិ។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បាននាំនូវសម្ភារៈសិក្សា ថវិកា និងអាហារបំប៉នមួយចំនួនដែលជាការជួយឧបត្តម្ភពីសប្បរសជន សម្រាប់ចែកជូនមតេយ្យទាំង១៩ ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងមតេយ្យសាលា។
លោកជំទាវ ឌិត នីតា បានសង្កត់ធ្ងន់ថា លើសពីបំនិនជីវិត លើសពីចំណេះដឹងស្នូល លោកគ្រូ អ្នកគ្រូបានផ្តល់ទៅឱ្យក្មួយៗ លោកគ្រូ អ្នកគ្រូផ្តល់ឱ្យយើងខ្ញុំទាំងអស់គ្នាជាមាតា បិតា នូវឱកាសក្នុងការធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិតផងដែរ ព្រោះថាបើមិនមានសាលាមតេ្តយ្យដែលជាកន្លែងមានសុវត្ថិភាព និងមិនមានលោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានទំនុកចិត្តទេ យើងខ្ញុំដែលជាមាតា និងបិតា មិនអាចទុកកូនចោលហើយចេញទៅប្រកបរបបានទេ៕