រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្តើមពីយុទ្ធនាការសាមញ្ញ តែមានភាពយូរអង្វែងឆ្ពោះទៅភាពស្អាត ភាពបៃតង និងចីរភាព
ថ្ងៃ សុក្រ, 27 តុលា, 2023“ផ្តើមពីយុទ្ធនាការសាមញ្ញ តែមានភាពយូរអង្វែងឆ្ពោះទៅភាពស្អាត ភាពបៃតង និងចីរភាព ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ” គឺជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន និងពិធីប្រគល់ជ័យលាភីប្រឡង ប្រណាំង « ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្ដិទី៦ ឆ្នាំ២០២៣ នៅថៃ្ងព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន ។
ថ្លែងឡើងដោយផ្ទាល់ និងប្រយោល ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យប្រតិបត្តិករទាំងអស់បន្តសកម្មភាពស្អាត និងផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីបន្សល់ទុកភាពស្អាត គ្មានសំណល់ប្លាស្ទិកជាកេរ្តិ៍ដំណែលដល់អ្នកជំនាន់ក្រោយ ឱ្យដូចជាបុព្វបុរសនាសម័យអង្គរដែលបានបន្សល់នូវប្រាសាទអង្គរវត្ត ។
ជាមួយគ្នានេះ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានគូសបញ្ជាក់បន្ថែមស្តីពី នីតិវិធីនៃការដាក់ពាក្យប្រឡងប្រណាំង តាមប្រព័ន្ធអនឡាញ Zoom និងការចុះពិនិត្យផ្ទាល់នៅទូទាំងរាជធានីខេត្ត ដែលមានសមាសភាពចូលរួមពីអភិបាល អភិបាលរង នៃគណៈ អភិបាលខណ្ឌ ក្រុង ស្រុក មន្ត្រីនៃមន្ទីរបរិស្ថានរាជធានី ខេត្ត និងមន្ត្រីនៃរដ្ឋបាលខណ្ឌ ក្រុង ស្រុក រួមទាំងមេឃុំ និងចៅសង្កាត់ ។ ចំពោះការផ្តល់រង្វាន់លើកទឹកចិត្តនេះទៀតសោត ប្រតិបត្តិករឆ្នើមនឹងទទួលបាន បណ្ណជ័យលាភី ចំនួន ១ ពានរង្វាន់ចំនួន ១ និង ថវិកាចំនួន ៣លានរៀល ។
សូមជម្រាបជូនថា ពិធីប្រគល់ជ័យលាភីប្រឡង ប្រណាំង « ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្ដិទី៦ ឆ្នាំ២០២៣ មានគោលបំណង ផ្តល់រង្វាន់លើកទឹកចិត្តដល់ប្រតិបត្តិករ និងអាជ្ញាធរឃុំ-សង្កាត់ ដែលបានចូលរួមអនុវត្តសកម្មភាពមេត្រីបរិស្ថាន ដើម្បីចែករំលែកបទពិសោធន៍ និងផ្សព្វផ្សាយនៃគំរូភាពមេត្រីបរិស្ថាន ដែលប្រតិបត្តិករឆ្នើមទទួលបានប្រចាំឆ្នាំនេះ ទៅដល់សាធារណជនដទៃទៀតឱ្យចូលរួមប្រតិបត្តិករមេត្រីកាន់តែសកម្ម និងមានវិសាលភាពធំទូលាយជាងមុន ប្រសិទ្ធភាពជាងមុន ៕