ទីស្តីការក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការដឹកនាំតម្រង់ទិសគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា ដោយការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងលោក Koen Everaet អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងក្រសួងបរិស្ថាន តំណាងសហភាពប្រចាំកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ២០រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងអនុម័តលើផែនការសកម្មភាព និងផែនការថវិកាក្នុងឆ្នាំ២០២៦ របស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា និង បង្ហាញពីទិដ្ឋភាពទូទៅរបស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និង មីក្រូប្លាស្ទិក។ ជាមួយគ្នានេះ សហភាពអឺរ៉ុបនឹងចូលរួមពង្រឹងការគ្រប់គ្រង ការកែច្នៃ និងការទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជា។

ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និតជាមួយក្រសួងបរិស្ថាន ដើម្បីដោះស្រាយសំណល់ប្លាស្ទិក ដែលជាក្តីកង្វល់របស់ពិភពលោកដោយមិនចំពោះតែកម្ពុជា និងតំបន់នោះទេ។

ជាក់ស្តែងការប្រយុទ្ធប្រឆាំងសំណល់ សំរាមប្លាស្ទិកនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ រាប់ចាប់តាំងពីយុទ្ធនាការបន្តរហូតមកដល់ចលនា ដោយផ្តើមចេញពីការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋប្រមាណជាង១៤លាននាក់ នៅក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងប្រមាណជាង ៧លាននាក់នៅក្នុងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក” ដែលទទួលបានភាពស្អាតប្រមាណជាង ៨០%។

លើសពីនេះ ក្រសួងបរិស្ថានក៏បានដាក់ចេញនូវយន្តការ និងដំណោះស្រាយជាច្រើន ដែលក្នុងនោះរួមមាន ការផ្តល់ជូនធុងសំរាមឱ្យប្រជាពលរដ្ឋបែងចែក និងទុកដាក់សំរាម ជាពិសេសការរៀបចំឱ្យមានទីលានទុកដាក់សំរាមឱ្យត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស ដែលជាការការពារដល់សុខមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គការដៃគូសូមចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីឆ្ពោះទៅការគ្រប់គ្រងសំណល់ប្លាស្ទិកដ៏ប្រសើរ ដែលស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព