គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026គណៈប្រតិភូនៃស្ថាប័នធំៗពីប្រទេសជប៉ុន ដែលរួមមានស្ថាប័ន Japan External Trade Organization (JETRO), The Japan Aerospace Exploration Agency (JAXA) the Japan Space Forum (JSF) ជាដើមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការរៀបចំកម្មវិធី «Cambodia-Japan Economic Co-Creation Networking Symposium and Business Matching» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។ កម្មវិធីនេះបានបើកទំព័រថ្មីមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញធុរកិច្ច បៃតងនិងបច្ចេកវិទ្យាអវកាសសម្រាប់បរិស្ថាន រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។
ប្រតិភូជប៉ុនបានបង្ហាញនូវការកោតសរសើរ ចំពោះការរៀបចំព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ខាងលើនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកវិយោគ ពាណិជ្ជករ ក្នុងវិស័យសាធារណៈ និងឯកជននៃប្រទេសទាំងពីរ ចំនួនជាង ២០០នាក់ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរួមគ្នាបង្កើតថ្មី (Co-Creation) ដែលសម្រេចបានលទ្ធផលជោគជ័យ ដោយបានបង្កើតគម្រោង កិច្ចសហប្រតិបត្តិការចំនួន ២០ ផងដែរ។ ជាមួយគ្នានេះប្រតិភូប្រទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ របស់ក្រសួងបរិស្ថានកម្ពុជា និងប្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ជាពិសេសការផ្សារភ្ជាប់បច្ចេកវិទ្យាជឿនលឿន របស់ជប៉ុន ជាមួយនឹងវិស័យធុរកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕









ព័ត៌មានបន្ថែម
