សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026ខេត្តត្បូងឃ្មុំ៖ សមិទ្ធផលអគារសិក្សាថ្មី និងហេដ្ឋារចនាសម្ព័ន្ធអប់រំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំក្រសួង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អភិបាលរងខេត្តព្រមទាំងក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក់ខូអិលធីឌី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១ ៥០០នាក់។
សមិទ្ធផលអគារសិក្សាថ្មីនេះ រួមមាន អគារសិក្សាថ្មី ១ខ្នង មាន៥បន្ទប់ និងអគារជួសជុល១ខ្នង មាន៣បន្ទប់ព្រមទាំងបំពាក់ឧបករណ៍សម្ភារៈសិក្សា និងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) នៅសាលាបឋមសិក្សា គ្រញូង និងអគារសិក្សាថ្មី ១ខ្នង មាន ៥បន្ទប់ បន្ទប់អនាម័យថ្មី ១ខ្នង ៥បន្ទប់ ដោយមានបំពាក់ឧបករណ៍សម្ភារៈសិក្សា និងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) នៅអនុវិទ្យាល័យ និងបឋមសិក្សា ជីពាំង ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សមិទ្ធផលដែលស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការកសាងធនធានមនុស្សនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចធិបតីព្រមទាំងលោកជំទាវបណ្ឌិតជូនចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដោយបង្ហាញពីការយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការបង្កើតឱ្យមានបរិស្ថានសិក្សាដ៏ល្អ ប្រសើរ ស្អាតមានអនាម័យដែលជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរស្រុកពញាក្រែក និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក-ខេត្ត បន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ដើម្បីដើរទន្ទឹមគ្នានឹងការបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ រាប់ទាំងបទល្មើសបច្ចេកវិទ្យា (Online Scams) ក្នុងគោលដៅធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។
សូមជម្រាបជូនថា អគារសិក្សាថ្មី ១ខ្នងនៅសាលាបឋមសិក្សា គ្រញូងដែលមាន៥បន្ទប់ និងអគារជួសជុល១ខ្នង មាន៣បន្ទប់ ព្រមទាំងឧបករណ៍សម្ភារៈសិក្សា ទទួលបានការឧបត្ថម្ភគាំទ្រពី ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក់ ខូអិលធីឌី (Angkor Milk) និងអគារសិក្សាថ្មី ១ខ្នងនៅអនុវិទ្យាល័យ និងបឋមសិក្សា ជីពាំង ដែលមាន ៥បន្ទប់ និងបន្ទប់អនាម័យថ្មី១ខ្នងទៀត មាន ៥បន្ទប់ គឺជាគម្រោងរបស់ធនាគារពិភពលោក (World Bank) និងការរួមចំណែកពីសប្បុរសជននានា ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕














ព័ត៌មានបន្ថែម
