ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ មកពីស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានថ្លែងអំណរគុណនិងជំរុញឱ្យមានការចូលរួម កាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ការបង្កើនភាពស្អាតរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ សម្អាតអនាម័យតាមកន្លែងការងារ និងមូលដ្ឋាននានា ជួយបង្កើនសោភ័ណភាព មានអនាម័យ ទាក់ទាញទេសចរណ៍ និងធ្វើឱ្យមានសុខភាពល្អ។ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់ប្រភេទ ព្រះសង្ឃ អង្គការយុវជនកម្ពុជា សមាគម អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ទាំងនៅទីក្រុង និងជនបទ នឹងជំរុញភាពស្អាតរបស់កម្ពុជា ឱ្យបានល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់ការទាក់ការវិនិយោគ បង្កើនជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា ស្របនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើការអប់រំ ផ្សព្វផ្សាយ តាមរយៈយុទ្ធនាការនានា រួមមានយុទ្ធនាការប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំ មិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការធ្វើសកម្មភាព «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ជាមួយនឹងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យមានចំណេះដឹងលើភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងលើមេឃ ដោយចាប់ផ្តើមពីការធ្វើឱ្យភាពស្អាតនៅក្នុងខ្លួនបុគ្គលម្នាក់ៗ បន្តមកភាពស្អាតនៅក្រៅខ្លួន ដែលត្រូវធ្វើសកម្មភាពសម្អាត ដើម្បីកម្ពុជាមានភាពស្អាតជានិច្ចនិរន្តរិ៍ បន្ទាប់មកទៀត គឺការបន្តធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាតលើឆាកអន្តរជាតិ មានភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាបន្តមកទៀតនេះ ក្រសួងបរិស្ថានដាក់ចេញសកម្មភាពទប់ស្កាត់ការបំពុលបរិស្ថាន ដែលក្នុងនោះសម្រាប់ភាពស្អាតលើដី គឺជំរុញឱ្យមាន ការគ្រប់គ្រងសំរាម ញែកសំរាម និងសំណល់ប្លាស្ទិក ធ្វើការចែកធុងសំរាម ជូនទៅគ្រប់រដ្ឋបាលរាជធានីខេត្ត ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាម និងការបំពាក់ឡដុតសំរាមបន្ថែមទៀត ដើម្បីបង្កើននូវភាពស្អាតរបស់កម្ពុជា៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ខេត្តតត្បូងឃ្មុំ
ថ្ងៃ អាទិត្យ, 14 កញ្ញា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ខេត្តតត្បូងឃ្មុំ
ការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា លើកកម្ពស់ការចូលរួមឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព
ថ្ងៃ ព្រហស្បតិ៍, 11 កញ្ញា, 2025 ការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា លើកកម្ពស់ការចូលរួមឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព
ក្រសួងបរិស្ថាន បើកបង្ហាញផែនទីបង្ហាញផ្លូវ ដើម្បីអនាគតកម្ពុជាស្អាត បៃតង និងប្រកបដោយចីរភាព
ថ្ងៃ ព្រហស្បតិ៍, 11 កញ្ញា, 2025 ក្រសួងបរិស្ថាន បើកបង្ហាញផែនទីបង្ហាញផ្លូវ ដើម្បីអនាគតកម្ពុជាស្អាត បៃតង និងប្រកបដោយចីរភាព