ឯកឧត្តម មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីយ៉េ (Turkey)  ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសតួកគីយ៉េ ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យបរិស្ថាន ការវិនិយោគថាមពលស្អាត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសតួកគីយ៉េ បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានគាំទ្រប្រទេសតួកគីយ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល លើកទី៣១ ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ  (UNFCCC) ឬហៅកាត់ថា COP31 និងបានលើកឡើងអំពីការអញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងសន្និសីទ COP31 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Antalya ប្រទេសតួកគីយ៉េ នៅថ្ងៃទី៩-២០ ខែវិច្ឆិកា ឆ្នាំ​២០២៦ខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការគាំទ្រនិងចូលរួមរបស់ប្រទេសតួគីយ៉េ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសជំរុញទំនាក់ទំនងការទូត វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងបរិស្ថាន រវាងប្រទេសទាំង២កម្ពុជា-តួកគីយ៉េ។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍សង្កត់ធ្ងន់ លើការអញ្ជើញចូលរួមកិច្ចប្រជុំ COP31 ដែលជាព្រឹត្តិការណ៍សំខាន់ ដែលកម្ពុជាជាប្រទេសហត្ថលេខី បានត្រៀមលក្ខណៈ និងធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ COP31 ឆ្នាំ២០២៦នេះ ដោយផ្តោតលើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ការថ្លែងពីគោលជំហររបស់កម្ពុជា ត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពជាក់ស្តែង យុទ្ធសាស្ត្រថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ ឯកឧត្តមបានថ្លែងបន្ថែមថា កម្ពុជាបានរៀបចំ ព្រមទាំងបាននិងកំពុងអនុវត្តរបាយការណ៍រួមចំណែកជាតិ NDC 3.0 ដែលមានមហិច្ឆតា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% នៅត្រឹមឆ្នាំ២០៣៥ និងឈានទៅប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ជាមួយគ្ននេះ កម្ពុជាបានអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ផ្អែកសសរស្តម្ភ៣គឺលើ ភាពស្អាត (កាត់បន្ថយការប្រើថង់ប្លាស្ទិក ធ្វើការសំអាតអនាម័យ តាមមូលដ្ឋាន តាមផ្លូវជាតិ ) ភាពបៃតង (យុទ្ធនាការដាំកូនឈើ១លានដើមក្នុងមួយឆ្នាំ) និង ចីរភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ កម្ពុជាជំរុញការលើកកម្ពស់ថាមពលស្អាត និងការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលខ្យល់ ជួយដល់បរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ដើម្បីសម្រេចបាននូវគោលដៅដ៏ធំធេងនេះ កម្ពុជាក៏បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ នានា អង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានា ដើម្បីគៀងគរធនធានហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់កិច្ចអន្តរាគមន៍លើវិស័យអាកាសធាតុ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច