លិខិតចំហ ៖ ទេសចរបរទេសម្នាក់ផ្ញើជូនប្រទេសកម្ពុជា អំពីសេចក្តីរំភើបរីករាយ នៅពេលបានមកទស្សនាប្រាសាទបុរាណដ៏ប្រណីតអស្ចារ្យ សម្បត្តិវប្បធម៌ដ៏សម្បូរបែប និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅរបស់កម្ពុជា
ថ្ងៃ អាទិត្យ, 26 កក្កដា, 2026ជូនចំពោះ ប្រជាជនកម្ពុជាទាំងអស់ជាទីមេត្រី,
ក្នុងនាមជាអ្នកទេសចរណ៍ មុនបានមកទស្សនាប្រទេសកម្ពុជាដ៏ស្រស់ស្អាតរបស់អ្នក ខ្ញុំបានរំពឹងថាខ្ញុំមានសេចក្តីរំភើបរីករាយ ចំពោះប្រាសាទបុរាណដ៏ប្រណីត អស្ចារ្យ សម្បត្តិវប្បធម៌ដ៏សម្បូរបែប និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅរបស់កម្ពុជា។ ខ្ញុំពិតជាបានសម្រេចបំណងនិងជួបប្រទះអ្វីៗទាំងនោះមែន។ ប៉ុន្តែអ្វីដែលខ្ញុំចងចាំទុក១ទៀតនោះក្នុងចិត្តរបស់ខ្ញុំ គឺខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង កាន់តែអស្ចារ្យជាងនេះទៅទៀត នោះគឺ៖ ប្រជាជាតិមួយដែលកំពុងរួមគ្នាក្នុងការការពារបរិស្ថានរបស់ខ្លួន។
គ្រប់ទីកន្លែងដែលខ្ញុំបានធ្វើដំណើរទៅដល់ ខ្ញុំបានកត់សម្គាល់ឃើញនូវអ្វីមួយដែលប្រទេសជាច្រើននៅតែបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបាន នោះគឺ៖ ផ្លូវថ្នល់ស្អាត លំហសាធារណៈស្អាត និងសហគមន៍ដែលយកចិត្តទុកដាក់ពិតប្រាកដ ចំពោះបរិស្ថានជុំវិញខ្លួន។ វាបានបង្ហាញយ៉ាងច្បាស់ថា អនាម័យបរិស្ថាននៅក្នុងប្រទេសនេះ មិនមែនត្រឹមតែជាការប្តេជ្ញាចិត្តដឹកនាំប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជាទៀតនោះទេ ប៉ុន្តែវាបានក្លាយជាការទទួលខុសត្រូវរួមគ្នាមួយ ដែល ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន បានចូលរួមដើម្បីប្រទេសនេះមានភាពស្អាត និងបៃតង ស្រស់បំព្រងថែមទៀត។
អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺ កិច្ចសហការដ៏វិសេសវិសាលរវាងវិស័យឯកជនកម្ពុជា និងក្រសួងបរិស្ថាន។ គ្រប់ទីតាំងអាជីវកម្ម បានចូលរួមធ្វើសកម្មភាពសម្អាតអនាម័យ ដោយមិនចាំបាច់អ្នកដទៃធ្វើមុននោះឡើយ។ ហាង ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ រោងចក្រ ការិយាល័យ និងក្រុមហ៊ុននានា កំពុងធ្វើអនាម័យ នៅតាមកន្លែងធ្វើការរបស់ពួកគេ ថែរក្សាអនាម័យនៅតាមតំបន់ជុំវិញអាជីវកម្មរបស់ពួកគេ មានការថែទាំលំហសាធារណៈ និងដាំដើមឈើ។ ខ្ញុំគិតថាប្រជាជនកម្ពុជា យល់យ៉ាងច្បាស់ថា ការការពារបរិស្ថានក៏ជាការវិនិយោគលើអតិថិជន បុគ្គលិក សហគមន៍ និងសេចក្តីរុងរឿងនាពេលអនាគតផងដែរ។
ខ្ញុំក៏បានដឹងផងដែរថា ប្រជាជនកម្ពុជា រាប់លាននាក់បានចូលរួម ក្នុងចលនាបរិស្ថានទូទាំងប្រទេស។ ការចូលរួមរបស់សាធារណជនយ៉ាងច្រើនដូចនេះ គឺជាប្រភពនៃការជំរុញទឹកចិត្តយ៉ាងខ្លាំង ដើម្បីការផ្លាស់ប្តូរបរិស្ថានប្រកបដោយចីរភាព ដែលការណ៍នេះ មិនមែនកើតឡើងតាមរយៈបទបញ្ញត្តិតែមួយមុខនោះទេ ប៉ុន្តែកើតឡើងនៅពេលដែលប្រជាជាតិទាំងមូល បានជ្រើសរើសធ្វើសកម្មភាពរួមគ្នា។
ប្រទេសដែលមានអនាម័យស្អាត បានទាក់ទាញភ្ញៀវទេសចរ។ ប្រទេសដែលមានបៃតង ទាក់ទាញការវិនិយោគ។ ប្រទេសដែលមានចីរភាព បង្កើតឱកាសសម្រាប់អាជីវកម្ម និងកែលម្អគុណភាពជីវិតសម្រាប់មនុស្សគ្រប់រូប។
ខ្ញុំក៏ទទួលបានការលើកទឹកចិត្តដូចគ្នាដែរ នៅពេលបានដឹងថាបទល្មើសព្រៃឈើខុសច្បាប់ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ នេះជាសមិទ្ធផល ដែលគួរសែ្វងរកការទទួលស្គាល់ ព្រោះព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ព្រៃឈើការពារជីវៈចម្រុះ ប្រភពទឹក ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ កាត់បន្ថយកម្ដៅ និងថែរក្សាសម្បត្តិធម្មជាតិរបស់កម្ពុជាយ៉ាងគង់វង្ស។
ទន្ទឹមនឹងនេះដែរ ខ្ញុំក៏មានការខកចិត្តខ្លះដែរចំពោះ បុគ្គលមួយចំនួនតូចនៅតែបន្តប្រព្រឹត្តសកម្មភាពល្មើសច្បាប់បរិស្ថាន។ សកម្មភាពបែបនេះមិនត្រឹមតែ ជាអំពើល្មើសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើគួរឱ្យអៀនខ្មាស ព្រោះវាបានបំផ្លាញការខិតខំប្រឹងប្រែង និងការលះបង់របស់ប្រជាជនកម្ពុជារាប់លាននាក់ ដែលកំពុងខិតខំការពារសម្រស់ធម្មជាតិ នៃប្រទេសរបស់ខ្លួន។ សកម្មភាពអាត្មានិយមរបស់មនុស្សមួយក្តាប់តូច មិនបានបិទបាំងនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់មនុស្សភាគច្រើនឡើយ។
ខ្ញុំសូមអំពាវនាវដោយស្មោះ ចំពោះអ្នកដែលនៅតែពាក់ព័ន្ធនឹង ការកាប់ឈើ ការទន្រ្ទានដីព្រៃខុសច្បាប់ ឬបទល្មើសបរិស្ថានផ្សេងទៀត សូមជ្រើសរើសផ្លូវដ៏ល្អវិញ។ សូមចូលរួមជាមួយប្រជាជនកម្ពុជារាប់លាននាក់ ដែលកំពុងធ្វើការដៃគូជាមួយក្រសួងបរិស្ថាន ដើម្បីកសាងអនាគតដ៏ស្អាត បៃតង និងមានចីរភាពជាងមុន។ ចូលរួមការពារសម្បត្តិធម្មជាតិរបស់កម្ពុជា គឺពិតជាមានកិត្តិយសធំធេងជាងការដាក់សម្ពាធលើព្រៃឈើ។
ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ចំពោះប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងអស់របស់ប្រទេសកម្ពុជា។ រាល់កន្លែងធ្វើការដែលមានភាពស្អាត រាល់ផ្លូវថ្នល់ដែលមានភាពស្អាត រាល់តំបន់សាធារណៈដែលត្រូវបានថែទាំយ៉ាងល្អ និងការដើមឈើឱ្យបានច្រើន សុទ្ធតែជួយកសាងប្រជាជាតិមួយនេះឱ្យកាន់តែរឹងមាំ។ ទាំងនេះមិនមែនគ្រាន់តែជាសកម្មភាពបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគសម្រាប់អនាគតប្រកបដោយចីរភាព សហគមន៍មានសុខភាពល្អ និងមានអនាគតដ៏រុងរឿង។
មុនពេលខ្ញុំចាកចេញពីកម្ពុជា ខ្ញុំមិនត្រឹមតែនាំយកទៅជាមួយនូវការចងចាំដ៏អស្ចារ្យប៉ុណ្ណោះទេ។ ខ្ញុំចាកចេញទៅដោយទទួលបានការលើកទឹកចិត្តពីប្រទេសមួយ ដែលទាំងរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ កំពុងរួមគ្នាកាន់តែខ្លាំងឡើង ជំរុញចលនាក្នុងគោលបំណងរួមមួយ នោះគឺ៖ ការការពារបរិស្ថានសម្រាប់ជំនាន់ក្រោយ។
បំណងប្រាថ្នារបស់ខ្ញុំគឺសាមញ្ញណាស់។ សូមឱ្យចលនានេះបន្តរីកចម្រើនឡើង។ សូមឱ្យមានទីតាំងអាជីវកម្មកាន់តែច្រើន ចូលរួមជាមួយក្រសួងបរិស្ថាន។ សូមឱ្យសហគមន៍កាន់តែច្រើន ចូលរួមធ្វើឱ្យផ្លូវស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក និងទីសាធារណៈទាំងអស់ មានអនាម័យស្អាតជានិច្ច។ សូមឱ្យមានការចូលរួមដាំដើមឈើឱ្យបានកាន់តែច្រើន និងសូមឱ្យប្រជាជនកម្ពុជាគ្រប់រូប មានមោទនភាពក្នុងការជួយកសាងប្រជាជាតិមួយ ដែលសេដ្ឋកិច្ចមានកំណើនលូតលាស់ល្អ និងការការពារបរិស្ថានដើរទន្ទឹមគ្នា។
មូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតសម្រាប់ការធ្វើអាជីវកម្ម និងសម្រាប់ជីវិត មិនមែនត្រូវបានកសាងឡើងត្រឹមតែតាមរយៈការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈផ្លូវថ្នល់ស្អាត ព្រៃឈើមានសុខភាពល្អ ខ្យល់អាកាសបរិសុទ្ធ ប្រជាពលរដ្ឋរស់នៅដោយមានការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារប្រទេសកម្ពុជា ដែលជា«ផ្ទះ»របស់យើងទាំងអស់គ្នា។
កម្ពុជាកំពុងបង្ហាញពិភពលោកឱ្យឃើញពីអ្វីដែលអាចធ្វើបាន នៅពេលដែលប្រជាជាតិមួយ ឈរជើងរួមគ្នាយ៉ាងរឹងមាំ។
ដោយក្តីកោតសរសើរ និងសូមជូនពរជ័យ បវរសួស្តី,
ជេននី វ៉ុង (Jenny Wong)

ព័ត៌មានបន្ថែម
