ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានសមាសភាពមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទលើកទី៣១ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅទីក្រុងអង់តាលីយ៉ា ប្រទេសតួកគី។
សន្និសីទ COP31 ជាវេទិកាអន្តរជាតិដ៏សំខាន់ ដែលប្រមូលផ្តុំថ្នាក់ដឹកនាំ និងតំណាងប្រទេសជាភាគី ដើម្បីពិភាក្សា ចរចា និងសម្រេចលើសកម្មភាពរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ សន្និសីទនេះផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការពង្រឹងការបន្ស៊ាំ និងការកៀរគរហិរញ្ញប្បទានអាកាសធាតុ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលងាយរងគ្រោះ ដើម្បីជំរុញការអនុវត្តសកម្មភាពអាកាសធាតុឱ្យមានប្រសិទ្ធភាព។









