ក្រសួងបរិស្ថាន បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ នារសៀលថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន នារាជធានីភ្នំពេញ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីរបស់សាខាសមាគមនារីដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ដែលសម្រេចបាននូវលទ្ធផល គួរជាទីមោទនៈក្នុងការលើកកម្ពស់កិច្ចគាំពារ និងលើកទឹកចិត្តចំពោះស្រ្តីគ្រប់បែបយ៉ាង លោកជំទាវ បានគាំទ្រចំពោះការលើកឡើងនូវប្រធានបទខាងលើ ដើម្បីចូលរួមអបអរសាទរខួបលើកទី ១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលយើងទាំងអស់គ្នាត្រូវតែគាំទ្រ និងទទួលស្គាល់ថា ការថែរក្សាសន្តិភាពគឺជាកិច្ចការមួយដែលត្រូវរួមគ្នាធ្វើជាចាំបាច់ ដោយមិនត្រូវមើលរំលងឡើយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់បន្ថែមថា ប្រធានបទឆ្នាំនេះ ផ្តោតជាសំខាន់លើ អត្ថន័យ ខ្លឹមសារយ៉ាងជ្រាលជ្រៅ ដែលបានរំលេចពីតម្លៃនៃសន្តិភាព ការលើកកម្ពស់វប្បធម៌អហិង្សា និងសាមគ្គីភាព ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រ និងជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខមាលភាពសង្គម ព្រមទាំងប្តេជ្ញារួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ សម្រាប់កូនចៅយើងជំនាន់ក្រោយ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីស្នាដៃស្រ្តីនៃក្រសួងបរិស្ថាន ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួនក្នុងការងារសង្គម ជាពិសេសក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព បានជោគជ័យនាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះស្រ្តីក្រសួងបរិស្ថាន ជាធនធានដ៏សំខាន់ ស្រ្តីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម ហើយស្រ្តីបានចូលរួមក្នុងការអប់រំបរិស្ថាន និងជាពិសេសបណ្តុះមនសិកាកុមារតូចៗ ឱ្យចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ដែរថា ស្រ្តីក្នុងក្រសួងបរិស្ថាន ទទួលបានការលើកទឹកចិត្ត គាំពារ និងគាំទ្រទាំងសមត្ថភាព តួនាទី និងភារកិច្ច ព្រំទាំងបានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបានចូលរួមសកម្មភាពសង្គម ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយនានារបស់រាជរដ្ឋភិបាល។

សូមបញ្ជាក់ថា ក្នុងក្រសួងបរិស្ថាន ស្រ្តី៤៤នាក់ ជាមន្រ្តីឧទ្យានុរក្ស ដែលបានដើរតួនាទី យ៉ាងសំខាន់ក្នុងការការពារដែនជម្រកសត្វព្រៃ ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា និងកំពុងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញទៅនឹងការទន្ទ្រានយកដី និង បរបាញ់សត្វព្រៃ។

ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិទាំង១៦៨ មានស្រ្តី ៣នាក់ជាប្រធានសហគមន៍ និងស្រ្តីចំនួន២៩៩នាក់ ជាសមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ដែលមានតួនាទីក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការអភិរក្សជីវៈចម្រុះ និងការស្តារឡើងវិញនូវធនធានធម្មជាតិ ក៏ដូចជាការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិផងដែរ។

ក្រសួងបរិស្ថាន មានមហិច្ឆិតាក្នុងការធានាឱ្យមានសមភាពយេនឌ័រ កែប្រែនូវវិសមភាពលើទំនាក់ទំនងរវាងស្រ្តី និងបុរសក្នុងការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្តីសម្រេចចិត្តក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាការផ្តល់លទ្ធភាពក្នុងការលើកកម្ពស់ស្ថានភាព និងសមត្ថភាពស្រ្តីក្នុងការបំពេញការងារ ក៏ដូចជាឆ្លើយតបនឹងតម្រូវការក្នុងការធ្វើឱ្យមានសមភាព និងសម-ធម៌យេនឌ័រ និងដើម្បីបង្កើនឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀតរវាងស្រ្តី និងបុរសក្នុងវិស័យបរិស្ថាន។ សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យបរិស្ថាននេះ មិនត្រឹមតែមានឥទ្ធិពលខ្លាំងទៅលើការរីកចម្រើនដោយស្ថិរភាព និងការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណុចសំខាន់ផងដែរ ចំពោះគោលដៅទាំងអស់នៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

ព័ត៌មានបន្ថែម

ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
ថ្ងៃ សុក្រ, 21 វិច្ឆិកា, 2025 ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា, 2025 កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)
ថ្ងៃ ពុធ, 19 វិច្ឆិកា, 2025 កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)