បាត់ដំបង ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានអញ្ជើញចូលរួមជួបសំណេះសំណាល និងប្រគល់ម៉ូតូចំនួន ៦គ្រឿង របស់គម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ជូនដល់មន្ទីរបរិស្ថានខេត្តបាត់ដំបង នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។

លោក កត បូរាន ប្រធានមន្ទីបរិស្ថានខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន ដែលបានលើកទឹកចិត្តបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ និងការរស់នៅដោយចីរភាព។ លោកប្រធានមន្ទីរបានបន្ថែមថា ខេត្តបាត់ដំបង មានតំបន់ការពារធម្មជាតិចំនួន៣ គឺដែនជម្រកសត្វព្រៃភ្នំសំកុស តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត តំបន់រ៉ាមសារព្រែកទាល់ រួមជាមួយរបៀងអភិរក្សជីវៈចម្រុះ ដែលមានផ្ទៃដីសរុបទំហំជាង១០២៨៤០ ហិកតា។ កន្លងមកមានបញ្ហាប្រឈមមួយចំនួនដូចជាការកាប់រានទន្ទ្រានដីព្រៃ បទល្មើសធនធានធម្មជាតិ និងបរិស្ថានខុសច្បាប់ ហើយមន្ទីរបរិស្ថានដោយមានកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធបានចុះធ្វើការរអប់រំ ផ្សព្វផ្សាយពីកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិក៏ដូចជាការអនុវត្តវិធានការច្បាប់។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ការប្រគល់សម្ភារៈនាថ្ងៃនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ហើយក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះការលះបង់ខ្ពស់ចំពោះការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្រ្តីមន្ទីរបរិស្ថាន រួមជាមួយមន្រ្តីឧទ្យានុរក្ស ដែលបានខិតខំបំពេញការងារកន្លងមក ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការស់នៅដោយចីរភាព។

ឯកឧត្តម សៅ សុភាព បានលើកឡើងបន្ថែមថា គម្រោងគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»នឹងចូលរួមធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានធម្មជាតិ គឺដើម្បីអភិវឌ្ឍន៍ឱ្យមាននិរន្តរភាព ព្រោះគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺបានរៀបចំ និងគាំទ្រដល់សហគមន៍ទេសចរណ៍ធម្មជាតិ ដែល មាននៅក្នុងតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលនៅតំបន់បឹងទន្លេសាប ដែលក្នុងនោះគាំទ្រដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យវិស័យទេសចរណ៍ ទាក់ទាញសក្តានុពល បង្កើតបានជាប៉ូលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមូលថវិកាចូលជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លើកទឹកចិត្តបន្ថែមទៀត អាជ្ញាធរគ្រប់លំដាប់ថា្នក់ ពាក់ព័ន្ធ និងមន្ទីរបរិស្ថានខេត្ត ចូលរួមសហការពង្រឹងការគ្រប់គ្រងទីជម្រាលនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុសដើម្បីនិរន្តរភាពនៃការថែរក្សាមុខងារប្រព័ន្ឋអេកូឡស៊ីជាពិសេសគឺសន្តិសុខទឹក។ ជាមួយគ្នានេះឯឧត្តបានស្នើខេត្តឲ្យមានការចូលរួមបន្ថែមទៀតលើបញ្ហាអនាម័យបរិស្ថាននៅក្នុងទីក្រុង ទីប្រជុំជន កិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ ង្កើនសកម្មភាពល្បាតទប់ស្កាត់នូវបទល្មើសផ្សេង ដើម្បីថែរក្សាបាននូវសម្បត្តិធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម សៅ សុភាព បានបញ្ជាក់បន្ថែមថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺបានរៀបចំ និងគាំទ្រដល់សហគមន៍ទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលនៅតំបន់បឹងទន្លេសាប ដែលក្នុងនោះគាំទ្រដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យវិស័យទេសចរណ៍ ទាក់ទាញសក្តានុពល បង្កើតបានជាប៉ូលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រមូលថវិកាចូលជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ។

ក្រោមការគាំទ្រពីធនាគារពិភពលោកលោក ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តគម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) អនុវត្តនៅក្នុងតំបន់គោលដៅរួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ និងនៅតាមតំបន់ការពារធម្មជាតិគោលដៅរួមមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី