(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្ដែងការសោកស្ដាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបាញ់សម្លាប់សត្វស្វាកន្ទុយស នៅខេត្តស្ទឹងត្រែង ដែលជាប្រភេទសត្វកម្រ នៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានអះអាងទៀតថា ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសនេះ ត្រូវបានអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ខ្លួនបានហើយ និងបានប្រគល់ឲ្យមន្ដ្រីបរិស្ថាន ដើម្បីត្រៀមបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការតាមផ្លូវច្បាប់ជាធរមាន។

លោក នេត្រ ភក្ដ្រា បានថ្លែងយ៉ាងដូច្នេះថា «ចំពោះជនសង្ស័យដែលបានបាញ់សម្លាប់សត្វស្វាកន្ទុយស ដែលជាសត្វកម្រនៅក្នុងពិភពលោក នឹងត្រូវបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង ដើម្បីអនុវត្តតាមផ្លូវច្បាប់នៅស្អែក។ ពេលនេះមន្ដ្រីក្រសួងបរិស្ថាន បានទទួលជនសង្ស័យពីអាវុធហត្ថខេត្តស្ទឹងត្រែងហើយ»។

ដោយឡែក សពសត្វស្វាកន្ទុយស ដែលត្រូវជនសង្ស័យបាញ់សម្លាប់នេះ សមត្ថកិច្ចបានយកទៅដុតរំលាយសពរួចរាល់ហើយ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះ លោក នេត្រ ភក្ដ្រា បានឲ្យដឹងថា រហូតមកដល់ពេលនេះ សត្វស្វាកន្ទុយស នៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង២ម៉ឺនក្បាល ដែលកំពុងមានវត្តនៅភាគខាងកើត និងខាងជើងទន្លេមេគង្គ ពោលមាននៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ។ ខេត្តមណ្ឌលគិរី ជាខេត្តដែលមានសត្វស្វាកន្ទុយសច្រើនជាងគេ ពិសេសក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា។

បន្ថែមពីនេះ ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកនៅតំបន់ព្រៃភ្នំ សូមបញ្ឈប់ការបាញ់សម្លាប់សត្វ ដើម្បីយកមកធ្វើជាចំណីអាហារ ឬដើម្បីផលប្រយោជន៍ផ្សេងៗ ព្រោះថាមកទល់ពេលនេះ សត្វព្រៃមួយចំនួនបានជិតផុតពូជទៅហើយ។

សូមជម្រាបថា ស្វាកន្ទុយស ដែលជាសត្វកម្រនៅខេត្តស្ទឹងត្រែង ត្រូវគេបាញ់ចំកណ្ដាលក្បាលបណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចក្រឡាពុះ ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយមានហេតុការណ៍នេះ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានស្រាវជ្រាវភ្លាមៗ ដោយសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស រហូតឈានដល់ការចាប់ខ្លួនបានជនសង្ស័យផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលធ្វើសកម្មភាពបាញ់សម្លាប់សត្វស្វាកន្ទុយសនេះ ឈ្មោះ ណាំ យ៉ុន អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន។ ក្នុងនោះសមត្ថកិច្ចដកហូតបាន សត្វស្វា (ប្រភេទស្វាកន្ទុយស) ចំនួន០១ក្បាល និងអាវុធកែឆ្នៃ (កាំភ្លើងខ្យល់) ចំនួន០១ដើមផងដែរ៕

ប្រភពហ្វ្រេសញ៉ូវ

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព