ក្រសួងបរិស្ថានរៀបចំពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤
ថ្ងៃ ចន្ទ, 31 សីហា, 2020ថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងបរិស្ថាន និងក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ សកលវិទ្យាល័យ អង្គការជាតិ និងអង្គការ អន្តរជាតិ ដែលទទួលបន្ទុកការងារទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ បានជួបជុំគ្នាក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ កាលពីថ្មីៗមកនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានឱ្យដឹងថាវេទិកានេះរៀបចំឡើងក្នុងគោលបំណងនៃសិក្ខាសាលា គឺដើម្បី៖បង្ហាញពីវឌ្ឍនភាពនៃការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ និងប្រមូលធាតុចូលសំខាន់ៗពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សំដៅបម្រើឱ្យការធ្វើបច្ចុប្បន្នភាព និងបង្កើន គុណភាពរបាយការណ៍ស្ថានភាពបរិស្ថានជាតិឱ្យកាន់តែប្រសើរ។
ក្នុងពេលអញ្ជើញជាអធិបតី បើកសិក្ខាសាលានេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ចាក់ថាៈបរិស្ថាន គឺជាការងារពហុវិស័យ និង ពហុជំនាញ ដែលក្នុងន័យនេះតម្រូវឱ្យមានការចូលរួមផ្តល់គំនិតយោបល់មតិ ក៏ដូចជាការចែករំលែកទិន្នន័យ ព័ត៌មានគ្នាសម្រាប់ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ។ ឯឧត្តម បានបន្ថែមថា «ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជាការចងក្រង ប្រមូលផ្តុំនូវឯកសារ ទិន្នន័យគោល និងព័ត៌មានបែបវិទ្យាសាស្រ្តអំពីបរិស្ថាន និងធនធានធម្មជាតិ សម្រាប់អ្នករៀបចំគោលនយោបាយ អ្នកធ្វើផែនការ អ្នកគ្រប់គ្រង អ្នកសិក្សាស្រាវជ្រាវ វិនិយោគិន អង្គការជាតិ និងអន្តរជាតិ។ល។ ប្រើប្រាស់ជាមូលដ្ឋាន ដើម្បីសម្រេចបានទៅតាមគោលបំណងរៀងៗខ្លួនតួយ៉ាងដូចជាការធ្វើសេចក្តីសម្រេច ការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមកម្មវិធីនយោបាយជាតិ ការបង្កើនចំណេះដឹងបញ្ញាញាណក្នុងវិស័យបរិស្ថាន»។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់លើគោលនយោបាយ បរិស្ថាន និងធនធានធម្មជាតិដោយក្នុងនោះមានសសរស្តម្ភទាំង ៤ គឺកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដើម្បី៖
ទី១) សម្រេចបាននូវចក្ខុវិស័យបរិស្ថាន៖ គុណភាពនិងនិរន្តរភាពបរិស្ថានត្រូវបានធានា និងកេរដំណែលធនធម្មជាតិរបស់កម្ពុជាត្រូវបានការពារនិងអភិរក្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជនគ្រប់ៗរូប និងទី២ សម្រេច បាននូវចក្ខុវិស័យនៃការអភិវឌ្ឍន៍ដោយចីរភាព៖ ការអភិវឌ្ឍគ្រប់វិស័យនៃសង្គមនិងសេដ្ឋកិច្ចកម្ពុជាដើរតាម មាគ៌ាឆ្ពោះទៅអនាគតមួយប្រកបដោយវិបុលភាពជានិរន្ត សម្រាប់ប្រជាជនគ្រប់រូបនូវបរិស្ថានល្អ និងប្រព័ន្ធអេកូឡូស៊ីរាំងមាំ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការធ្វើបច្ចុប្បន្នភាពរបាយការណ៍ ស្ថានភាពបរិស្ថានជាតិលើកទី៤នេះ ត្រូវពឹងផ្អែកលើការផ្តល់ធាតុចូល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ គាំទ្រដល់ជំពូកនីមួយៗនៃរបាយការណ៍។ ក្នុងន័យនេះ ស្ថិតិ ទិន្នន័យ និងព័ត៌មាន គឺជាធាតុចូលដែលដើរតួនាទីសំខាន់ គឺជាឆ្អឹងខ្នងនៃរបាយការណ៍។ ការរាយការណ៍អំពីស្ថានភាពបរិស្ថាន និន្នាការ ការវាយតម្លៃ ឬសេចក្តីសន្និដ្ឋាន អាចមានលក្ខណៈកាន់តែសុក្រឹត្យទៅបាន ល្គឹកណា ធាតុចូលដែលផ្តល់ឱ្យដោយសិក្ខាកាមយើងទាំងអស់ មានលក្ខណៈសម្បូរបែប មានតាមលំដាប់លំដោយពេលវេលា និងមានលក្ខណៈពិតជាក់ស្តែង។ល។
សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានរៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិ និងបានអនុវត្តការងារនេះចំនួន៣លើករួចមកហើយ។ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និងអង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការរៀបចំកសាងរបាយការណ៍ស្ថានភាពបរិស្ថាន ជាតិលើកទី៤។ របាយការណ៍នេះមានរួមបញ្ចូលនូវប្រធានបទ៖ គុណភាពខ្យល់ ការប្រែប្រួលអាកាសធាតុ ជីវចម្រុះ (ព្រៃឈើ និងសត្វព្រៃ) ទឹកសាប ដី (ការប្រើប្រាស់ដី និងគុណភាពដី) សំណល់ (សំណល់រឹង និងសំណល់រាវ) និង សុវត្ថិភាពចំណីអាហារ។ តាមផែនការ របាយការណ៍នេះគ្រោងនឹងធ្វើការបោះពុម្ពជា២ភាសា គឺជាភាសាខ្មែរ និងជាភាសា អង់គ្លេស។
ជាមួយគ្នានេះ សិក្ខាសាលា មានវាគ្មិនកិត្តិយនិងអ្នកជំនាញ ធ្វើការបង្ហាញលើប្រធានបទសំខាន់ៗទាក់ទងនឹងប្រធានបទនៃរបាយការណ៍បរិស្ថានមានដូចជាៈ បទបង្ហាញស្តីពី គុណភាពខ្យល់,
បទបង្ហាញស្តីពីការប្រែប្រួលអាកាសធាតុ ,បទបង្ហាញស្តីពី ទឹក ,បទបង្ហាញស្តីពីធនធានដី និងគុណភាពដី,បទបង្ហាញស្តីពី ជីវៈចម្រុះ ,បទបង្ហាញស្តីពី សំណល់ ,បទបង្ហាញស្តីពីសុវត្ថិភាពចំណីអាហារនៅកម្ពុជា។